លីគបាត់ទាត់នារី៖ ភ្នំពេញក្រោន ឈ្នះទាំង៤ប្រកួត ដោយមិនរបូតគ្រាប់ស៊ុតបញ្ចូលទី

គិតត្រឹមសប្ដាហ៍ទី៤ នៃពានរង្វាន់លីគនារីកម្ពុជា ឆ្នាំ២០២៥ ភ្នំពេញក្រោន ឈ្នះ ៤ប្រកួត និងមិនទាន់មានក្រុមណា បានស៊ុតបញ្ជូលទីក្រុមនេះឡើយ។ ភ្នំពេញក្រោន កំពុងស្ថិតនៅចំណាត់ថ្នាក់ទី១ ជាមួយគ្រាប់បាល់ស៊ុតបញ្ចូលទី ៣៧គ្រាប់ និងមិនរបូតគ្រាប់សោះ។

ក្រុមបាល់ទាត់នារីភ្នំពេញក្រោន បន្ដនៅចំណាត់ថ្នាក់លេខ១ និងមាន១២ពិន្ទុ។ ការប្រកួតចុងក្រោយ ក្នុងសប្ដាហ៍ទី៤ ក្រុមនារីនេះ បានយកឈ្នះ ក្រុមបាល់ទាត់សៀមរាប លទ្ធផល៤-០ នៅកីឡដ្ឋានខេត្តសៀមរាប កាលពីថ្ងៃទី២០ កក្កដា ឆ្នាំ២០២៥។

លីគនារីកម្ពុជា នឹងត្រូវសម្រាក ៤សប្ដាហ៍ ដោយត្រូវចាប់ផ្ដើមប្រកួតវិញ សប្ដាហ៍ទី៥ នៅថ្ងៃទី២៣ និងថ្ងៃទី២៤ សីហា ឆ្នាំ២០២៥។ ការសម្រាកនេះ គឺដោយសារតែក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជា ត្រូវចូលរួមប្រកួតពានរង្វាន់ ASEAN MSIG Serenity Cup 2025 នៅប្រទេសវៀតណាម និងការប្រឡងសិស្សមធ្យមសិក្សា និងការបើកផ្ទេរកីឡាការិនី (Open Player Transfer)។

ក្នុងខែសីហា ដដែលនេះ ក្រុមនារីភ្នំពេញក្រោន ក៏នឹងត្រូវមានភារកិច្ចធ្វើជាម្ចាស់ផ្ទះ ពូល E ពានរង្វាន់ AFC Women’s Champions League 2025/26។ នៅថ្ងៃទី២៥ សីហា ក្រុមនារីភ្នំពេញក្រោន ត្រូវស្វាគមន៍ East Bengal របស់ប្រទេសឥណ្ឌា និងថ្ងៃទី២៨ សីហា ត្រូវជួបជាមួយ Kitchee របស់ហុងកុង។

គួរបញ្ជាក់ផងដែរថា គិតត្រឹមសប្ដាហ៍ទី៤ ភ្នំពេញក្រោន នៅចំណាត់ថ្នាក់លេខ១ មាន១២ពិន្ទុ តាមពីក្រោយដោយវិសាខា ចំណាត់ថ្នាក់លេខ២ មាន ១០ពិន្ទុ។ រីឯចំណាត់ថ្នាក់លេខ៣ ណាហ្គាវើលដ៍ មាន ៩ពិន្ទុ ខណៈ បឹងកេត នៅលេខ៤ មាន៦ពិន្ទុ។ ចំណែក ព្រះខ័នរាជស្វាយរៀង មាន៤ពិន្ទុ នៅចំណាត់ថ្នាក់លេខ៥។ ក្រុមបាល់ទាត់មីស្ទើរលេង មាន៣ពិន្ទុ នៅចំណាត់ថ្នាក់លេខ៦ និងលេខ៧ សៀមរាប មាន១ពិន្ទុ។ ដោយឡែក សមាគមបាល់ទាត់ខេត្តកណ្ដាល នៅបាតតារាង មិនមានពិន្ទុ និងមិនទាន់បានទាត់បញ្ចូលទីក្រុមណាមួយឡើយ៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top