លោក​ ជាម​ អាដាំ​ និយាយ​ពី​បច្ចេកទេស​វាយ​ដៃ​ និង​ការ​ប្រើ​កណ្ដាប់​ដៃ​របស់​ ពេជ្រ សម្បត្តិ​

អតីត​ល្បីឈ្មោះ​ និង​ឈ្នះ​ខ្សែក្រវាត់​ពាន​រង្វាន់​ជា​ច្រើន​គ្រឿង​ លោក​ ជាម​ អាដាំ​ ថា​ជំនាន់​លោក​ក៏​មិន​ជា​អ្នក​វាយ​ដៃ​ល្អណាស់​ណា​ទេ​ ប៉ុន្តែ​គ្រាន់​តែ​លោក​ចូលចិត្ត​ការ​វាយ​ខ្លី​អាច​ការពារ​ខ្លួន​បាន​លឿន​ និង​មិន​សូវ​មាន​គ្រោះ​ថ្នាក់​ក្នុង​ពេល​ប្រកួត។​

ម្ចាស់​ខ្សែក្រវាត់​ K Cement ​លោក​ ជាម​ អាដាំ​ បាន​ឲ្យ​ដឹង​ថា​ ឥលូវ​នេះ​មាន​អ្នក​វាយ​ដៃ​ល្អៗ​ច្រើន​ និង​ល្អ​ជាង​លោក​វាយ​ផង​ជាក់​ស្ដែង​ដូច​កីឡាករ​ ពេជ្រ​ សម្បត្តិ​ ជា​ដើម។​ ជំនាន់​កាល​លោក​ប្រកួត​ពេល​នោះ​គឺ​លោក​ចូលចិត្ត​វាយ​ដៃ​ខ្លី​ និង​វាយ​តែ​ពី​ខាង​ក្នុង​នោះ​ទេ។​

ជើង​ខ្លាំង​ជំនាន់​ CTN ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ការ​ដែល​លោក​វាយ​ដៃ​ខ្លី​បែប​នេះ​ទី១​ អាច​ដក​មក​ការពារ​វិញ​បាន​លឿន​ ព្រោះ​ដៃ​ដែល​វាយ​ទៅ​គេ​មិន​អស់។​ ទី២​ ការ​វាយ​ពី​ខាង​ក្នុង​ដូច​លោក​គឺ​ច្បាស់​ ត្រូវ​លើ​ដៃគូ​ច្រើន​ និង​អាច​ការពារ​មុខ​ខ្លួន​ឯង​ទៀត​នៅ​ពេល​ដៃគូ​វាយបក​ពី​ក្រៅ​មក​មិន​ចូល​ដល់​ថ្គាម។​

គ្រូ​ជំនួយ​ក្លឹប​នាគនាំសំណាងនារាយណ៍តេជៈ​ឲ្យ​ដឹង​ទៀត​ថា​ ចំពោះ​កីឡាករ​ ពេជ្រ​ សម្បត្តិ ​កណ្ដាប់​ដៃ​ល្អ​ និង​អាច​ចេញ​បាន​គ្រប់​ទម្រង់​វាយ​ដៃ​នេះ​មិន​ថា​ ខា​​វឆ្វេង-ស្ដាំ​ វាយ​ត្រង់​ វាយ​ក្រោះសេ​ វាយ​ខ្លី​ វាយ​វែង​គឺ​វាយ​បាន​ទាំង​អស់។​ ចំណុច​ល្អ​មួយ​ទៀត​នោះ​គឺ​វាយ​​ចេញ​បានច្រើន​ ដូច្នេះ​ហើយ​អ្នក​ដែល​ប៉ះ​រូប​គេ​គឺ​ពិបាក​វាយ​ជា​មួយ​ណាស់ និង​វាយ​មិន​សូវ​ទាន់​ សម្បត្តិ​ នោះ​ឡើយ។​

បញ្ជាក់​ដែរ​ថា​ លោក​ ជាម​ អាដាំ​ ជា​អតីត​អ្នក​ប្រដាល់​ល្បីឈ្មោះ​មួយ​រូប​នៅ​ជំនាន់​លោក​ ម៉ា សេរី​ ឯ​ស្ថានីយរទស្សន៍​ CTN។​ លោក​បាន​ចាកចេញ​ពី​វិស័យ​ប្រដាល់​នេះ​ប្រហែល​ជាង​ ១០​ឆ្នាំ​មក​ហើយ។​ បច្ចុប្បន្ន​លោក​ជា​គ្រូ​ជំនួយ​នៅ​ក្លឹប​នាគនាំសំណាងនារាយណ៍តេជៈ​ របស់​លោក​ ឡុង​ សវណ្ណឌឿន៕​

ប្រភព៖ KAMPUCHEATHEMY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top