Luke Shaw សរសើរលោក Amorim ដែលអាចស្តារស្មារតីរួមកីឡាករបិសាចមក​វិញ ក្រោយ ​បាត់​បង់ជាង១២ឆ្នាំ

ក្លិប Manchester United ចាយពេលវេលាជាង១២ឆ្នាំ បែកបាក់ស្មារតីរួចក្នុងក្រុម ចាប់តាំង​ពីការចាកចេញរបស់លោក Sir Alex Ferguson អ្នកចាត់ការដ៏អស្ចារ្យបំផុតក្នុងប្រវត្តិ​សាស្ត្រ កាលពីឆ្នាំ២០១៣មក។ ស្របពេលក្រុមរហស្សនាមបិសាចក្រហម​ ត្រៀមខ្លួន​សម្រាប់​ប្រកួតប្រជែងរដូវកាលថ្មី ខ្សែការពារ Luke Shaw បានចេញមុខអះអាងថា អ្នកចាត់ការក្រុម​ថ្មី​ លោក ​Ruben Amorim មានចំណុចពិសេស អាចស្តារស្មារតីរួមក្រុមល្អខ្លាំងឡើងវិញ ក្រោយក្រុម​បាត់បង់សាមគ្គីភាព​ អស់ពេលជាង១២ឆ្នាំ។

Man Utd ទើបតែបង្ហាញខ្លួនប្រកួតលើក២ប៉ុណ្ណោះ ក្នុងការប្រកួតមិត្តភាពកម្តៅ​សាច់ដុំ​ត្រៀម​បើក​រដូវកាលថ្មី លើទឹកដីអាម៉េរិក ប៉ុន្តែទម្រង់លេងដ៏ល្អរបស់ក្រុម យកឈ្នះការ​ប្រកួត​ជាប់ៗគ្នា ធ្វើឱ្យមនុស្សជាច្រើន​សម្លឹក​មើលលើការពង្រឹងសមត្ថភាពល្អជាថ្មី​ឡើងវិញ​របស់ក្រុមអង់គ្លេសមួយនេះ។ រដូវកាលមុន Man Utd ធ្លាក់ទម្រង់លេងខ្លាំងរហូតឈរ​ចំណាត់ថ្នាក់លេខ១៥ នៅតារាង Premier League។

ចប់រដូវកាល ២០២៤-២៥ ភ្លាម ​ការផ្លាស់ប្តូរប្រព័ន្ធលេងក្នុងក្រុម ជាពិសេសកីឡាករ ជា​រឿង​​ត្រូវធ្វើដំបូងគេបង្អស់ និងជាតម្រូវការចាំបាច់ របស់អ្នកចាត់ក្រុមសញ្ជាតិព័រទុយហ្កាល់ ។ មកដល់ពេលនេះ លទ្ធផលចាប់ផ្តើមបង្ហាញបណ្តើរៗ។

ដំបូងឡើយ កីឡាករ៥រូប មានភាពចម្រូងចម្រាសជាមួយ​ក្លិប ត្រូវបានដកឈ្មោះចេញពី​បញ្ជី​ក្រុម ហើយបើកឱកាសឱ្យស្វែងរកក្លិបថ្មី ក្នុងនោះរួមមាន Jadon Sancho, Marcus Rashford ផ្លាស់ទៅ Barcelona, Tyrell Malacia, Alejandro Garnacho និង Antony។ កីឡា​ករ​ណា ដែលពុំទាន់អាចរកក្លិបថ្មីបាន ពួកគេតម្រូវឱ្យហ្វឹកហាត់តែឯង ក្នុងទីលាន​ហ្វឹកហាត់​របស់ក្រុម ក្រោយពេលក្រុមឈុតធំហ្វឹកហាត់រួច។

​ឆ្លើយតបនឹងការដកឈ្មោះកីឡាករទាំង៥រូប មិនសំខាន់ចោល និងធ្វើឱ្យស្មារតីក្រុមធ្លាក់ចុះ លោក Amorim បាននាំចូលកីឡាករលេចធ្លោ២រូប មានខ្សែបម្រើប្រយុទ្ធ Matheus Cunha និង Bryan Mbeumo បានបង្ហាញសមត្ថភាពដ៏ភ្ញាក់ផ្អើលនៅក្រុមថ្មី ទាំងនៅការហ្វឹកហាត់ និងក្នុងពេលប្រកួត។

ក្រៅពីការពង្រឹងសមត្ថភាពក្រុម ទាំងផ្លូវចិត្ត កម្លាំងកាយត្រឡប់មកវិញ និងរួមបញ្ចូលទាំង​ប្រព័ន្ធលេង​ដ៏ស៊ី​ចង្វាក់ សហការគ្នាយ៉ាងល្អ រឿងមួយដ៏ពិសេសបានកើតមានក្នុងក្រុម ហើយ​ត្រូវបានគេកត់សម្គាលឃើញនោះ គឺការតាំងចិត្ត និងស្មារតីរួមជាក្រុម។

ត្រង់ចំណុចនេះ ខ្សែការពារ Luke Shaw បានចេញមុខអះអាងថា ការដឹកនាំរបស់លោក Amorim បានបង្រួបបង្រួមស្មារតីក្រុមឱ្យត្រឡប់មកវិញ បន្ទាប់ពីក្រុមបានបាត់​បង់តាំងពី​ជំនាន់នៃការចាកចេញរបស់ លោក Sir Alex Ferguson មក។ រយៈពេលជាង ១២ឆ្នាំ Man Utd ជួបបញ្ហាប្រព័ន្ធលេងក្រុម ហើយពុំដែលអាចប្រជែងឈ្នះពានរង្វាន់ Premier League បានឡើយ ចាប់តាំងពីឆ្នាំ២០១៣ ជាពេលក្រុមឈ្នះលើកចុងក្រោយបង្អស់ ហើយស្ថិត​ក្រោមការដឹកនាំរបស់លោក Sir Alex Ferguson កំពូលអ្នកចាត់ការក្រុមដ៏អស្ចារ្យក្នុង​ប្រវត្តិសាស្ត្របាល់ទាត់។

Luke Shaw បាននិយាយសរសើរដល់ការដឹកនាំរបស់លោក Amorim ទាក់ទងនឹងការស្តារ​ស្មារតីរួ​មក្រុ​​មឡើងវិញដូច្នេះថា៖ «ចិត្តគំនិតរបស់គាត់ ការទាមទាររបស់គាត់ ព្រមទាំងការ​គិត​វែងឆ្ងាយមកលើក្រុមមួយនេះ ខ្ញុំគិតថា​គាត់នឹងមិននៅស្ងៀម​ឱ្យរឿងដដែលៗកើតឡើង​ឡើយ។ ពេលនេះមិនមានបញ្ហាជាប់គាំង ឬការធ្លាក់ចុះស្មារតី ទឹកចិត្តក្នុងក្រុមទៀតឡើយ​​គ្មាន​​ទៀតទេ។ ហើយគ្រប់គ្នាពេលនេះ ខ្ញុំផ្តោតលើក្រុមរួម​តែមួយ គាត់បានធ្វើឱ្យស្មារតីរួម​ក្នុង​ក្រុមយើងកើតឡើងវិញ ហើយមានភាពច្បាស់លាស់ណាស់។ […] ក្រុមកីឡាករទាំង​អស់ បានទទួលយកគំនិតគាត់ ហើយគាំទ្រគាត់ជានិច្ច។»។

ដោយឡែកខ្សែការពារ Luke Shaw វ័យ ៣០ឆ្នាំ នៅការប្រកួតមិត្តភាព ២លើក លើទឹកដី​អាម៉េរិក គេតែងបង្ហាញខ្លួននៅជម្រើស១១នាក់ដំបូង ហើយបំពេញតួនាទីបានយ៉ាងល្អ សហការជាមួយនឹងកីឡាករចំណូលថ្មី ក៏ដូចជាមិត្តរួមក្រុមចាស់ពីមុន ដើម្បីស្វែងជ័យជម្នះ​ឱ្យ​ក្រុម។ ជាលទ្ធផល ២ប្រកួតទល់នឹងក្រុមមកពីក្របខណ្ឌ Premier League ដូចគ្នា នៅ​ក្នុងពានមិត្តភាព Premier League Summer Serie លើទឹកដីអាម៉េរិក ក្រុម Man Utd យក​ឈ្នះការប្រកួតជាប់ៗគ្នា។

ប្រភព៖​​ ThmeyThmey

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top