ប្រធានក្លិប Barcelona លោក Joan Laporta និងប្រធានក្លិប Paris Saint-Germain លោក Nasser Al-Khelaifi បានបញ្ចេញទស្សនៈខ្វែងគំនិតគ្នា ចំពោះបេក្ខភាព ដែលនឹងអាចឈ្នះពានឯកត្តជនកំពូល Ballon d’Or ឆ្នាំ ២០២៥។
ថ្មីៗនេះលោក Laporta បានផ្តល់បទសម្ភាសពាក់ព័ន្ធនឹងអ្នកឈ្នះពាន Ballon d’Or ថា៖ «ពាន Ballon d’Or ត្រូវតែបានទៅលើកីឡាករ Barcelona។ Lamine គឺជាកីឡាករដ៏អស្ចារ្យ ហើយគាត់បានបង្ហាញវាគ្រប់យ៉ាងរៀងរាល់ការប្រកួត»។
នាប៉ុន្មានថ្ងៃបន្ទាប់ លោក Al-Khelaifi ក៏បានបង្ហាញពីទស្សនៈរបស់លោក ដោយផ្ទុយនឹងការលើកឡើងរបស់ប្រធានក្លិប Barcelona យ៉ាងដូច្នេះថា៖ «ប្រសិនបើ Ousmane Dembele មិនបានឈ្នះពាន Ballon d’Or ទេ នោះវានឹងមានបញ្ហា»។
តាមទស្សនៈរបស់ប្រធានក្លិបទាំង ២ ខាងលើ សុទ្ធតែជឿជាក់ខ្ពស់ដូចគ្នា លើកីឡាកររបស់ពួកគេរៀងៗខ្លួន ដោយលោក Laporta គឺគិតថា យុវជនឆ្នើម Lamine Yamal នឹងឈ្នះពាននេះ។ ចំណែកលោក Al-Khelaifi គឺគិតថា Dembele នឹងឈ្នះពាននេះ។
ទោះបីជាយ៉ាងណា បេក្ខភាពទាំង ២ ខាងលើ សុទ្ធតែស្ថិតនៅក្នុងរ៉ាដារបស់អ្នកគាំទ្រទូទាំងពិភពលោកដូចគ្នា ដែលសុទ្ធតែរំពឹងថា ក្នុងចំណោមពួកគេទាំង ២ នាក់ នឹងមានម្នាក់ ដែលនឹងអាចឈ្នះពាន Ballon d’Or ២០២៥។
គួរឱ្យដឹងថា បញ្ជីឈ្មោះបេក្ខភាពប្រជែងពាន Ballon d’Or ទាំង ៣០ នាក់ក្នុងឆ្នាំ ២០២៥ បានប្រកាសជាផ្លូវការហើយ ខណៈអ្នកឈ្នះជាផ្លូវការនឹងប្រកាសនៅថ្ងៃ ចន្ទ ទី ២២ ខែ កញ្ញា ឆ្នាំ ២០២៥៕
ប្រភព៖ KAMPUCHEATHMEY