មុនក្លាយជាកីឡាករអាជីព សឿត បារាំង ជម្នះ​នឹងការ​មិន​សូវគាំទ្រពីគ្រួសារ

ខ្សែការពារចំណូលថ្មីរបស់ក្លិប ព្រះខ័នរាជស្វាយរៀង សឿត បារាំង បានទម្លាយរឿងរ៉ាវពីក្មេងរបស់ខ្លួន មុនពេលក្លាយជាកីឡាករបាល់ទាត់អាជីព គឺគ្រួសាររបស់គេមិន​សូវ​គាំទ្រឱ្យគេចូលលេងបាល់ទាត់ឡើយ។

ថ្លែងនៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន «កម្ពុជាថ្មី» ខ្សែការពារស្លាបឆ្វេងវ័យ ២៥ ឆ្នាំបាននិយាយថា៖ «និយាយដោយស្មោះត្រង់ទៅ ក្រុមគ្រួសាររបស់ខ្ញុំ មិនដែលគាំទ្រឱ្យខ្ញុំលេងបាល់ទាត់ទេ។ ប៉ុន្តែដោយសារក្តីស្រឡាញ់ និងការជំនះរបស់ខ្ញុំ ទើបពួកគាត់សម្រេចចិត្តឱ្យខ្ញុំចូលលេងបាល់ទាត់។ ខ្ញុំបានផ្លាស់ប្តូរពួកគាត់ ១៨០ ដឺក្រេ តាំងពីពួកគាត់មិនដែលគាំទ្រខ្ញុំ រហូតធ្វើឱ្យពួកគាត់ជម្រុញខ្ញុំបន្ថែមវិញ»

សឿត បារាំង បានបន្តទៀតថា៖ «ពីមុនខ្ញុំមិនទាន់គិតថាចង់ក្លាយជាកីឡាករអាជីពទេ ខ្ញុំគ្រាន់តែទៅលេងដើម្បីសប្បាយនៅតាមភូមិ។ រាល់ពេលដែលខ្ញុំទៅលេង គ្រួសារតែងតែទៅហៅខ្ញុំត្រឡប់មកវិញរហូត មានន័យថាគាត់អត់ចង់ឱ្យយើងលេងទេ ដោយសារក្នុងគ្រួសាររបស់ខ្ញុំ មានតែខ្ញុំម្នាក់ទេ ដែលជាប្រុស ហើយបងប្អូនខ្ញុំសុទ្ធតែស្រី»

តាមរយៈការលើកឡើងខាងលើ គឺសឿត បារាំង ប្រឹងជំនះខ្លាំងមែនទែន មុនក្លាយជាកីឡាករបាល់ទាត់អាជីពដូចសព្វថ្ងៃ។ រូបគេមិនដែលទទួលបានការគាំទ្រពីគ្រួសារឡើយ អំឡុងពេលរូបគេនៅក្មេង។ ជាពិសេស រាល់ពេលដែលរូបគេទៅលេងបាល់នៅតាមភូមិម្តងៗ គឺតែងតែគ្រួសារទៅហៅឱ្យត្រឡប់មកវិញ។

មូលហេតុធំ ដែលគ្រួសាររបស់គាត់មិនគាំទ្រចង់ឱ្យគាត់ក្លាយជាកីឡាករបាល់ទាត់ ព្រោះនៅក្នុងគ្រួសាររបស់គាត់ គឺមានតែគាត់ម្នាក់ប៉ុណ្ណោះ ដែលជាកូនប្រុសស្នងត្រកូល ហើយម្យ៉ាងពួកគាត់មានបំណងចង់ឱ្យ បារាំង ធ្វើការងារផ្សេងវិញ។ យ៉ាងណា គាត់នៅតែមានគោលដៅច្បាស់លាស់ និងប្រឹងជំនះគ្រប់យ៉ាង រហូតចុងក្រោយ គាត់បានផ្លាស់ប្តូរផ្នត់គំនិតគ្រួសារគាត់ ១៨០ ដឺក្រេ ដោយពីកាមិនគាំទ្រសោះ រហូតធ្វើឱ្យពួកគាត់មកជំរុញគាត់ឱ្យលេងបាល់ទាត់ឡើងវិញ។

គួរឱ្យដឹងថា សឿត បារាំង គឺជាកីឡាករម្នាក់ ដែលមានដើមកំណើតមកពីខេត្តសៀមរាប ហើយរូបគេបានចូលលេងបាល់ទាត់ដំបូងនៅឆ្នាំ ២០១១ ដែលពេលនោះជាថ្នាលរបស់ក្រុមភ្នំពេញក្រោន។ លុះក្រោយមកនៅឆ្នាំ ២០១៦ រូបគេត្រូវបានក្លិបតម្លើងមកកាន់ក្រុមធំ។ នៅឆ្នាំ ២០២០ រូបគេត្រូវបានក្លិបដាក់ឱ្យក្លិប អង្គរថាយហ្គើរ ខ្ចីជើងមួយរដូវកាល មុនត្រឡប់មកវិញ និងនៅរដូវកាលនេះ ២០២៥-២០២៦ បានផ្លាស់មកកាន់ក្លិប ព្រះខ័នរាជស្វាយរៀង៕

ប្រភព៖ KAMPUCHEA THMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top