តើ Yuji Nishida ចូលនិវត្តន៍ពីក្រុមបាល់ទះជម្រើសជាតិ ជប៉ុន មែនទេ? នេះ ជាសំណួរ ដែលអ្នកគាំទ្របានចោទសួរខ្លាំង បន្ទាប់ពីស្មាត់ឆ្វេងរូបនេះ បានអវត្តមានពីក្រុមជម្រើសជាតិ ជប៉ុន ក្នុងឆ្នាំ ២០២៥ និងនៅក្នុងការប្រកួតពានរង្វាន់លីគបាល់ទះពិភពលោក FIVB Men’s Volleyball Nations League។
ការបាត់មុខរបស់ Yuji Nishida ក្នុងពាន FIVB Men’s Volleyball Nations League កំពុងក្លាយជាមន្ទិលសម្រាប់អ្នកគាំទ្រខ្លាំងមែនទែន ដោយមានពាក្យចចាមអារ៉ាមមួយចំនួនបានអះអាងថា កីឡាករវ័យ ២៥ ឆ្នាំ កម្ពស់ ១.៨៦ ម៉ែត្ររូបនេះបានចូលនិវត្តន៍ពីក្រុមជម្រើសជាតិហើយ។
ទោះបីជាយ៉ាងណា តាមរយៈប្រភពពី Volleytrails និង Volleyballworld បានឱ្យដឹងថា Yuji Nishida មិនទាន់ចូលនិវត្តន៍ពីក្រុមបាល់ទះ ជប៉ុន នោះទេ។ មូលហេតុពិតដែល អវត្តមានពីក្រុមបាល់ទះ ជប៉ុន នៅក្នុងពាន FIVB Men’s Volleyball Nations League ២០២៥ ដោយសារគាត់ស្នើសុំសម្រាកពីក្រុមជម្រើសជាតិរយៈពេល ១ ឆ្នាំ ដើម្បីស្តារកាយសម្បទា ស្មារតី និងសមត្ថភាពរបស់ខ្លួនឡើងវិញ។ ម្យ៉ាងទៀត គាត់ចង់ចំណាយពេលវេលាឱ្យបានច្រើនជាមួយភរិយារបស់គាត់អ្នកនាង Sarina Koga ដែលទើបចូលនិវត្តន៍ពីក្រុមជម្រើសជាតិ ជប៉ុន។
ពាក់ព័ន្ធនឹងរឿងនេះដែរ Nishida បាននិយាយថា៖ «សម្រាប់អនាគតរបស់ខ្ញុំជាមួយក្រុមជម្រើសជាតិ ជប៉ុន ខ្ញុំបានសម្រេចចិត្ត ថា នឹងសម្រាករយៈពេល ១ ឆ្នាំ។…ខ្ញុំគិតថា ប្រសិនបើខ្ញុំមិនចំណាយពេលដើម្បីស្តារខ្លួនឯងឡើងវិញទាំងផ្លូវកាយ ផ្លូវចិត្ត និងសមត្ថភាពនៃការលេងរបស់ខ្ញុំទេ នោះខ្ញុំនឹងគ្មានអនាគតឡើយ»។
ការសម្រេចចិត្តនេះ បានកើតឡើង បន្ទាប់ពីរូបគេបង្ហាញខ្លួនលើកចុងក្រោយជាមួយក្រុមបាល់ទះជម្រើសជាតិ ជប៉ុន ក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ២០២៤ នៅប្រទេស បារាំង។ ម្យ៉ាងទៀត គាត់ចង់ចំណាយពេលវេលានេះ ដើម្បីព្យាបាលរបួសរបស់គាត់ ដែលបានជួបប្រទះតាំងពីឆ្នាំ ២០២៣។
គួរបញ្ជាក់ថា Yuji Nishida នៅតែគ្រូបង្វឹកលោក Laurent Tillie បញ្ចូលឈ្មោះនៅក្នុងក្រុមជម្រើសជាតិ ជប៉ុន សម្រាប់ឆ្នាំ ២០២៥ ទោះបីជារូបគេមិនបានចូលរួមប្រកួតជាមួយក្រុមក៏ដោយ។ ដោយឡែកនៅក្នុងពាន Nations League ក្រុមជប៉ុន បានហាលអាវត្រឡប់ទៅផ្ទះវិញហើយ បន្ទាប់ពីចាញ់ក្រុមជម្រើសជាតិ ប៉ូឡូញ នៅវគ្គ ៨ ក្រុមចុងក្រោយក្នុងលទ្ធផល ៣ សិត ០។
ប្រភព៖ KAMPUCHEATHM