កូនប្រុសលោកត្រាំ អះអាងថាក្លិប Chelsea អញ្ជើញឪពុកខ្លួនឱ្យលើកពាន CWC ជាមួយ

លោក Eric Trump ត្រូវជាកូនប្រុសរបស់លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ អះអាងថាក្លិប Chelsea អញ្ជើញឪពុកខ្លួនឱ្យចូលរួមលើកពានរង្វាន់ FIFA Club World Cup ឆ្នាំ ២០២៥ ដែលដណ្តើមបានពីក្រុម Paris Saint Germain នៅធ្វើពិធីប្រគល់មេដាយ និងពានរង្វាន់ កាលពីថ្ងៃទី១៣ ខែកក្កដា កន្លងទៅ។

ការអញ្ជើញនេះ គឺក្រោយពេលក្រុមរហស្សនាមតោខៀវ បានផ្តល់ជើងខ្លាំងបារាំង Paris Saint Germain លទ្ធផល ៣-០ ក្នុងជំនួបផ្តាច់ព្រ័ត្រធ្វើឡើងនៅកីឡដ្ឋាន MetLife កាលពីថ្ងៃទី១៣ កក្កដា ឆ្នាំ២០២៥។ ក្រុមមកពីអង់គ្លេស បានគ្រងជើងឯកជាម្ចាស់ពានរង្វាន់ពិភពលោក ហើយត្រូវបានទទួលស្គាល់ថា ជាក្រុមដំបូងគេបង្អស់ដែលឈ្នះពាន ​CWC ដែលកែប្រែរូបមន្តប្រកួតថ្មី។

បន្ទាប់ពីបញ្ចប់ការប្រកួត ពិធីប្រគល់ពានរង្វាន់ក៏ចូលមកដល់ លោក Gianni Infantino និងលោក ត្រាំ បានចូលរួមប្រគល់ពានដោយផ្ទាល់ អមដោយប្រធានក្លិប Chelsea លោក Todd Boehly មហាសេដ្ឋីអាម៉េរិកជាម្ចាស់ក្លិប។ ពេលនោះ​ប្រធាន FIFA និងលោក ត្រាំ ប្រធានាធិបតីអាម៉េរិក បានលើកពានរង្វាន់ CWC ទៅប្រគល់ឱ្យកីឡាករ Reece James ជាប្រធានក្រុម ដើម្បីលើកអបអរ ។ រឿងគួរឱ្យចាប់អារម្មណ៍ នោះគឺលោក ត្រាំ ឈរអបអរ និងលើកពានរង្វាន់ជាមួយក្រុមកីឡាករ Chelsea ដោយពុំបានចាកចេញពីឆាកកម្មវិធីភ្លាមៗឡើយ។

ក្រុមកីឡាករ Chelsea រួមមានប្រធានក្រុម កីឡាករ Reece James និង Cole Palmer កីឡាករល្អប្រចាំការប្រកួត ក្រោយមកបង្ហាញភាពភ្ញាក់ផ្អើល ដែលរាល់ដងការលើកពានគឺតម្រូវតែក្រុមកីឡាករតែប៉ុណ្ណោះ ប៉ុន្តែវត្តមានលោក ត្រាំ ពេលនោះ ក៏បានធ្វើឱ្យពួកគេស្រឡាំងកាំង។

យ៉ាងណាមិញ ពេលថ្មីៗនេះ កូនប្រុសរបស់លោក ដូណាល់ ត្រាំ គឺលោក Eric បានចេញមុខមកអះអាងប្រាប់កាសែតទូរទស្សន៍ BBC Sports ដូច្នេះថា៖«​ល្អណាស់ សូមស្តាប់គាត់ជាមេបញ្ជាការនៅសហរដ្ឋអាម៉េរិកនេះផ្ទាល់។ ក្លិប Chelsea បានអញ្ជើញគាត់(លោក ដូណាល់ ត្រាំ)ទៅលើឆាកវេទិកា ព្រោះពួកគេនិយាយថាវានឹងក្លាយជាការផ្តល់កិត្តិយដ៏អស្ចារ្យបំផុតមួយនៅក្នុងជីវិតរបស់ពួកគេ។ ក្រៅពី FIFA ក្រុមដែលឈ្នះក៏បានអញ្ជើញគាត់ ព្រោះតែវានឹងក្លាយជាមហាកិត្តិយសពេលប្រធានាធិបតីអាម៉េរិកប្រគល់ពានដោយផ្ទាល់ទៅពួកគេ។ […]»។

គូសបញ្ជាក់ថា ក្រុម Chelsea ដែលបានគ្រងជើងឯក Club World Cup ឆ្នាំ ២០២៥ រកបានប្រាក់រង្វាន់ប្រមាណជិត ១៥០លានដុល្លារពីការប្រកួត ខណៈបច្ចុប្បន្ន Chelsea កំពុងសម្រាករយៈពេលខ្លី មុនពេលវិលត្រឡប់ប្រមូលផ្តុំគ្នាឡើងវិញ ត្រៀមខ្លួនសម្រាប់ការប្រកួតរដូវកាលថ្មី ២០២៥-២០២៦ ចូលមកដល់ពេលខាងមុខ៕​​

ប្រភព៖ ThmeyThmey

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top