លោក ហ៊ុន ច័ន្ទរាជ្យ សង្ឃឹម​លើ គោរមៈ, សារ័ត្ន និង ឡុង ឡា ឈ្នះខ្សែក្រវាត់នៅវៀតណាម

(ភ្នំពេញ)៖ គ្រូបង្វឹកក្លឹបប្រដាល់ Cambodian Top Team លោក ហ៊ុន ច័ន្ទរាជ្យ ជឿជាក់លើសិស្សទាំង ៣នាក់ ដែលមាន គោរមៈ ច័ន្ទរាជ្យ, រិន សារ័ត្ន និង ឡុង ឡា នឹងឈ្នះខ្សែក្រវាត់គុនចម្រុះ GMA ទាំង៣នាក់តែម្ដងក្នុងការប្រកួតនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ប្រទេសវៀតណាម។

លោក ហ៊ុន ច័ន្ទរាជ្យ បានឲ្យដឹងថា លោកសង្ឃឹមជឿជាក់លើកូនសិស្សទាំង៣នាក់នឹងឈ្នះខ្សែក្រវាត់ទាំងអស់គ្នានៅថ្ងៃទី២ សីហា ស្អែកនេះ។ ដោយសារកូនសិស្សរបស់លោកបានហ្វឹកហាត់ត្រៀមខ្លួនបានល្អ និងមើលឃើញពីចំណុចខ្លាំង។

និយាយពីការធ្វើដំណើរ និងការថ្លឹងទម្ងន់ គឺរលូនល្អមិនមានចោទជាបញ្ហាអ្វីនោះឡើយ ពោលកីឡាករកម្ពុជាទាំង៣នាក់ខំប្រឹងរហូតដល់ខ្វះគីឡូទៅវិញផង។ ការស្នាក់នៅហូបចុក និងហ្វឹកហាត់សមគឺដំណើរការល្អត្រៀមតែការប្រកួតមកដល់ប៉ុណ្ណោះ។

គ្រូបង្វឹករូបនេះសំណូមពរដល់ប្រជាជនខ្មែរដែលស្រឡាញ់គាំទ្រសូមចូលទៅទស្សនាតាមការឡាយ និង Comment ជាទង់ជាតិខ្មែរក្នុងផេក GMA-Gods of Martial Arts ឲ្យបានច្រើនបញ្ជាក់ពីការគាំទ្រគុនខ្មែរ គាំទ្រកីឡាករខ្មែរ ក្នុងព្រឹត្តិការណ៍ធំនៅប្រទេសវៀតណាមលើកនេះ។

បញ្ជាក់ដែរថា ការប្រកួតដណ្ដើមខ្សែក្រវាត់របស់កីឡាករកម្ពុជាទាំង ៣ រូបរួមមាន កីឡាករ គោរមៈ ច័ន្ទរាជ្យ ប៉ះ Tan bo Meng (ម៉ាឡេស៊ី), រិន សារ័ត្ន ប៉ះ Chayut Rojianakat (ថៃ), ឡុង ឡលា ប៉ះ Terenz Tan (ម៉ាឡេស៊ី)។ ការប្រកួតនេះនឹងធ្វើនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ចាប់ពីម៉ោង ៧យប់តទៅ៕

ប្រភព៖ KAMPUCHEA THMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top