ក្លិបបាល់់ទាត់ព្រះខ័នរាជស្វាយរៀង បានបង្កើតកំណត់ត្រាថ្មីដ៏ល្អឥតខ្ចោះដោយបានឈ្នះលើដៃគូប្រកួតក្នុងលទ្ធផល ៣-០ ចំនួន ៤ ប្រកួតជាប់គ្នាដែលជាលទ្ធផលដ៏កម្រសម្រាប់ក្លិបបង្កើតសមិទ្ធផលដ៏ភ្ញាក់ផ្អើលបែបនេះ។
ព្រះខ័នរាជស្វាយរៀង បានយកឈ្នះ បឹងកេត ដោយលទ្ធផល ៣-០ សម្រាប់ការប្រកួតក្នុងសប្តាហ៍ទី៣ នៃលីគបាល់ទាត់កំពូលកម្ពុជារដូវកាល ២០២៥-២៦។ ៣គ្រាប់របស់ ព្រះខ័នរាជស្វាយរៀង រកបានដោយកីឡាករ Kwame Peprah ចំនួន ២ គ្រាប់តាំងពី ៥ នាទីដំបូងនៃវគ្គទី ១ និងគ្រាប់បាល់ទី៣រកបានដោយខ្សែការពារ សឿយ វិសាល នៅចុងវគ្គទី២។
ដូច្នេះសម្រាប់ការប្រកួតលីគ៣សប្តាហ៍ដំបូង ព្រះខ័នរាជស្វាយរៀង ធ្វើបានយ៉ាងល្អឥតខ្ចោះដោយ ស៊ុតចូលដៃគូ ៩ គ្រាប់ រកបាន៩ពិន្ទុ បន្តឈរលើកំពូល និងគ្មានដៃគូណាអាចស៊ុតចូលពួកគេបានឡើយ។
ជ័យជម្នះក្នុងលទ្ធផល ៣-០ បែបនេះគឺជាលើកទី៤ បន្ទាប់ពីធ្វើបានលទ្ធផលដូចគ្នា ៣ លើកមុនគឺ ឈ្នះ ណាហ្គាវើលដ៍ ៣-០ ក្នុងលីគសប្តាហ៍ទី១, ឈ្នះ អង្គរថាយហ្គឺរ ៣-០ ក្នុងលីគសប្តាហ៍ទី២ និងឈ្នះ Shan United ៣-០ ក្នុងពាន ASEAN Club Championship នៅប្រទេសមីយ៉ាន់ម៉ា៕
ប្រភព៖ KAMPUCHEATHMEY