ចាប់តាំងពីឆ្នាំ ២០០០ មកដល់ពេលនេះ គេឃើញមានកំពូលកីឡាករតែ ២រូប ប៉ុណ្ណោះ កំពុងតែប្រដេញគ្នាប្រផិតប្រផើយទៅលើចំនួនស៊ុតបាល់បញ្ចូលទី ដោយពុំរាប់បញ្ចូលការស៊ុតបាល់ពិន័យ ១១ម៉ែត្រ។ Lionel Messi និង Cristiano Ronaldo ជាកីឡាករកំពូល ដែលនាំមុខគេលើកំណត់ត្រានេះ ចំណោមកីឡាករខ្សែប្រយុទ្ធខ្លាំងៗជើងចាស់ៗ ៨រូបផ្សេងទៀត។
បើរាប់ការស៊ុតបាល់ពិន័យ ១១ម៉ែត្រ សរុបក្នុងអាជីព ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន មានកំណត់ត្រាតិចជាង កីឡាករវ័យ ៤០ឆ្នាំ នៅឡើយ ដោយគេរកបានត្រឹមតែចំនួន ១១២គ្រាប់ ប៉ុណ្ណោះ។ ចំណែកកីឡាករប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់រកបានគ្រាប់បាល់ពិន័យ ១១ម៉ែត្រ សរុប ១៧៥គ្រាប់ក្នុងអាជីព។ បច្ចុប្បន្ន Messi ខ្សែប្រយុទ្ធ Inter Miami វ័យ ៣៨ឆ្នាំ រកបានគ្រាប់បាល់សរុបទាំងអស់ក្នុងអាជីព ទាំងនៅជម្រើសជាតិ និងក្លិបចំនួន ៨៧៤ ចំណែក Ronaldo វិញរកបាន ៩៣៨គ្រាប់ ឯណោះ។
ពិតណាស់ការស៊ុតបាល់បញ្ចូលទីពីការទាត់បាល់ពិន័យ ១១ម៉ែត្រ គឺជាករណីមួយដែលកីឡាករខ្សែប្រយុទ្ធ ឬកីឡាករមានតួនាទីផ្សេងទៀត ត្រូវបញ្ចេញបច្ចេកទេសក្នុងយកឈ្នះរនាំងអ្នកចាំទី ទើបអាចស៊ុតសម្រេចគ្រាប់បាល់នោះបាន ហើយបាល់ពិន័យ ១១ម៉ែត្រ ប្រៀបបានជាឱកាសដ៏ងាយស្រួលមួយក្នុងការរកបានគ្រាប់បាល់។
តែការស៊ុតបាល់បញ្ចូលទី កើតចេញពីឱកាសវាយសម្រុកក្នុងប្រអប់ទី ឬតំបន់គ្រោះថ្នាក់គូប្រកួត ការស៊ុតបាល់ពីចម្ងាយ ការទាត់បាល់ Free Kick ពីចម្ងាយបញ្ចូលទី ជារឿងមិនងាយស្រួលប៉ុន្មានឡើយ ខណៈបច្ចុប្បន្នប្រព័ន្ធការពារក្រុមបាល់ទាត់នីមួយៗមានភាពរឹងមាំខ្លាំង។
ខាងក្រោមនេះ ជាកីឡាករទាំង ១០រូប ដែលមានចំនួនគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើន ដោយមិនរាប់បញ្ចូលការស៊ុតបាល់ពិន័យ ១១ម៉ែត្រ ឡើយរាប់ចាប់តាំងពីឆ្នាំ ២០០០ មកដល់ពេលនេះ៖
១. Lionel Messi ស៊ុតបាល់បញ្ចូលទីសរុប ដោយមិនរាប់បញ្ចូលការទាត់បាល់ពិន័យ ១១ម៉ែត្រ មានចំនួនដល់ទៅ ៧៦៤គ្រាប់ ហើយបច្ចុប្បន្នគេកំពុងលេងនៅក្លិប Inter Miami ហើយនៅការប្រកួតប៉ុន្មានលើកចុងក្រោយលើទឹកដីអាម៉េរិក កីឡាករអាហ្សង់ទីនរូបនេះ តែងតែរកបានគ្រាប់បាល់ស៊ុតបញ្ចូលទី។
២. Cristiano Ronaldo ស៊ុតបញ្ចូលទីសរុប ដោយមិនរាប់បញ្ចូលការទាត់បាល់ពិន័យ ១១ម៉ែត្រ មានចំនួនដល់ទៅ ៧៦៣គ្រាប់ បច្ចុប្បន្នប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់ មានវ័យ ៤០ឆ្នាំ ទៅហើយ ប៉ុន្តែគេនៅតែអាចរកបានគ្រាប់បាល់ស៊ុតបញ្ចូល ក្នុងនាមជាកីឡាករក្រុម Al Nassr។
៣. Robert Lewandowski ស៊ុតបញ្ចូលទីសរុប ដោយមិនរាប់បញ្ចូលការទាត់បាល់ពិន័យ ១១ម៉ែត្រ មានចំនួនដល់ទៅ ៦១៥គ្រាប់ ដែលបច្ចុប្បន្នគេជាខ្សែប្រយុទ្ធមុតស្រួចមួយរូប ហើយកន្លងមកគេរកបានគ្រាប់បាល់ច្រើនប្រចាំនៅលីគកំពូលអាល្លឺម៉ង់ Bundesliga។
៤. Luis Suarez ស៊ុតបញ្ចូលទីសរុប ដោយមិនរាប់បញ្ចូលការទាត់បាល់ពិន័យ ១១ម៉ែត្រ មានចំនួនដល់ទៅ ៥៣៧គ្រាប់ ហើយពេលវេលាដ៏ខ្លាំងពូកែរបស់គេ គឺអំឡុងលេងនៅក្លិប Barcelona ក្រៅពីការទាត់បាល់ពិន័យ ១១ម៉ែត្រ កីឡាកររូបនេះ តែងរកបានគ្រាប់បាល់ពីស៊ុតតាមរយៈឱកាសផ្សេងនៅមុខទីគូប្រកួត ស្រដៀងទៅនឹងមិត្តរួមក្រុមរួមមាន Messi និង Neymar Jr កាលនោះរួមគ្នាជាក្រុមប្រយុទ្ធដ៏មុតស្រួច។
៥. Zlatan Ibrahimovic ស៊ុតបញ្ចូលទីសរុប ដោយមិនរាប់បញ្ចូលការទាត់បាល់ពិន័យ ១១ម៉ែត្រ មានចំនួនដល់ទៅ ៤៨៨គ្រាប់ ហើយគេជាកីឡាករមួយរូបតែងរកបានគ្រាប់បាល់តាមគ្រប់រូបភាព ហើយគ្រាប់បាល់ខ្លះមានរួមទាំងក្បាច់គុនរួមគ្នាថែមទៀត ហើយកាលជំនាន់គេនៅប្រកបអាជីព តាមរយៈរូបរាងកាយរឹងមាំរបស់គេ ធ្វើឱ្យខ្សែការពារភាគច្រើនញញឺត ក្នុងការបិទបាំងលើរូបគេ។ គ្រាប់បាល់ស៊ុតបញ្ចូលទីសឹង ៨៤,៩ភាគរយ គឺមិនមានការស៊ុតបាល់ពិន័យ ១១ម៉ែត្រឡើយ។
៦. Karim Benzema ស៊ុតបញ្ចូលទីសរុប ដោយមិនរាប់បញ្ចូលការទាត់បាល់ពិន័យ ១១ម៉ែត្រ មានចំនួនដល់ទៅ ៤៥៦គ្រាប់ ភាគច្រើនរកបានអំឡុងលេងនៅ Real Madrid
៧. Eden Dzeko ស៊ុតបញ្ចូលទីសរុប ដោយមិនរាប់បញ្ចូលការទាត់បាល់ពិន័យ ១១ម៉ែត្រ មានចំនួនដល់ទៅ ៤១៧គ្រាប់ ពេលលេងនៅក្រុម Man City, AS Roma, Inter Milan, Fiorentina ជាដើម។
៨. Edinson Cavani ស៊ុតបញ្ចូលទីសរុប ដោយមិនរាប់បញ្ចូលការទាត់បាល់ពិន័យ ១១ម៉ែត្រ មានចំនួនដល់ទៅ ៤០៣គ្រាប់ គេរកបានគ្រាប់បាល់ច្រើនអំឡុងលេងនៅក្លិប Paris Saint Germain។
៩. Sergio Aguero ស៊ុតបញ្ចូលទីសរុប ដោយមិនរាប់បញ្ចូលការទាត់បាល់ពិន័យ ១១ម៉ែត្រ មានចំនួនដល់ទៅ ៣៧៨គ្រាប់ ដែលគេភាគច្រើនរកបាននៅក្លិប Man City។
១០. Samuel Eto’o ស៊ុតបញ្ចូលទីសរុប ដោយមិនរាប់បញ្ចូលការទាត់បាល់ពិន័យ ១១ម៉ែត្រ មានចំនួនដល់ទៅ ៣៧៨គ្រាប់ អំឡុងពេលគេលេងនៅក្រុម Barcelona និងក្លិប Inter Milan។ កីឡាកររូបនេះនិយមស៊ុតបាល់បញ្ចូលទីពេលប្រជែងឈ្នះខ្សែការពារអូសបាល់សំដៅទី ឬការបញ្ចប់ទីនៅពេលមិត្តរួមក្រុមបញ្ជូនបាល់ដល់រូបគេ។ គ្រាប់បាល់ស៊ុតចូលទីសឹងតែ ៨៨,៥ភាគរយ គេស៊ុតបញ្ចូលទីផ្ទាល់ មិនរាប់ការស៊ុត ១១ម៉ែត្រ៕
ប្រភព៖ ThmeyThmey