មិនរអានឹងឡើងសង្វៀន តែ គោរមៈ ច័ន្ទរាជ្យ ភ័យខ្លាចធ្លាក់បាក់ឌុប

កីឡាករ ផេង សុបញ្ញា ដែលអ្នកគាំទ្រប្រដាល់គុនខ្មែរស្គាល់ឈ្មោះក្រៅច្បាស់ថា «គោរមៈ ច័ន្ទរាជ្យ» គឺជាកីឡាករប្រដាល់មួយរូប បានឆ្លងកាត់សង្វៀនអន្ដរជាតិជាច្រើនកម្រិត។ ក្រៅពីចេះក្បាច់ប្រដាល់គុនខ្មែរ អ្នកប្រដាល់វ័យ១៩ឆ្នាំ មានពហុជំនាញលើក្បាច់គុនផ្សេងៗ ដូចជាចំបាប់ និងយុទ្ធគុនចម្រុះ ផងដែរ។ បញ្ញា មិនធ្លាប់មានអារម្មណ៍ញញើតគូប្រកួតនោះឡើយ ប៉ុន្ដែ បែជាបារម្ភ ខ្លាចធ្លាក់ការប្រឡងបាក់ឌុបយ៉ាងខ្លាំង និងភ័យចំពោះអនុរក្ស ដែលសម្រួល និងជួយរៀបចំការប្រឡង ទៅវិញ។

យុវជន ផេង សុបញ្ញា នឹងត្រូវចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំធ្វើនៅថ្ងៃទី២៨-២៩ សីហា ឆ្នាំ២០២៥។ អ្នកប្រដាល់រូបនេះ គឺជាសិស្ស ដែលបានសិក្សាថ្នាក់ទី១២ នៅវិទ្យាល័យបាក់ទូក។ នៅក្នុងឆ្នាំសិក្សា២០២៤-២០២៥ សិស្សវ័យ ១៩ឆ្នាំរូបនេះ ពុំសូវមានពេលរៀនបំប៉នបន្ថែមឡើយ ដោយសារតែខ្លួន ជាកីឡាករប្រដាល់អាជីព ហើយត្រូវត្រៀមសម្រាប់ព្រឹត្តិការណ៍ប្រកួតជាតិ និងអន្ដរជាតិនៅក្រៅប្រទេស។ ថ្មីៗនេះ អ្នកប្រដាល់វ័យក្មេងនេះ បានឈ្នះខ្សែក្រវ៉ាត់គុនចម្រុះនៅសង្វៀន Gods of Martial Arts ប្រទេសវៀតណាម កាលពី​ថ្ងៃទី២ សីហា ឆ្នាំ២០២៥។ ក្រៅពីនេះ បញ្ញា ក៏ធ្លាប់ដណ្ដើមបានមេដាយសំរឹទ្ធិគុនចម្រុះជើងឯកអាស៊ី កាលពីចុងឆ្នាំ២០២៤ ផងដែរ។ 

អ្នកប្រដាល់គុនខ្មែរ និងគុនចម្រុះរូបនេះ មិនរំពឹងខ្ពស់ថាបាននិទ្ទេសល្អឡើយ ដោយគ្រាន់តែដាក់គោលដៅ យកត្រឹមតែជាប់សញ្ញាប័ត្រទុតិយភូមិមធ្យមសិក្សា គឺគ្រប់គ្រាន់ហើយ។ មូលហេតុនោះ គឺយុវជនរូបនេះ មិនសូវមានពេលគ្រប់គ្រាន់សម្រាប់សិក្សាបំប៉នក្រៅម៉ោង ដោយសារជាប់ហ្វឹកហាត់ និងពេលខ្លះត្រូវទៅប្រកួតនៅក្រៅប្រទេស។

«ខ្ញុំរៀនដាច់ៗ ដោយសារយើងជាប់មានឈ្មោះប្រកួត ត្រូវបុកហ្វឹកហាត់ ដូចជាការប្រកួតនៅវៀតណាម ហើយប្រកួតអន្ដរជាតិកន្លងមកនេះ។ ឲ្យតែយើងមានឈ្មោះប្រកួត យើងត្រូវសម្រាករៀនបំប៉ន ដើម្បីទៅបុកហ្វឹកហាត់ត្រៀមប្រកួតជំនួសវិញ។

គោរមៈ ច័ន្ទរាជ្យ ឆ្លងកាត់សង្វៀនជាច្រើន ទាំងការប្រកួតគុនខ្មែរ និងជាការប្រកួតបែបគុនចម្រុះ។ កីឡាកររូបនេះ បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា រូបគេ មិនធ្លាប់ញញើតក្នុងការប្រកួតជាមួយដៃគូណាឡើយ ទោះជាការប្រកួតក្នុងប្រទេស ឬក៏នៅក្រៅប្រទេសក៏ដោយ។ ប៉ុន្តែសម្រាប់ការប្រឡងបាក់ឌុប អ្នកប្រដាល់វ័យ ១៩ឆ្នាំរូបនេះ ហាក់បីដូចជាខ្លាច អនុរក្ស ដែលចុះមករៀបចំ និងពិនិត្យទៅវិញ។

«ខ្ញុំ មិនមានអ្វីត្រូវខ្លាចការប្រកួតទេ។ ប៉ុន្ដែបើខ្ញុំខ្លាច ខ្ញុំខ្លាចអនុរក្ស។ ការប្រកួត មិនមានអនុរ័ក្ស ពិនិត្យមើលទេ ហើយសំខាន់យើងចេះបច្ចេកទេសច្រើន។ ប៉ុន្ដែការប្រឡង ខ្ញុំភ័យដែរ។ អារម្មណ៍ខ្ញុំ ភ័យខ្លាំងបំផុត គឺខ្លាចធ្លាក់។»។ គោរមៈ ច័ន្ទរាជ្យ បន្ថែម។ 

គោលបំណង នៃការខំប្រឹងសាងកំណត់ត្រាការប្រកួតយ៉ាងច្រើនក្នុងវិស័យកីឡាប្រដាល់ ព្រមជាមួយនឹងការស្វែងរកជ័យលាភីជូនជាតិ គោរមៈ ចន្ទរាជ្យ សង្ឃឹមថាសមិទ្ធផលរបស់ខ្លួន នឹងធ្វើឲ្យអ្នកគាំទ្រ នៅតែនឹកឃើញខ្លួនជានិច្ច ទោះជាពេលណាមួយ ដែលយុវជនរូបនេះ ឈានដល់វ័យចូលនិវត្តន៍ក៏ដោយ។ ក្រៅពីនេះ សិស្សថ្នាក់ទី១២ រូបនេះ នឹងច្នៃខ្លួនឲ្យក្លាយជាធនធានមនុស្សល្អសម្រាប់សង្គម និងប្រទេសជាតិ។

គោរមៈ ច័ន្ទរាជ្យ បន្តថា៖«ខ្ញុំ ប្រឹងប្រែងទាំងអស់នេះ គឺដើម្បីសង្គម និងប្រទេសជាតិខ្ញុំ។ នៅថ្ងៃក្រោយ ប្រទេសជាតិ ក៏នឹងមើលឃើញខ្ញុំ ដែលជាធនធានល្អ មានប្រយោជន៍ សម្រាប់ជាតិម្នាក់ ផងដែរ។»៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top