Premier League បដិសេធមិនបន្ថយក្រុមមកនៅត្រឹម ១៨ឡើយ ចំពោះភាពតានតឹងជាមួយ FIFA

(ឡុងដ៍)៖ ក្របខណ្ឌបាល់ទាត់លីគកំពូលអង់គ្លេស Premier League នឹងមិនកាត់បន្ថយចំនួនបច្ចុប្បន្នពី ២០មកនៅត្រឹម ១៨ក្រុមឡើយ។ នេះបើយោងតាមការឱ្យដឹងពីប្រធាននាយកប្រតិបត្តិលីគ លោក Richard Masters បើទោះបីកំពុងស្ថិតក្នុងភាពតានតឹងជាមួយ FIFA ជុំវិញប្រក្រតិទិនប្រកួតដ៏មមាញឺកក៏ដោយ។

លីគអាជីពអង់គ្លេសនឹងចាប់ផ្តើមរដូវកាលថ្មីឆ្នាំ២០២៥-២៦ នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ពោលគឺនៅសល់តែ ១១ខែទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2026 នៅអាមេរិក មិចស៊ិក និងកាណាដាមកដល់។

ទោះជាយ៉ាងណា លោក Masters បានថ្លែងថា «ខ្ញុំពិតជារីករាយចំពោះកំណើននៃការប្រកួត ដោយមានក្លិបរបស់ពួកយើងចូលរួម។ គិតចាប់ពីឆ្នាំ១៩៩៤ Premier League មាន ៣៨០ប្រកួតជារៀងរាល់រដូវកាល ដោយមាន ២០ក្លិបប្រកួតប្រជែង ដោយពួកយើងពុំដែលមានការផ្លាស់ប្តូរម្តងណាឡើយ»

កាលពីឆ្នាំទៅ ម្ចាស់ពានបាល់មាស Ballon dÓr ខ្សែបម្រើ Rodri មកពីក្លិបមេឃខៀវ Manchester City បានលើកឡើងថា កីឡាករកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកហានិភ័យ ក៏ព្រោះតែកម្មវិធីប្រកួតច្រើនពេក ស្ទើររកពេលសម្រាកគ្មាន។

ប្រការនេះ លីគកំពូលបារាំង Ligue 1 បានសម្រេចកាត់បន្ថយក្រុមពី ២០ មកនៅ ១៨ក្លិបវិញចាប់ពីរដូវកាលឆ្នាំ២០២៣-២៤ មកដល់បច្ចុប្បន្ន គ្រាដែលលោក Masters បានថ្លែងប្រាប់ BBC Sport ថា «ខ្ញុំមិនគិតថា យើងគួរតែបង្ខំចិត្តសម្រេចចិត្តធ្វើបែបនោះទេ»

ប្រភព៖ FRESH NEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top