Son រកបានគ្រាប់ដំបូងនៅ LAFC ក្នុងជំនួបស្មើ ១-១ ទល់ FC Dallas

ខ្សែប្រយុទ្ធកូរ៉េខាងត្បូង Son Heung Min រកបានគ្រាប់បាល់ដំបូងរបស់គេ នៅក្លិបថ្មី Los Angeles FC នៅការប្រកួតស្មើលទ្ធផល ១-១ ទល់នឹងក្រុម ​FC Dallas ថ្ងៃទី២៤ សីហា។

កីឡាករវ័យ ៣៣ឆ្នាំ រកបានគ្រាប់បាល់ទីមួយរបស់គេលើទឹកដីអាម៉េរិក ដោយពុំមានការបញ្ជូនពីមិត្តរួមក្រុមអ្វីឡើយ បាល់នោះកើតចេញពីសមត្ថភាពរបស់គេ ក្នុងការស្វែងរកឱកាសបញ្ចប់ទីបានយ៉ាងល្អ។ Son ស៊ុតបើកការនាំមុខដល់ក្រុម ​LAFC នៅនាទី៦ មុនពេល FC Dallas អាចរកគ្រាប់បាល់តាមស្មើត្រឡប់មកវិញ នៅនាទី១៣ ហើយការប្រកួតក៏បន្តអូសបន្លាយរហូតចប់ការប្រកួតត្រឹមលទ្ធផលស្មើ ១-១។

គ្រាប់ដំបូងរបស់អតីតកីឡាករ Tottenham Hotspur កើតឡើងនៅក្នុងការបង្ហាញខ្លួនប្រកួតលើកទី៣ របស់គេនៅក្លិប LAFC។ ការប្រកួតរបស់ Son បានផ្ទេរមកក្លិបអាម៉េរិកក្នុងតម្លៃបំបែកកំណត់ត្រាជាង ២៧លានដុល្លារ គេនឹងមានការប្រកួតបន្ទាប់នៅថ្ងៃទី៣១ សីហា ដោយស្វាគមន៍ក្រុមភ្ញៀវ San Diego FC។

វត្តមាន Son ពាក់អាវលេខ ៧ ប្រចាំ LAFC បានធ្វើឱ្យគេផ្ទុះការចាប់អារម្មណ៍ខ្លាំងឡើងពីសំណាក់អ្នកគាំទ្រ ជាពិសេសអ្នកគាំទ្រនៅអាម៉េរិកផ្ទាល់។ 

ត្រឹមតែមួយសប្តាហ៍ដំបូងនៃវត្តមានរបស់កីឡាសញ្ជាតិកូរ៉េខាងត្បូង ក្លិប LAFC លក់អាវក្រុមមានលេខ ៧ របស់គេ ដាច់ខ្លាំង ហើយថែមទាំងវ៉ាកំណត់ត្រាលក់អាវដាច់បំផុតរបស់កំពូលកីឡាករបាល់ទាត់ Lionel Messi, Cristiano Ronaldo, LeBron James និង ​Stephen Curry ទៅទៀត។ នេះបើតាមការអះអាងរបស់លោក ​John Thorrington នាយកប្រតិបត្តិក្លិប LAFC។

លើសពីនេះ តម្លៃការលក់អាវរបស់កីឡាករវ័យ ៣៣ឆ្នាំ របស់ក្លិប LAFC ក៏មានការកើនឡើងតម្លៃខ្ពស់ឡើងៗ ដោយអាវខ្លះមានតម្លៃកើនពី ៣០០ដុល្លារទៅ ១ ៥០០ដុល្លារ ក៏មាន។

គូសរំឭកថា មុនផ្លាស់ទៅក្លិប LAFC ខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូង បានចាយពេល ១០ឆ្នាំ រួមរស់ជាមួយនឹងក្លិប Tottenham Hotspur ប្រចាំប្រទេសអង់គ្លេស ហើយនៅរដូវកាលចុងក្រោយរបស់គេ គេរួមចំណែកជួយក្រុមឈ្នះពានរង្វាន់ Europa League ជាពានអឺរ៉ុបដំបូងក្រុមខកខានឈ្នះជាង ៣០ឆ្នាំ និងពានរង្វាន់លើកដំបូងក្រុមបានឈ្នះក្នុងពេល ១៧ឆ្នាំ គិតចាប់តាំងពីឆ្នាំ ២០០៨ មក៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top