ស្ថាបនិកក្លឹបប្រដាល់ KKIF លោក ស្រី ចាន់ថន បានប្រកាសបិទរាល់ការប្រកួតដែលឧបត្ថម្ភដោយផលិតផលរបស់ប្រទេសសៀមចាប់ពីពេលនេះតទៅ ស្របពេលកីឡាករក្នុងក្លឹបនេះក៏នឹងមិនប្រកួតក្នុងកម្មវិធីណាដែលឧបត្ថម្ភគាំទ្រពីប្រទេសមួយនេះដែរ។
លោក ស្រី ចាន់ថន ដែលជាម្ចាស់ក្លឹបប្រដាល់ KKIF បានបង្ហោះនៅលើហ្វេសបុកផេករបស់លោកកាលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ នេះថា ក្លឹបនឹងបិទរាល់ការប្រកួតដែលឧបត្ថម្ភដោយប្រទេសសៀមចាប់ពីពេលនេះតទៅ។ ចំពោះកីឡាករ កីឡាការិនីក្នុងក្លឹបក៏ដូចនេះដែរគឺតាំងចិត្តមិនប្រកួតក្នុងកម្មវិធីដែលឧបត្ថម្ភគាំទ្រពីប្រទេសសៀមនេះទេ។
មិនថារូបលោកផ្ទាល់ ឬកីឡាករ KKIF នោះទេឲ្យតែប្រទេសជាតិត្រូវការកម្លាំងទ័ពគឺស្ម័គ្រចិត្តចូលបម្រើជាតិជានិច្ចដោយមានមិនចិត្តស្ទាក់ស្ទើរអ្វីនោះឡើយ។ មួយរយៈពេលនេះក្លឹបប្រដាល់ KKIF ក៏បានដឹកនាំស្បៀងជាគ្រឿងឧបភោគបរិភោគមួយចំនួនឧបត្ថម្ភដល់កងទ័ពដែលបានឈរជើងតាមបន្ទាត់ព្រំដែនផងដែរកន្លងទៅនេះ។
បញ្ជាក់ដែរថា បន្ទាប់ពីមានការឈ្លានពានពីសំណាក់ប្រទេសសៀមមកលើកម្ពុជាអំឡុងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ រហូតមានកិច្ចព្រមព្រៀងឈប់បាញ់ក៏ដោយ ប៉ុន្តែស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនហាក់មិនទាន់ស្ងប់នៅឡើយទេតាមរយៈការបង្កហេតុជាបន្តបន្ទាប់ពីប្រទេសមួយនេះ។ ដោយឡែកវិស័យប្រដាល់ទាំងមូលក៏មិនទាន់បើកប្រកួតទាំងស្រុងនៅឡើយដែរ។ ចំពោះក្លឹប KKIF ជាស្ថាបនិកបង្កើតកម្មវិធីប្រកួតប្រដាល់ក្នុងស្រុកមួយដែរ៕
ប្រភព៖ KAMPUCHEATHMEY