សហព័ន្ធកីឡាបាល់ទះកម្ពុជា ម្សិលមិញនេះដឹកនាំដោយលោក អាំង សិរីពិសិដ្ឋ បានបើកកិច្ចប្រជុំមួយជាមួយបណ្ដាក្លឹបចំណុះសហព័ន្ធទាំង ៣២ ដើម្បីផ្សព្វផ្សាយផែនការសំខាន់ៗឆ្នាំថ្មីពិសេសការត្រៀមខ្លួនចូលរួមពានរង្វាន់សម្ដេចក្រឡាហោម និងការប្រកួតយុវជនអាស៊ី រួមទាំងស៊ីហ្គេម លើកទី ៣៣។
លោក អាំង សិរីពិសិដ្ឋ អនុប្រធានសហព័ន្ធ បានឲ្យដឹងថា ដោយទទួលបានការអនុញ្ញាតពីប្រធានសហព័ន្ធបាល់ទះឯកឧត្ដម ស សុខា ដើម្បីបើកកិច្ចប្រជុំជាមួយបណ្ដាក្លឹបទាំង ៣២ ផ្សព្វផ្សាយពីផែនការសកម្មភាពរបស់សហព័ន្ធ និងរួមទាំងការត្រៀមខ្លួនចូលរួមលេងពានរង្វាន់ផ្សេងនៅ ឆ្នាំ២០២៥-២០២៦ ។
បន្ថែមពីនេះកិច្ចប្រជុំនេះបានលើកឡើងពីលទ្ធផល នៃការរៀបចំការប្រកួតពានរង្វាន់នៅឆ្នាំចាស់ផងដែរដោយផ្ដល់ឱកាសដល់បណ្ដាក្លឹបលើកឡើងពីកង្វល់ ឬសំណូមពរផ្សេងៗដែលខ្លួនមានហើយចង់កែតម្រូវយ៉ាងណានោះនៅការប្រកួតក្នុងឆ្នាំថ្មី។
សហព័ន្ធបានជូនដំណឹងពីការត្រៀមខ្លួនបញ្ជូន U-18 ត្រៀមចូលរួមប្រកួតក្នុងកម្មវិធីយុវជនអាស៊ីដែលនឹងធ្វើឡើងនៅប្រទេសបារ៉ែន។ មួយវិញទៀតការត្រៀមខ្លួនឲ្យបានល្អគ្រប់ជ្រុងជ្រោយដើម្បីចូលរួមស៊ីហ្គេម លើកទី៣៣ ចុងខែធ្នូ និងការលើកពេលនៃពានរង្វាន់សម្ដេចក្រឡាហោម ដើម្បីទុកឱកាសឲ្យកីឡាករជម្រើសជាតិហ្វឹកហាត់ឲ្យបានល្អឆ្ពោះទៅលេងនៅស៊ីហ្គេម។
បញ្ជាក់ដែរថា កិច្ចប្រជុំរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជាជាមួយបណ្ដាក្លឹបចំណុះទាំង ៣២ កាលពីម្សិលមិញនេះធ្វើឡើងនៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក្រោមការដឹកនាំប្រជុំដោយលោក អាំង សិរីពិសិដ្ឋ អនុប្រធានសហព័ន្ធ និងថ្នាក់ដឹកនាំក្លឹបផ្សេងៗ៕
ប្រភព៖ KAMPUCHEATHMEY