ប្រាក់រង្វាន់ពាន ACGL រដូវកាលនេះ ខណៈ ព្រះ​ខ័ន​រាជ​ស្វាយរៀង និង​ភ្នំពេញ​ក្រោន មាន​ ១០​ ម៉ឺនដុល្លារដូចគ្នាវគ្គ​ចែក​ពូល

នៅរដូវកាល ២០២៥-២០២៦ គឺជារដូវកាលទី ២ សម្រាប់​ពាន​ក្លិប​អាស៊ី កម្រិតទី ៣ AFC Challenge League ដំណើការឡើងវិញ បន្ទាប់ពីផ្អាកតាំងពីឆ្នាំ ២០១៤ ដែលពេលនោះប្រើឈ្មោះ AFC President’s Cup ខណៈប្រាក់រង្វាន់វិញក៏នៅតែរក្សាយ៉ាងច្រើនដដែល មិនខុសពីរដូវកាលមុននោះទេ។

យោងតាមសៀវភៅបទបញ្ជាការប្រកួតរបស់ AFC បានបង្ហាញយ៉ាងច្បាស់អំពីប្រាក់រង្វាន់របស់ពាន AFC Challenge League ក្នុងរដូវកាល ២០២៥-២០២៦ គឺនៅរក្សាដូចរដូវកាលមុនដដែល។ ក្នុងនោះក្រុមនីមួយៗ ដែលបានចូលដល់វគ្គចែកពូលនឹងទទួលបាន ១០ ម៉ឺនដុល្លារអាមេរិក។ ដូច្នេះក្រុម ២ របស់កម្ពុជា គឺ ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន មានប្រាក់រង្វាន់ ១០ ម៉ឺនដុល្លារអាមេរិកដូចគ្នាសម្រាប់ការលេងនៅវគ្គសន្សំពិន្ទុក្នុងពូល។ មិនត្រឹមតែប៉ុណ្ណោះ ភ្នំពេញក្រោន ទទួលបាន ៥ ម៉ឺនដុល្លារអាមេរិកហើយសម្រាប់ការប្រកួតវគ្គជម្រុះជាមួយក្រុម Kasuka FC របស់ ព្រុយណេ កាលពីថ្ងៃទី១២ ខែសីហា។

ករណីបានឡើងដល់វគ្គ ៨ ក្រុមចុងក្រោយ នឹងទទួលបាន ៨ ម៉ឺនដុល្លារអាមេរិកបន្ថែម។ បើបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងទទួលបាន ១២ ម៉ឺនដុល្លារអាមេរិកថែមទៀត។ ចុងក្រោយនៅវគ្គផ្តាច់ព្រ័ត្រ សម្រាប់ក្រុមណា ដែលឈ្នះជើងឯកនឹងទទួលបានប្រាក់រង្វាន់ ១ លានដុល្លារអាមេរិក ហើយក្រុមជើងឯករងនឹងទទួលបាន ៥០ ម៉ឺនដុល្លារអាមេរិក។

គួរឱ្យដឹងថា នៅរដូវកាល ២០២៥-២០២៦ នេះ ក្នុងចំណោមក្រុមទាំង ៨ ប្រចាំតំបន់ខាងកើត ដែលទទួលបានកៅអីឡើងវគ្គចែកពូលពានរង្វាន់កម្រិតទី ៣ របស់ទ្វីប អាស៊ី គឺមានក្រុម កម្ពុជា ចំនួន ២ រួមមាន ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top