លោក Koji Gyotoku ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាផ្តល់ភារកិច្ចឲ្យដឹកនាំ ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា ទៅប្រកួតជើងឯកនារីអាស៊ាន ASEAN MSIC Serenity Cup 2025 នៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី៦ ដល់ទី១៩ ខែសីហា ឆ្នាំ២០២៥។
តាមរយៈការទទួលបានភារកិច្ចថ្មីបន្ថែមទៀតនេះសបញ្ជាក់ឲ្យឃើញថា បុរសជនជាតិជប៉ុនជាគ្រូបង្វឹកដែលមានកំណត់ត្រាក្នុងការដឹកនាំក្រុមបាល់ទាត់កម្ពុជាច្រើនបំផុត។ លោកបានចូលមកធ្វើការផ្នែកគ្រូបង្វឹកបាល់ទាត់នៅកម្ពុជាកាលពីឆ្នាំ ២០១៩។ ពេលនោះ លោកជាគ្រូបង្វឹកក្រុមបាល់ទាត់យុវជនកម្ពុជាអាយុ ១៥ឆ្នាំ ១៨ឆ្នាំ និង ២០ឆ្នាំ។
លោក Koji បានដឹកនាំក្រុមយុវជនកម្ពុជាអាយុ ២០ ឆ្នាំ ដោយបានបង្កើតកំណត់ត្រាជាប្រវត្តិសាស្ត្រលើកដំបូងក្នុងការឡើងទៅជុំចុងក្រោយពានយុវជនអាស៊ី AFC U20 Asian Cup ឆ្នាំ ២០២០ ប៉ុន្តែដោយសារវិបត្តិកូវីដ-១៩ ទើបការប្រកួតជុំចុងក្រោយនៅប្រទេសអ៊ូបេគីស្ថានត្រូវបានលុបចោល។
ឆ្នាំ ២០២៤ លោកត្រូវបានប្រគល់ភារកិច្ចដឹកនាំក្រុមយុវជនអាយុ ១៦ឆ្នាំ និង ២០ឆ្នាំទៀត។ លោកបានដឹកនាំក្រុម U16 កម្ពុជាមិនចាញ់សោះក្នុងវគ្គជម្រុះក្នុងពូល ពានយុវជនអាស៊ាន ASEAN U16 Championship នៅប្រទេសឥណ្ឌូណេស៊ី និងដឹកនាំក្រុម U20 កម្ពុជាក្នុងពានរង្វាន់អាស៊ី AFC U20 Asian Cup ក្នុងខែកញ្ញា នៅឆាយនីស តៃប៉ិ។
នៅខែកញ្ញា ឆ្នាំ ២០២៤ ដដែល លោក Koji Gyotoku ត្រូវបានតែងតាំងជាគ្រូបង្គោលដើម្បីដឹកនាំក្រុមធំជម្រើសជាតិលើកដំបូង។ លោកបានដឹកនាំប្រកួតអន្តរជាតិលើកដំបូងជាមួយ ក្រុមឆាយនីតៃប៉ិ និង ហុងកុង មុនពេលដឹកនាំក្នុងពានរង្វាន់ផ្លូវការ AFF Championship ចុងឆ្នាំ ២០២៤។ លោកបានដឹកនាំការប្រកួតមិត្តភាពអន្តរជាតិជាបន្តបន្ទាប់ទៀត។
ស្របពេលក្រុមធំជម្រើសជាតិកម្ពុជាគ្មានការប្រកួតពានរង្វាន់ផ្លូវការក្នុងឆ្នាំ ២០២៥ លោកត្រូវបានផ្តល់អាទិភាពឲ្យដឹកនាំក្រុម U23 កម្ពុជាដើម្បីចូលរួមប្រកួតព្រឹត្តិការណ៍អន្តរជាតិ ៣ ផ្សេងគ្នា គឺ ពានរង្វាន់ ASEAN U23 Championshiop នៅប្រទេសឥណ្ឌូណេស៊ី កាលពីខែកក្កដា ជម្រុះពានយុវជនអាស៊ី AFC U23 Asian Cup នៅកម្ពុជា នៅខែកញ្ញាខាងមុខ និងចុងឆ្នាំនេះក្នុងកីឡាស៊ីហ្គេម នៅប្រទេសថៃ។
ព្រឹត្តិការណ៍អន្តរជាតិ ២ សម្រាប់ក្រុម U23 កម្ពុជាមិនទាន់មកដល់ លោក Koji Gyotoku ត្រូវបានផ្តល់ភារកិច្ចឲ្យដឹកនាំក្រុមនារីកម្ពុជា ASEAN MSIC Serenity Cup 2025 នៅប្រទេសវៀតណាមទៀត។
សរុបសេចក្តីទៅ លោកគ្រូបង្វឹកជប៉ុនរូបនេះបានដឹកនាំក្រុមបាល់ទាត់កម្ពុជាគ្រប់កម្រិតផ្នែកបុរសមានដូចជា ក្រុម U16, U18, U20, U23 និងក្រុមធំ ហើយឥឡូវនេះក្រុមជម្រើសជាតិនារីថែមទៀត៕
ប្រភព៖ KAMPUCHEA THMEY