Lyon ទិញខ្សែបម្រើ Morton ពីក្លិប Liverpool ក្រោយរួមចំណែកជួយ U21 អង់គ្លេសដណ្តើមបានជើងឯកអឺរ៉ុប

(លីយ៉ុង)៖ ក្លិបបារាំង Lyon បានចុះកិច្ចសន្យាទិញកីឡាករ Tyler Morton ពីហង្សក្រហម Liverpool ក្នុងតម្លៃ ១៥លានផោន បន្ទាប់ពីរូបគេទើបរួមចំណែកជួយក្រុមយុវជនឈុត U21 អង់គ្លេសឈ្នះជើងឯកអឺរ៉ុបផងដែរកាលពីដើមរដូវក្តៅនេះ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

Morton ដែលកើតនៅ Wirral បានចូលរួមជាមួយ Liverpool តាំងពីគេមានអាយុទើប ៧ឆ្នាំមកម្ល៉េះ មុនពេលត្រូវបានកោះហៅមកលេងក្នុងឈុតធំកាលឆ្នាំ២០២១ នៃជំនួបដែលហង្សក្រហម ប្រកួតទល់នឹងចាបក្រុង Norwich City ក្នុងពានរង្វាន់ League Cup។

មែនទែនទៅ ខ្សែបម្រើវ័យ ២២ឆ្នាំរូបនេះមានការលំបាកជាខ្លាំង ដើម្បីស្វែងរកជម្រើសលេង ១១នាក់ដំបូងជាប់លាប់ និងទើបតែបង្ហាញខ្លួនសរុបបាន ១៤លើកប៉ុណ្ណោះគ្រប់កម្មវិធី និងត្រូវបានបញ្ជូនតាមរយៈលេងខ្ចីជើងនៅក្លិប Hull City និង Blackburn Rovers នៅក្របខណ្ឌទី២ Championship ទៀតផង។

Lyon ដែលទើបឈ្នះក្តីពីការប្តឹងជំទាស់ ក្នុងការកាត់ទៅលេងក្នុងក្របខណ្ឌទី២ បារាំងដោយសារវិបត្តិហិរញ្ញវត្ថុនោះ បានបន្តពង្រឹងខ្លួនឡើងវិញសម្រាប់រដូវកាលថ្មីឆ្នាំ២០២៥-២៦ ដើម្បីប្រជែងជើងឯកនៅ Ligue 1 និងកម្មវិធីអឺរ៉ុប UEFA Europa League ថែមទៀតផង៕

ប្រភព៖ FRESHNEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top