កីឡាករ កីឡាការិនីគុនល្បុក្កតោ ជាច្រើននាក់បានប្រមូលផ្ដុំគ្នាទៅសម្ដែងជូនមហាជនទស្សនាកម្សាន្តនៅឯមហាវិថីថ្មើរជើងដើម្បីប្រមូលថវិកាជួយដល់ជនភៀសសឹកនៅតាមបណ្ដោយព្រំដែន។
នេះបើតាមការឲ្យដឹងពីកីឡាករ ចាន់ ឬទ្ធីស័ក្តិ លើកឡើងថា ការរៀបចំសម្ដែងនេះគឺដឹកនាំដោយលោក ហែម ចិត្រ្ដា ដែលជាគ្រូបង្គោលនៅសាលាគុនល្បុក្កតោព្រះខ័នជ័យ ជាមួយសាលាគុនល្បុក្កតោសាកលវិទ្យាល័យជាតិគ្រប់គ្រង សាលាគុនបុរាណខ្មែរ ល័ក្ខរៃយ៉ុង ល្បុក្កតោ។ សរុបកីឡាករ កីឡាការិនីទាំងអស់មានចំនួន ២៥នាក់។
ក្រុមល្បុក្កតោខាងលើគឺបានសម្ដែងបាន ២សប្ដាហ៍រួចមកកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ កន្លងមកនេះ។ ការសម្ដែងគុនល្បុក្កតោជូនមហាជនបានទស្សនាកម្សាន្តអារម្មណ៍ដើម្បីកៀរគរប្រមូឡថវិកាជួយជនភៀសសឹកនេះនឹងធ្វើចំនួន ២ថ្ងៃបន្ដទៀតគឺថ្ងៃទី៣០ និង ៣១ ខែសីហា ឆ្នាំ២០២៥ ។ បន្ទាប់ពីសម្ដែងរួចរាល់ហើយនោះក្រុមការងារនឹងយកថវិកាដែលប្រមូលបានទាំងនេះទៅទិញសម្ភារប្រើប្រាស់ផ្សេងៗរួមទាំងគ្រឿងឧបភោគបរិភោគដើម្បីយកទៅឧបត្ថម្ភដល់ជនភៀសសឹកនៅតាមបណ្ដោយព្រំដែន។
បញ្ជាក់ដែរថា ការសម្ដែងគុនល្បុក្កតោនេះនៅសល់ ២ថ្ងៃទៀត ដូច្នេះបើមហាជនចង់ទស្សនា ឬចង់ចូលរួមឧបត្ថម្ភអាចអញ្ជើញទៅមហាវិថីថ្មើរជើងនៅថ្ងៃទី៣០ ដល់ ៣១ ខែសីហា ឆ្នាំ២០២៥ នេះ៕
ប្រភព៖ KAMPUCHEATHMEY