លោក ផាត សូដា ដែលកំពុងល្បីឈ្មោះក្នុងការបណ្ដុះបណ្ដាលក្មេងៗថ្នាលបានច្រើន និងមានភាពល្បីល្បាញផងនោះបញ្ជាក់ថា លោកមិនហ៊ានទទួលងារជាគ្រូឆ្នើមអ្វីនោះទេ ពោលមានគ្រូជើងចាស់ជាច្រើនដែលបានបណ្ដុះក្មេងៗទើបស័ក្តិសម។
លោក ផាត សូដា បានឲ្យដឹងថា ចំពោះអ្នកគាំទ្រមួយចំនួនដែលចង់ហៅ ឬដាក់ងារលោកជាគ្រូឆ្នើមផ្នែកបណ្ដុះថ្នាលនេះលោកសុំមិនហ៊ានទទួលនោះឡើយ សមត្ថភាពមិនទាន់ដល់នោះទេឈ្មោះនេះទុកជូនតែលោកគ្រូ ផាន់ ទៅបានហើយ។
គ្រូបង្វឹករបស់ រិទ្ធី គីងកុង រូបនេះបន្ថែមទៀតថា មានគ្រូៗជើងចាស់ច្រើនណាស់ដែលបានជួយបណ្ដុះបណ្ដាលថ្នាលហើយសុទ្ធតែជាគ្រូខ្លាំងៗដូចជា លោក សេន ប៊ុនថេន បឺត ខាំ ឡៅ ស៊ីណាត សាន សៅយ៉ាន់ រីកគី សុទ្ធតែល្អហើយស័ក្តិសម។ មួយវិញទៀតដោយសាររៀមច្បងទាំងនោះមិនទាន់ដល់ពេលវេលាដែលមហាជនបានឃើញ ឬដឹងពីសកម្មភាពក៏អាចថាបាន។
បញ្ជាក់ដែរថា លោក ផាត សូដា ប៉ុន្មានឆ្នាំចុងក្រោយនេះក្លឹបរបស់លោកមានសុទ្ធតែក្មេងៗថ្នាល និងខ្លះជាកុមារកំព្រាឪពុក-ម្ដាយទៀតផង។ សិស្សៗរបស់លោកដូចជា រិទ្ធី គីងកុង រិទ្ធី បូរិន រិទ្ធី លីហួរ សុទ្ធតែជាជើងខ្លាំងប្រចាំថ្នាល និងធ្លាប់ចេញទៅប្រកួតនៅជប៉ុន ម៉ាឡេស៊ី ថៃ ទទួលបានជ័យជម្នះទើបមួយរយៈពេលចុងក្រោយនេះមានអ្នកគាំទ្រ ឬអេដមីន មួយចំនួនបានហៅលោកជាគ្រូឆ្នើមទៀតផង៕
ប្រភព៖ KAMPUCHEATHMEY