គ្រូបង្វឹក Barcelona មិនសប្បាយចិត្ត ព្រោះ Rashford មិនទាន់បានចុះឈ្មោះក្នុងក្រុម ស្របពេល La Liga ចាប់ផ្តើម

(បាសេឡូណា)៖ លោក Hansi Flick អ្នកចាត់ការទូទៅ FC Barcelona បានសំដែងអារម្មណ៍មិនសប្បាយចិត្តឡើយ ដ្បិតកូនក្រុម Marcus Rashford មិនទាន់ត្រូវបានចុះឈ្មោះផ្លូវការក្នុងក្រុមនៅឡើយទេ ស្របពេលលីគ La Liga រដូវកាលថ្មី ចាប់ផ្តើមយប់មិញ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ក្រុមការពារតំណែងជើងឯកមួយនេះ នឹងលេងបើករដូវកាលថ្មីរបស់ពួកគេនៅក្នុងផ្ទះរបស់ Mallorca នារាត្រីថ្ងៃសៅរ៍ ក៏ប៉ុន្តែពួកគេនៅតែស្ថិតក្នុងភាពត្រដាបត្រដួស ដើម្បីចុះឈ្មោះកីឡាករថ្មីចូលក្នុងក្រុមដដែល ក៏ព្រោះតែបញ្ញតិ្តហិរញ្ញវត្ថុរបស់លីគកំពូលអេស្ប៉ាញ។

ទាក់ទិននឹងបញ្ហានេះ បុរសសញ្ជាតិអាល្លឺម៉ង់ Flick បានថ្លែងក្នុងសន្និសីទថា «សម្រាប់ខ្ញុំ ស្ថិតក្នុងស្ថានភាពនេះ អ្នកអាចស្រម៉ៃបានថា ខ្ញុំពិតជាមិនសប្បាយចិត្តឡើយ ក៏ប៉ុន្តែខ្ញុំនៅតែគិតថា អាចដោះស្រាយបាន។ ខ្ញុំជឿជាក់លើក្លិប។ ពួកយើងនឹងផ្តោតទៅលើអ្វីដែលអាចផ្លាស់ប្តូរ និងអ្វីដែលស្ថិតក្នុងដៃរបស់ពួកយើង។ រឿងផ្សេងទុកឱ្យក្លិបដោះស្រាយ»

គួរបញ្ជាក់ផងថា បញ្ហាហិរញ្ញវត្ថុរបស់ Barcelona បានកំពុងជាប់គាំងនាពេលថ្មីៗនេះ ពោលគឺពួកគេបានចុះឈ្មោះកីឡាករថ្មី Dani Olmo បានត្រឹមតែជើងទី១ នៃរដូវកាល ២០២៤-២៥ បន្ទាប់ពីទទួលបានករណីពិសេសក្នុងជើងទី២ ក៏ព្រោះតែពួកគេបានចំណាយលុយទិញ និងបើកប្រាក់ខែកីឡាករ ច្រើនជាងចំណូលដែលរកបាន៕

ប្រភព៖ FRESHNEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top