(ភ្នំពេញ)៖ ក្រុមបាល់ទាត់ បឹងកេត បានក្លាយជាក្លិបទី ៣ និងជាក្លិបចុងក្រោយរបស់ប្រទេស កម្ពុជា ដែលបានប្រកាសផ្តាច់ដៃគូជាមួយក្រុមហ៊ុនផ្គត់ផ្គង់សម្លៀកបំពាក់របស់ ថៃ។
ក្លិបបាល់ទាត់ ណាហ្គាវើលដ៍ ជាក្លិបដំបូងគេ ដែលបានប្រកាសផ្តាច់ដៃគូជាមួយក្រុមហ៊ុនផ្គត់ផ្គង់សម្លៀកបំពាក់កីឡា FBT របស់ ថៃ។ ក្លិបដែលមានមូលដ្ឋាននៅខេត្ត កំពង់ស្ពឺ បានប្រើប្រាស់សម្លៀកបំពាក់ស្លាកយីហោ FBT តាំងពីឆ្នាំ ២០១៣ មកម្ល៉េះ ប៉ុន្តែនៅរដូវកាល ២០២៥-២០២៦ ក្លិប និងក្រុមហ៊ុន បានព្រមព្រៀងគ្នាផ្តាច់កិច្ចសន្យាជាផ្លូវការ ដោយសារបញ្ហាព្រំដែនរវាង កម្ពុជា-ថៃ នៅតែបន្តឡើងកម្តៅខ្លាំង។
ក្រោមហេតុផលនេះដូចគ្នា ភ្នំពេញក្រោន បានក្លាយជាក្លិបទី ២ ដែលបានផ្តាច់ដៃគូសហការជាមួយក្រុមហ៊ុនផ្គត់ផ្គង់សម្លៀកបំពាក់កីឡាថៃ Warrix ដោយភាគីទាំង ២ បានព្រមព្រៀងគ្នាដោយសន្តិវិធី។ ចំណែក បឹងកេត ជាក្លិបទី ៣ ដែលបានផ្តាច់ដៃគូសហការជាមួយក្រុមហ៊ុនផ្គត់ផ្គង់សម្លៀងបំពាក់ Ego Sport របស់ថៃ។ តាមរយៈការប្រកាសរបស់ក្លិប គឺភាគីទាំង ២ បានព្រមព្រៀងគ្នា ក្នុងការផ្តាច់កិច្ចសន្យាដោយសន្តិវិធី បន្ទាប់ពីចាប់ដៃគូគ្នាអស់រយៈពេល ៦ ឆ្នាំ។
គួរឱ្យដឹងថា ក្លិបទាំង ៣ ខាងលើ មិនទាន់មានដៃគូសហការថ្មីនៅឡើយទេសម្រាប់ឯកសណ្ឋាន ដោយពួកគេកំពុងតែស្វែងរកថ្មី៕
ប្រភព៖ KAMPUCHEATHMEY