ក្រុមអង្គរថាយហ្គឺរ បើកទ្វារកីឡដ្ឋានរបស់ខ្លួនទទួល ក្រុមខ្លាំង ព្រះខ័នរាជស្វាយរៀង វេលាម៉ោង ៦ ល្ងាច ថ្ងៃសៅរ៍ ទី១៦ ខែសីហា ឆ្នាំ ២០២៥ សម្រាប់ការប្រកួតសប្តាហ៍ទី២ លីគបាល់ទាត់កំពូលកម្ពុជា។
អង្គរថាយហ្គឺរ តែងតែនាំចូលកីឡាករបរទេសល្អៗ ប៉ុន្តែមិនរក្សាទុកច្រើនរដូវកាលឡើយ។ កីឡាករបរទេសនៅក្លិបកម្ពុជាជាច្រើនត្រូវបាននាំយកពីក្លិបអង្គរថាយហ្គឺរ។ សម្រាប់រដូវកាលថ្មីនេះ ពួកគេមានកីឡាករបរទេសដែលមានល្បឿនលឿន និងបញ្ចប់ទីច្បាស់ មានដូចជា ខ្សែការពារប្រេស៊ីល Matheus Freitas ខ្សែបម្រើជប៉ុន Takara Masutani និង Takuto Yasuoka ខណៈខ្សែប្រយុទ្ធជប៉ុន Mark Ajay Kurita, ហូឡង់ Guytho Mijland និងប្រេស៊ីល Eduardo Junior។
ព្រះខ័នរាជស្វាយរៀង សំបូរកីឡាករល្អៗទាំងខ្មែរ និងបរទេស។ ខ្សែបម្រើជប៉ុន Ryo Fujii និង 2- Takashi Odaawara និងខ្សែប្រយុទ្ធឡាវ Bounphachan Bounkong, Cristian Roque (ប្រេស៊ីល), Kwame Peprah (ហ្គាណា) និង Patrick Souza (ប្រេស៊ីល)។
កាលពីសប្តាហ៍ទី១ អង្គរថាយហ្គឺរ ទទួលបានជ័យជម្នះធំធេងលើក្រុម អឹមអូអាយ កំពង់ដេវ៉ា ដោយលទ្ធផល ៦-៣ ដើម្បីទទួលបាន ៣ ពិន្ទុ ឈរលើកំពូលតារាង ខណៈ ព្រះខ័នរាជស្វាយរៀង បានឈ្នះ ណាហ្គាវើលដ៍ ៣-០ ដើម្បីឈរចំណាត់ថ្នាក់លេខ ២ ក្នុងតារាង។
នេះជាការប៉ះគ្នារវាង ក្រុមឈ្នះ និង ក្រុមឈ្នះ ដែលនឹងក្លាយជាជំនួបដ៏អស្ចារ្យសម្រាប់អ្នកគាំទ្រ។ សម្រាប់ការជួបគ្នា ១៣ លើកក្នុងលីគ និងពានសម្តេចតេជោ ព្រះខ័នរាជស្វាយរៀង ឈ្នះ ១២ លើក ហើយ អង្គរថាយហ្គឺរ ឈ្នះ ១ លើក។
អ្វីដែលគួរឲ្យកត់សំគាល់ រាល់ក្រុមទាំងពីរប៉ះគ្នាតែងតែជក់ចិត្ត និងកើតមានគ្រាប់បាល់ច្រើនចាប់ពី ៣ គ្រាប់ឡើង។
- ព្រះខ័នរាជស្វាយរៀង ៦-១ អង្គរថាយហ្គឺរ (លីគ ២០២៤-២៥)
- ព្រះខ័នរាជស្វាយរៀង ៥-២ អង្គរថាយហ្គឺរ (លីគ ២០២៤-២៥)
- ព្រះខ័នរាជស្វាយរៀង ៣-២ អង្គរថាយហ្គឺរ (លីគ ២០២៤-២៥)
- ព្រះខ័នរាជស្វាយរៀង ៤-២ អង្គរថាយហ្គឺរ (លីគ ២០២៣-២៤)
- ព្រះខ័នរាជស្វាយរៀង ៣-០ អង្គរថាយហ្គឺរ (លីគ ២០២៣-២៤)
- ព្រះខ័នរាជស្វាយរៀង ៧-១ អង្គរថាយហ្គឺរ (លីគ ២០២៣)
- ព្រះខ័នរាជស្វាយរៀង ៥-២ អង្គរថាយហ្គឺរ (លីគ ២០២៣)
- ព្រះខ័នរាជស្វាយរៀង ៦-០ អង្គរថាយហ្គឺរ (លីគ ២០២២)
- ព្រះខ័នរាជស្វាយរៀង ៤-០ អង្គរថាយហ្គឺរ (លីគ ២០២២)
- ព្រះខ័នរាជស្វាយរៀង ៤-១ អង្គរថាយហ្គឺរ (លីគ ២០២២)
- ព្រះខ័នរាជស្វាយរៀង ៥-២ អង្គរថាយហ្គឺរ (លីគ ២០២១)
- ព្រះខ័នរាជស្វាយរៀង ៣-០ អង្គរថាយហ្គឺរ (ពានសម្តេចតេជោ ២០២១)
- ព្រះខ័នរាជស្វាយរៀង ១-២ អង្គរថាយហ្គឺរ (លីគ ២០២១)
ប្រភព៖ KAMPUCHEATHMEY