ការលះបង់​ជូន​ជាតិ​ វឿន​ វាសនា​ ចូល​ហាត់ត្រៀម​ស៊ីហ្គេម​​ ៣ខែ​ខាត​បង់​ប្រាក់ខែ​មិន​តិច​ជាង​ ៣ម៉ឺន​ដុល្លារ​

កីឡាករ​បាល់ទះ​ឆ្នើម​របស់​កម្ពុជា​ វឿន​ វាសនា​ ជា​ការ​លះបង់​ដើម្បី​ជួយ​ជាតិ​មាតុភូមិ​ត្រៀម​ស៊ីហ្គេម​ចុង​ឆ្នាំ​ ២០២៥​ នេះ​រូប​គេ​នឹង​មក​ចូល​ជំរំហ្វឹកហាត់​ជា​មួយក្រុម​ជម្រើស​ជាតិ​រយៈពេល ​៣ខែ​មុន​​ការ​ប្រកួត​មក​ដល់​ ស្របពេល​ ៣ខែ​នេះ​រូបគេ​មិន​ទទួល​បាន​ប្រាក់​ខែ​ពី​ក្លឹប​ Win Streak ខ្ទង់​៣ម៉ឺន​ដុល្លារឯណោះ។​

អគ្គលេខាធិការសហព័ន្ធបាល់ទះកម្ពុជា លោក អាំង សិរីពិសិដ្ឋ ចំពោះកីឡាករ វឿន វាសនា រូបគេនឹងមកចូលជំរំហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិកម្ពុជាអំឡុងខែតុលា ឆ្នាំ២០២៥ ដើម្បីត្រៀមប្រកួតប្រជែងមេដាយនៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ នៅចុងឆ្នាំនេះ។

លោក អាំង សិរីពិសិដ្ឋ បង្ហើបប្រាប់ទៀតថា នេះជាការលះបង់មួយសម្រាប់ប្រទេសជាតិដោយសុទ្ធតែចិត្តបើទោះជា៣ខែដែលនឹងមកហ្វឹកហាត់ត្រូវខាតបង់ប្រាក់ខែខ្ទង់៣ម៉ឺនដុល្លារពីក្លឹប Win Streak នៅតៃវ៉ាន់ដែលខ្លួនកំពុងប្រកបអាជីពនៅទីនោះក៏ដោយ។

ថ្នាក់ដឹកនាំសហព័ន្ធបាល់ទះរូបនេះបន្តទៀតថា កីឡាករទាំងអស់គួរយកគំរូបតាម វឿន វាសនា ត្រូវលះបង់ជូនជាតិមាតុភូមិននៅពេលដែលប្រទេសជាតិត្រូវការនៅពេលណាមួយ។ ដូចរូបគេហេតុតែស្រឡាញ់ និងចង់ជួយក្រុមជម្រើសជាតិសុខចិត្តលះបង់ប្រាក់ខែមកជួយកីឡាបាល់ទះកម្ពុជាដូចពេលនេះ។

បញ្ជាក់ដែរថា គម្រោងនៃការមកហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិកម្ពុជារបស់ វឿន វាសនា នេះនឹងមកអំឡុងខែតុលា ឆាប់ៗនេះ។ ស៊ីហ្គេម លើកទី៣៣ នេះនឹងធ្វើឡើងចាប់ពីថ្ងៃទី៩ ដល់ ២១ ខែធ្នូ ឆ្នាំ២០២៥ នៅឯប្រទេសថៃ។ ចំពោះការចូលរួមយ៉ាងណានោះសហព័ន្ធមិនបានបញ្ជាក់នៅឡើយ ដោយគ្រាន់តែបន្តហ្វឹកហាត់ជាប្រចាំ និងរៀបចំយុទ្ធសាស្ត្រត្រៀមព្រឹត្តិការណ៍នោះជានិច្ច៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top