អ្នកប្រដាល់កំពុងល្បីឈ្មោះ គោរមៈ ច័ន្ទរាជ្យ តាំងចិត្តដណ្ដើមខ្សែក្រវាត់ឲ្យបានក្នុងការប្រកួតឯប្រទេសវៀតណាមនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ជូនប្រជាជនកម្ពុជា និងវីរៈកងទ័ពជួរមុខផងដែរ។
កីឡាករ គោរមៈ ច័ន្ទរាជ្យ បានឲ្យដឹងថា រូបគេបានហ្វឹកហាត់ជាប់រហូតមកហើយទាំងគុនខ្មែរ និងផ្នែកគុនចម្រុះ (MMA) ដើម្បីត្រៀមលក្ខណៈសម្រាប់ការប្រកួតនៅប្រទេសវៀតណាមនេះ។ អ្នកលេងគុនខ្មែររូបនេះបានមើលវីដេអូប្រកួតរបស់ដៃគូ និងសិក្សាពីក្បាច់ រួមទាំងត្រៀមស្នៀតសម្រាប់ទប់ទល់រួចហើយ ដូច្នេះសម្រាប់ការប្រកួតនេះដាក់ក្ដីសង្ឃឹមរហូត ៧០%។
កីឡាករ Tan bo Meng (ម៉ាឡេស៊ី) រូបនេះមានកម្លាំងខ្លាំងល្អ និងពូកែខាងបោកផ្ដួល ប៉ុន្តែស្នៀតវាយលើ ឬឈរវាយមិនសូវជាល្អនោះឡើយ។ ការប្រកួតមួយនេះអាចនិយាយបានថាខ្លួននឹងព្យាយាមឈរវាយយកពិន្ទុឪ្យបានច្រើន។
កូនសិស្សលោក ហ៊ុន ច័ន្ទរាជ្យ រូបនេះបន្ថែមទៀតថា ប្ដេជ្ញាចិត្តប្រកួតឲ្យអស់ពីសមត្ថភាពដើម្បីដណ្ដើមយកជ័យជម្នះ និងស្ពាយខ្សែក្រវាត់មកកម្ពុជាវិញជូនប្រជាជនកម្ពុជា រួមទាំងវីរៈកងទ័ពជួរមុខនៅថ្ងៃទី២ ខែសីហា ២០២៥ នេះ។
បញ្ជាក់ដែរថា ក្រុមកីឡាករកម្ពុជា ៣រូបនឹងចូលរួមការប្រកួតគុនចម្រុះ (MMA) ដណ្ដើមខ្សែក្រវាត់ក្នុងកម្មវិធី GMA នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ឯទីក្រុងហាណូយ ប្រទេសវៀតណាម។ កីឡាករ គោរមៈ ច័ន្ទរាជ្យ ប៉ះ Tan bo Meng (ម៉ាឡេស៊ី)។ ក្រៅតែ គោរមៈ ច័ន្ទរាជ្យ ក៏មានកីឡាករ រិន សារ័ត្ន និង ឡុង ឡា ប្រកួតដណ្ដើមខ្សែក្រវាត់ផងដែរ៕
ប្រភព៖ KAMPUCHEATHMEY