ក្រុម​នារី ភ្នំពេញ​ក្រោន ប្រកួត​ជា​មួយ ក្រុម​ជើងឯក​លីគ​នារី​ឥណ្ឌា East Bengal យប់​នេះ​​

ក្រុម​ម្ចាស់​ជើង​ឯក​លីគ​នារី​កម្ពុជា ភ្នំពេញ​ក្រោន ត្រូវ​ប្រកួត​ជា​មួយ ក្រុមនារីរបស់​ឥណ្ឌា East Bengal វេលា​ម៉ោង​ ៧​យប់ ថ្ងៃ​ចន្ទ ទី​២៥ ខែ​សីហា ឆ្នាំ ២០២៥ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក សម្រាប់​ការ​ប្រកួត​សន្សំពិន្ទុ​ក្នុង​ពូល E ពាន​នារី​អាស៊ី AFC Women’s Champions League ឆ្នាំ ២០២៥។

នេះ​ជា​ការ​ប្រកួត​សន្សំពិន្ទុ​ដ៏​សំខាន់​ ក្រុម​ដែល​ទទួល​បាន​ជ័យជម្នះ មាន​ភាគ​រយ​ខ្ពស់​ក្នុង​ការ​ឡើង​ទៅ​ជុំ​ចុង​ក្រោយ​ឆ្នាំ ២០២៦។ ពូល E មាន​តែ ៣ ក្រុម​ប៉ុណ្ណោះ ដោយ​ត្រូវ​ធ្វើ​ការ​ប្រកួត​​តែ​ ២ លើក​ប៉ុណ្ណោះ​ ដូច្នេះ​បើ​ក្រុម​ណា ឈ្នះ ១ ប្រកួត​ដំបូង គឺ​មាន​សង្ឃឹម​តែ​ម្តង។ ទោះ​បី​ជា​យ៉ាង​ណា ក្រុម​នារី​ភ្នំពេញ​ក្រោន ត្រូវ​ធ្វើ​ការ​ធ្ងន់​មែន​ទែន​ដោយ​ប៉ះ​ក្រុម East Bengal ដែល​ជាក្រុម​ជើង​ឯក​លីគ​កំពូល​នារី​ឥណ្ឌា។

ក្រុម​នារី​ឥណ្ឌា East Bengal ត្រូវ​បាន​បង្កើត​ឡើង​​កាល​ពី​ឆ្នាំ ២០០១ ដែល​កំពុង​លេង​នៅ​លីគ​បាល់ទាត់នារី​កំពូល​ឥណ្ឌា។ ចាប់​តាំង​ពី​ចូល​រួម​ប្រកួត​លីគ​កំពូល​នៅ​ឆ្នាំ​ ២០០១ ពួក​គេ​ទើប​តែ​ឈ្នះ​ ជើង​ឯក លើក​ដំបូង​គឺ​នៅ​រដូវ​កាល ២០២៤-២៥ ដែល​ទទួល​បាន​កៅអី​ លេង​ពាន​រង្វាន់​អាស៊ី។ ជា​មួយ​គ្នា​នេះ ពួក​គេ​បាន​ឈ្នះ​ពាន Kanyashree Cup ៣​លើក និងពាន Women’s IFA Shield ១​លើក។

ក្រុម East Bengal ​បាន​ឈ្នះ​ពាន​រង្វាន់​ក្នុង​​ស្រុក​ ២​ ក្នុង​មួយ​រដូវ​កាល​ចុង​ក្រោយ។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ ពួក​គេ​ មាន​សមាជិក​បរទេស​ចំនួន ៤ នាក់​គឺ កីឡាការិនី Elshaddai Acheampong ​អាយុ​២១​ឆ្នាំ ជា​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ហ្គាណា។ ខ្សែ​បម្រើ Maurine Achieng សញ្ជាតិ​កេនយ៉ា, ខ្សែ​ប្រយុទ្ធ Resty Nanziri សញ្ជាតិអ៊ូហ្គង់ដា និង ខ្សែ​ប្រយុទ្ធ​សញ្ជាតិអ៊ូហ្គង់ដា Fazila Ikwaput។

កីឡាការិនី Fazila Ikwaput ជា​ខ្សែ​ប្រយុទ្ធ​ដ៏​គ្រោះ​ថ្នាក់ និង​មាន​បទ​ពិសោធ​ច្រើន បើ​ទោះ​ជា​អាយុ​ទើប ២៤ ឆ្នាំ។ គិត​ចាប់តាំង​ពី​ឆ្នាំ​ ២០១៦ ដល់ ២០២៥ កីឡាការិនី​រូប​នេះ​បាន​លេង​ឲ្យ​ក្លិប ៦ ផ្សេង​គ្នា ក្នុង​នោះ​រក​បាន ១១១ គ្រាប់​។ ជា​មួយ​គ្នា​នេះ រូប​គេ​បាន​ជាប់​ជម្រើស​ជាតិ​នារី អ៊ូហ្គង់ដា តាំង​ពី​ឆ្នាំ​ ២០១៦ ដោយ​បង្ហាញ​ខ្លួន​លើ​ឆាក​អន្តរជាតិ ១៥ លើក រក​បាន ១០ គ្រាប់​។

នេះ​ជា​លើក​ដំបូង​របស់​​ក្រុម​នារី​ភ្នំពេញ​ក្រោន​ដែល​ប្រកួត​អន្តរជាតិ​។ កន្លង​មក ពួក​គេ​មិន​ធ្លាប់​មាន​ប្រវត្តិ​ប្រកួត​អន្តរជាតិ​ឡើយ​ទាំង​កម្រិត​តំបន់​អាស៊ាន និង​អាស៊ី ប៉ុន្តែ​​ក្រុម​កីឡាការិនី​កម្ពុជា​មួយ​នេះមាន​បទ​ពិសោធ​ច្រើន​ជា​មួយ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​នារី​កម្ពុជា​លើ​ឆាក​អន្តរជាតិ។

ការ​ប្រកួត​បន្ទាប់ ក្រុម​នារី​ភ្នំពេញ​ក្រោន ត្រូវ​ប៉ះ​ក្រុម​ជើង​ឯកលីគ​នារី​ហុងកុង Kitchee នៅ​ថ្ងៃ​ទី​២៨ ខែ​សីហា ដែល​ជា​ការ​ប្រកួត​ចុង​ក្រោយ ប៉ុន្តែ​ជា​ការ​ប្រកួត​លើក​ទី១​សម្រាប់​ក្រុម​នារី​ហុងកុង ដែល​ត្រូវ​ប្រកួត​ចុង​ក្រោយ​ជា​មួយ​ក្រុម East Bengal នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ ២០២៥។

សូម​បញ្ជាក់​ថា ការ​ប្រកួត​ជម្រុះ​នេះ ជ្រើស​រើស​យក​តែ​ក្រុម​លេខ​១​ក្នុង​ពូល​ប៉ុណ្ណោះ ដើម្បី​ឡើង​ទៅ​ជុំ​ចុង​ក្រោយ​នៅ​ឆ្នាំ ២០២៦៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top