ក្រុម កងយោធពលខេមរភូមិន្ទ ទទួលក្រុម ភ្នំពេញក្រោន វេលាម៉ោង ៦ល្ងាច ថ្ងៃទី២៣ ខែសីហា នៅស្តាតចាស់ សម្រាប់ការប្រកួតសប្តាហ៍ ទី៣ នៃលីគកំពូលកម្ពុជារដូវកាល ២០២៥-២៦។
វានឹងក្លាយជាការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍ និងតឹងតែងខ្លាំងសម្រាប់ក្រុមទាំងពីរ បន្ទាប់ពីចាប់ផ្តើមរដូវកាលថ្មីបានល្អ។ កងយោធពលខេមរភូមិន្ទ បានយកឈ្នះ វិសាខា ២-១ និងស្មើ ណាហ្គាវើលដ៍ ១-១ ដើម្បីរកបាន៤ពិន្ទុ សម្រាប់ពីរសប្តាហ៍ដំបូង ខណៈ ភ្នំពេញក្រោន ទើបឆ្លងកាត់១ប្រកួតប៉ុណ្ណោះគឺ ស្មើ បឹងកេត ០-០។
លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន បានកោតសរសើរក្រុម កងយោធពលខេមរភូមិន្ទ ដែលរៀបចំបានល្អក្រោមការដឹកនាំរបស់លោកគ្រូ ភា សុភ័ក្ត្រា។
លោកបានលើកឡើងថា ៖«កងយោធពលខេមរភូមិន្ទ ចាប់ផ្តើមរដូវកាលថ្មីយ៉ាងល្អ។ ពួកគេត្រៀមខ្លួនរួចរាល់។ ខ្ញុំនៅចាំបានកាលពីរដូវកាលមុន យើងគ្រប់គ្រងការប្រកួត តែពួកគេលេងការពារវាយបក ហើយស៊ុតចូលយើង១គ្រាប់។ សំណាងល្អ យើងបានរៀបចំ (set-piece) ហើយរកបានគ្រាប់បាល់ជ័យជម្នះ។ ដូច្នេះប្រកួតជាមួយ អាមី គឺពិបាក»។
«ជាពិសេស យើងបានឃើញលោក ភា សុភ័ក្ត្រា រៀបចំបានយ៉ាងល្អ។ នេះជាក្រុមដ៏ល្អ ខ្លាំង រឹងមាំ ដោយមានកីឡាករសក្តានុពលច្រើន។ ខ្ញុំគិតថា ពួកគេស្ថិតនៅលើផ្លូវអភិវឌ្ឍយ៉ាងល្អ។ ការប្រកួតនេះលំបាក តែគួរឲ្យរំភើបរីករាយ។ ខ្ញុំមិនអាចនិយាយមុនថា មានគ្រាប់បាល់ប៉ុន្មានកើតឡើងទេ តែជាការប្រកួតមួយដែលក្រុមទាំងពីរមិនអាចរក្សាសំណាញ់ទីបានស្អាតទេ»។
ទោះបីជាយ៉ាងណា ប្រវត្តិជួបគ្នា ក្រុមកងយោធពលខេមរភូមិន្ទ កម្រឈ្នះ ភ្នំពេញក្រោន ណាស់។ ជួបគ្នា ១២ លើក ភ្នំពេញក្រោន ឈ្នះ ៩ លើក និងស្មើគ្នា ៣ លើក៕
ប្រភព៖ KAMPUCHEATHMEY