ប្រធានក្លិប ISI៖ ទោះមិនមែនក្រុមធំ ឬចំណាយច្រើន តែក្លិបមានឆន្ទៈអភិវឌ្ឍន៍យូរអង្វែង

លោក កាំង សេន ប្រធានក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ បានលើកឡើងថា ទោះបីក្លិបរបស់ខ្លួន មិនមែនជាក្រុមធំ ឬចំណាយច្រើន តែក្លិបមានឆន្ទៈអភិវឌ្ឍន៍យូរអង្វែង ដើម្បីរួមចំណែកអភិវឌ្ឍន៍ និងកសាងធនធានមនុស្ស ទាំងគ្រូបង្វឹក និងកីឡាករជាដើម។

ការលើកឡើងនេះ បន្ទាប់ពីក្លិបបានចុះអនុស្សារណៈយោគយល់ លើការសហការឧបត្ថម្ភជាមួយក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម កាលពីចុងសប្ដាហ៍កន្លងទៅ ស្របពេលប្រធានក្លិបខាងលើ បានចាត់ទុកនេះគឺជាការចាប់ផ្ដើមដ៏ល្អ សម្រាប់រដូវកាលថ្មី ដោយរំពឹងនឹងទទួលបានកិច្ចសហការជាបន្ដបន្ទាប់ទៀត រាល់ការប្រកួតក្នុងដី ដើម្បីរួមចំណែកពង្រឹងក្លិប និងការប្រកួតប្រជែងកាន់តែល្អប្រសើរ។

លោក កាំង សេន បានសម្ដែងក្ដីរីករាយ ក្នុងការសហការជាមួយក្រុមហ៊ុនប្រេងឥន្ធនៈក្នុងស្រុកដំបូង ដែលទើបចូលរួមក្នុងវិស័យកីឡាបាល់ទាត់ ស្របជាមួយកាលៈទេសៈដ៏ល្អ ដែលក្រុមហ៊ុនត្រូវពបង្រឹងសក្ដានុពលរបស់ខ្លួន ក្នុងនាមក្រុមហ៊ុនក្នុងស្រុក ហើយក៏ជាការចាប់ផ្ដើមដ៏ល្អ ក្នុងការគាំទ្រវិស័យកីឡាជាតិ ក៏ដូចជាការបំផុសស្មារតីលើកស្ទួយការរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈវិស័យកីឡាផងដែរ។

លោកបន្ដថា «កិច្ចសហការនេះ ពិតជាល្អមែនទែន ដ្បិតភាគីទាំងពីរ មានគុណតម្លៃប្រហាក់ប្រហែលគ្នា ពោលគឺការផ្ដោតលើគុណភាព និងការអភិវឌ្ឍ ដែលមាននិរន្ដរភាព។ យើងឃើញ ប៊ីវីអឹម ជាក្រុមហ៊ុនស្រុក បង្កើតបានជាង ១៧ឆ្នាំមក ហើយដំណើរការរបស់គាត់មានសភាពយឺតៗ ប៉ុន្ដែនឹងនរ ដូចក្រុមយើងដែរ។ ក្រុមយើងមិនមែនជាក្រុមធំទេ ក្រុមតូចទេ ចាយលុយក៏អត់សូវធំដែរ តែយើងចង់ឃើញការអភិវឌ្ឍរបស់ក្លិបយូរអង្វែង។ នេះជាគុណតម្លៃមួយ ដែលខ្ញុំគិតថា យើងអាចដើរជាមួយគ្នាវែងឆ្ងាយ ព្រោះយើងផ្ដោតលើគុណភាព និងការអភិវឌ្ឍយូអង្វែង»

ជាមួយគ្នាលោកស្រី មាស គន្ធា នាយិការរងក្រុមហ៊ុនខាងលើ បានសម្ដែងក្ដីរីករាយ ដែលបានបោះជំហានថ្មី ក្នុងវិស័យកីឡា ដែលជាចំណែកមួយដ៏សំខាន់ក្នុងជីវិតមនុស្ស និងសង្គម បន្ទាប់ពីកន្លងមកក្រុមហ៊ុនបានចូលរួមសកម្មភាពជាច្រើន ក្នុងវិស័យអប់រំ និងសុខាភិបាលជាដើម ។ លោកស្រី សង្ឃឹមថា កិច្ចសហការមួយនេះ នឹងជំរុញការអភិវឌ្ឍក្លិបរហស្សនាមដំរីជ័យ ឆ្ពោះទៅរកភាពរីកចម្រើន និងការប្រកួតប្រជែងកាន់តែខ្ពស់ ទាំងក្នុង និងក្រៅប្រទេសនាថ្ងៃអនាគត៕

ប្រភព៖ FRESH NWES

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top