ក្លិបបាល់ទាត់ព្រះខ័នរាជស្វាងរៀង បានប្រកាសនាំចូលកីឡាករបរទេសថ្មីម្នាក់ទៀត នៅថ្ងៃ ព្រហស្បតិ៍ ទី ៣១ ខែ កក្កដា ឆ្នាំ ២០២៥ គឺកីឡាករជនជាតិ ម៉ារ៉ុក សញ្ជាតិ ហូល្លង់ Faris Hammouti។
Faris Hammouti អាយុ ២៨ឆ្នាំ ដែលលេងតួនាទីជាខ្សែការពារស្លាបស្តាំ ធ្លាប់មានបទពិសោធជោគជាំ ក្នុងការលេងនៅលីគក្នុងប្រទេស ហូល្លង់។ រូបគេបានចាប់ផ្តើមអាជីពដំបូងជាយុវជនថ្នាលរបស់ក្លិប Feyenoord។ លុះដល់ឆ្នាំ ២០១៧ រូបគេបានផ្លាស់ទៅកាន់ក្លិបក្នុងលីគទី ២ ហូល្លង់ Amere City ពីឆ្នាំ ២០១៧ ដល់ ២០២២។
ក្រោយមក រូបគេបានផ្លាស់ទៅចូលរួមជាមួយក្លិប FC Den Bosch ២ រដូវកាលពីឆ្នាំ ២០២២ ដល់ ២០២៤។ បន្ទាប់មកទៀតនៅរដូវកាល ២០២៤-២០២៥ រូបគេបានផ្លាស់ទៅកាន់ក្លិប FC Emmen ក្នុងលីគទី ២ ហូល្លង់ មួយរដូវកាល មុនផ្លាស់មកកាន់ក្លិប ព្រះខ័នរាជស្វាយរៀង នៅរដូវកាលនេះ។
គួរឱ្យដឹងថា ក្លិបព្រះខ័នរាជស្វាយរៀង បានបំពេញលក្ខខណ្ឌនាំចូលកីឡាករបរទេសគ្រប់ ៦ នាក់រួចរាល់ហើយសម្រាប់ការប្រកួតប្រជែងពានលីគកំពូលកម្ពុជា Cambodian Premier League និងពានសម្តេចតេជោ ហ៊ុន សែន ប៉ុន្តែការនាំចូលកីឡាករ Faris Hammouti ម្នាក់ទៀត គឺដើម្បីត្រៀមលេងពានអន្តរជាតិដូចជា AFC Challenge League និងពាន ASEAN Club Championship Shopee Cup៕
ប្រភព៖ KAMPUCHEA THMEY