រុស្ស៊ី ជោគជ័យបំផុតក្នុង​​ពាន​បាល់ទះ​ពិភព​លោក Volleyball World

នៅក្នុងប្រវត្តិសាស្ត្រពាន FIVB Men’s Volleyball World Championship ក្រុមបាល់ទះអតីត សហភាពសូវៀត បច្ចុប្បន្នគឺ រុស្ស៊ី ជាក្រុមជោគជ័យបំផុតក្នុងព្រឹត្តិការណ៍នេះ។

នៅសល់ត្រឹមតែរយៈពេល ១ ខែទៀតប៉ុណ្ណោះ ពោលគឺចាប់ផ្តើមពីថ្ងៃទី ១២ ដល់ថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២៥ នឹងចាប់ផ្តើមការប្រកួតព្រឹត្តិការណ៍បាល់ទះដ៏ធំបំផុតក្នុងពិភពលោក FIVB Men’s Volleyball World Championship។

ពាន FIVB Men’s Volleyball World គឺតែងតែរៀបចំរៀងរាល់ ៤ ឆ្នាំម្តង ខណៈការប្រកួតលើកចុងក្រោយ គឺរៀបចំនៅឆ្នាំ ២០២២ ក្នុងប្រទេស ស្លូវេនី។ ចំណែកឆ្នាំ ២០២៥ នឹងរៀបចំជាលើកដំបូងនៅតំបន់ អាស៊ាន ក្នុងប្រទេស ហ្វីលីពីន ដែលមាន ៣២ ប្រទេសចូលរួមប្រកួត។

យ៉ាងណា បើក្រឡេកទៅមើលអំពីប្រវត្តិនៃពាននេះ គឺរៀបចំបានចំនួន ៧៦ ឆ្នាំមកហើយ ពោលគឺតាំងពីឆ្នាំ ១៩៤៩ មក និងបានឆ្លងកាត់ការប្រកួតវគ្គផ្តាច់ព្រ័ត្រចំនួន ២០ លើក។ ក្នុងនោះក្រុមបាល់ទះអតីត សហភាពសូវៀត ​បច្ចុប្បន្ន​គឺ រុស្ស៊ី​​ទទួល​បាន​ជោគជ័យបំផុតក្នុងព្រឹត្តិការណ៍នេះ ដោយពួកគេបានឈ្នះ​ជើង​ឯក​ចំនួន​ ៦ លើក ហើយបន្ថែមពីនេះទៀត ពួកគេធ្លាប់បាន​រង​ជើង​ឯក ៣ លើក និងចំណាត់​ថ្នាក់​លេខ​៣​ចំនួន ៣ លើក។

ការឈ្នះជើងឯកព្រឹត្តិការណ៍ FIVB Men’s Volleyball World Championship របស់ សហភាពសូវៀត ទាំង ៦ លើក គឺនៅឆ្នាំ ១៩៤៩, ១៩៥២, ១៩៦០, ១៩៦២, ១៩៧៨ និង ១៩៨២។ ប៉ុន្តែចាប់តាំងពីពួកគេបំបែករដ្ឋ និងប្រែក្លាយជាឈ្មោះទៅជាប្រទេស រុស្ស៊ី នៅឆ្នាំ ១៩៩១ ហើយគិតមកដល់ឆ្នាំ ២០១៨ ដែលពួកគេចូលរួមលើកចុងក្រោយ គឺពួកគេមិនដែលឈ្នះជើងឯកទៀតឡើយ។

ដោយឡែកស្ថិតិរបស់ក្រុមផ្សេងៗទៀត ក្នុងនោះក្រុមជម្រើសជាតិ អ៉ីតាលី ឈរនៅចំណាត់ថ្នាក់លេខ ២ ជាក្រុមជោគជ័យបំផុត ដោយពួកគេធ្លាប់ឈ្នះ​ជើង​ឯក ៤ លើក និង​រង​ជើង​ឯក​ ១ លើក។ ប្រេស៊ីល ឈរនៅលេខ ៣ ក្នុងនោះពួកគេធ្លាប់ឈ្នះ​ជើង​ឯក ៣ លើក រង​ជើងឯក ៣ លើក និង​ចំណាត់​ថ្នាក់​លេខ​៣ចំនួន ១ លើក។ ប៉ូឡូញ ឈរនៅលេខ ៤ ដោយពួកគេធ្លាប់ឈ្នះ​ជើង​ឯក ៣ លើក និង ​រង​ជើង​ឯក​ ២ លើក។

សាធារណៈរដ្ឋឆេក ឈរនៅចំណាត់ថ្នាក់លេខ ៥ ដោយពួកគេធ្លាប់ឈ្នះ​ជើង​ឯក ២ លើក និង​រង​ជើង​ឯក ៤ លើក។ អាមេរិក ឈរនៅចំណាត់ថ្នាក់លេខ ៦ ក្នុងនោះពួកគេធ្លាប់ឈ្នះ​ជើង​ឯក ១ លើក និងចំណាត់​ថ្នាក់​លេខ​៣​ចំនួន ២ លើក។ អាល្លឺម៉ង់ ធ្លាប់ឈ្នះ​ជើង​ឯក ១ លើក។ ដោយក្រុមជម្រើសជាតិ ១០ ផ្សេងទៀត ក៏ធ្លាប់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍នេះដែរ ប៉ុន្តែពួកគេបាន​ត្រឹម​លេខ​២ និង​​ចំណាត់​ថ្នាក់​លេខ​៣។

គួរឱ្យដឹងថា ក្រុមជម្រើសជាតិ អ៉ីតាលី គឺជាក្រុមចុងក្រោយ ដែលឈ្នះមេដាយមាសព្រឹត្តិការណ៍ FIVB Men’s Volleyball World Championship ឆ្នាំ ២០២២ បន្ទាប់ពីទទួលជ័យជម្នះលើក្រុម ប៉ូឡូញ នៅវគ្គផ្តាច់ព្រ័ត្រ ៣ សិតទល់នឹង ១៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top