រកឃើញ​​២​ក្រុមស្រេចត្រូវរួមពូលនឹង ព្រះខ័នរាជស្វាយរៀង & ភ្នំពេញក្រោន ក្នុងពាន ACGL

ក្រុមតំណាងកម្ពុជា ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន បានរកឃើញ ២ ក្រុមត្រូវរួមពូលជាមួយពួកគេក្នុងពាន AFC Challenge League ទោះការចាប់ឆ្នោតបែងចែកពូលមិនទាន់បានធ្វើឡើងក៏ដោយ។

មុនការចាប់ឆ្នោតបែងចែកពូលធ្វើឡើងនៅថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ សីហា ឆ្នាំ ២០២៥ សហព័ន្ធបាល់ទាត់ទ្វីប អាស៊ី (AFC) បានបែងចែកក្រឡ (pot) ដាក់ក្រុមនីមួយៗជាផ្លូវការ ដោយផ្អែកទៅតាមចំណាត់ថ្នាក់របស់ពួកគេ។ សម្រាប់តំបន់ខាងកើត ក្រឡទី ១ មាន Manila Digger FC និង Dewa United, ក្រឡទី ២ មាន ព្រះខ័នរាជស្វាយរៀង និង Shan United, ក្រឡទី ៣ មាន Tainan City FC និង SP Falcons និងចុងក្រោយក្រឡទី ៤ មាន Ezra FC និង ភ្នំពេញក្រោន។

ជាលក្ខន្តិកៈក្នុងការចាប់ឆ្នោតបែងចែងពូលក្នុងពាន AFC Challenge League រដូវកាល ២០២៥-២០២៦ សម្រាប់តំបន់ខាងកើត នឹងត្រូវបែងចែកជា ២ ពូល គឺពូល D និង E។ ក្រុមត្រូវបានកំណត់ធ្វើជាម្ចាស់ផ្ទះរួមមាន ព្រះខ័នរាជស្វាយរៀង និង Dewa United នឹងមិនអាចនៅពូលជាមួយគ្នាបាននោះទេ ដោយពួកគេត្រូវស្ថិតនៅ ២ ពូលដាច់ពីគ្នាដោយស្វ័យប្រវត្តិ។

ចំណែកក្រុម ដែលមកពីប្រទេសជាមួយគ្នា ក៏មិនអាចស្ថិតនៅពូលជាមួយគ្នាបានផងដែរ។ ប្រការនេះមានន័យថា ព្រះខ័នរាជស្វាយរៀង នឹងស្ថិតនៅពូលផ្សេង ហើយ ភ្នំពេញក្រោន នឹងត្រូវចូលទៅក្នុងពូលជាមួយម្ចាស់ផ្ទះ Dewa United ដោយស្វ័យប្រវត្តិ។ រីឯក្រុម ដែលស្ថិតនៅក្នុងក្រឡជាមួយគ្នា គឺមិនអាចនៅពូលជាមួយគ្នាបានទេ ដោយពួកគេនឹងត្រូវចាប់ឆ្នោតទៅតាមពូលនីមួយៗ រួមមានពូល D ឬ E។

សរុបមកវិញ ផ្អែកតាមហេតុផលខាងលើ យើងអាចសន្មត់ថា ព្រះខ័នរាជស្វាយរៀង នឹងត្រូវនៅពូល D ឬ E ជាមួយ Manila Digger FC, Ezra FC។ ចំណែក ភ្នំពេញក្រោន ត្រូវស្ថិតនៅពូល D ឬ E ជាមួយ Dewa United, Shan United។ ដោយឡែក Tainan City FC និង SP Falcons ដែលស្ថិតនៅក្រឡទី ៣ គឺត្រូវរង់ចាំការចាប់ឆ្នោតសិន ថាតើពួកគេនឹងត្រូវស្ថិតនៅពូលមួយណា។

គួរបញ្ជាក់ជាថ្មីថា ការចាប់ឆ្នោតបែងចែកពូលពាន AFC Challenge League នឹងធ្វើឡើងនៅថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២៥ ហើយការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី ២៥ ខែ តុលា ដល់ថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០២៥៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top