ក្រុម ឥណ្ឌូណេស៊ី Jakarta Bhayangkara ជាឧសគ្គធំរបស់ វិសាខា ពានប៉ូលិស​អន្តរជាតិ នៅ​វៀតណាម

ក្រុមបាល់ទះមកពី ឥណ្ឌូណេស៊ី Jakarta Bhayangkara ត្រូវបានគេចាត់ទុកជាឧបសគ្គធំបំផុតរបស់ក្រុមបាល់ទះ វិសាខា ក្នុងពានរង្វាន់ International Police Volleyball Tournament ឆ្នាំ ២០២៥ នៅប្រទេស វៀតណាម។

ក្រុមបាល់ទះ វិសាខា បានកក់កៅអីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ ប៉ូលិសអន្តរជាតិ ជាមួយក្រុម The Cong-Tan Cang ជាផ្លូវការហើយ បន្ទាប់ពីឆ្លងកាត់ ២ ប្រកួត ឈរលេខ ១ ក្នុងពូល A ដោយបានយកឈ្នះលើក្រុម The Cong-Tan Cang ៣ សិតទល់នឹង ១ និងប្រកួតចុងក្រោយកាលពីថ្ងៃ ពុធ ទី ២៧ ខែ សីហា ឆ្នាំ ២០២៥ ម្សិលមិញ បានយកឈ្នះលើក្រុម Lao Ministry of Public Security ក្នុងលទ្ធផល ៣ សិតទល់នឹង ០។

បើងាកមកមើលពូល B វិញ ក៏បានរកឃើញ ២ ក្រុមរួចរាល់ហើយដែរ ដែលបានកក់កៅអីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដ្បិតនៅសល់ ១ ប្រកួតទៀតក៏ដោយ រួមមានក្រុម Jakarta Bhayangkara និង Ha-Noi។ ប៉ុន្តែក្រុមទាំង ២ នៅមិនទាន់ដឹង ថាតើក្រុមណាមួយ ដែលនឹងត្រូវជួបក្រុម វិសាខា ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅឡើយទេ ដោយត្រូវរង់ចាំពួកគេប្រកួតគ្នា ក្នុងការប្រកួតចុងក្រោយប្រចាំពូល B នាល្ងាចម៉ោង ៤ ថ្ងៃទី ២៨ ខែ សីហា ។

សម្រាប់ វិសាខា អាចនឹងមានឱកាសជួបក្រុម Jakarta Bhayangkara របស់ ឥណ្ឌូណេស៊ី នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឬនៅវគ្គផ្តាច់ព្រ័ត្រ ប្រសិនបើក្រុមទាំង ២ ធ្វើបានល្អដូចគ្នា។ ដ្បិតក្រុមទាំង ២ មិនទាន់ដឹង ថាអាចបានជួបគ្នា ឬក៏អត់ក៏ដោយ ប៉ុន្តែក្រុម Jakarta Bhayangkara ត្រូវបានគេមើលឃើញជាក្រុមខ្លាំងមួយប្រចាំពានរង្វាន់នេះ មិនខុសពី វិសាខា ឡើយ។

Jakarta Bhayangkara ជាក្រុមបាល់ទះដ៏ខ្លាំងមួយនៅក្នុងប្រទេស ឥណ្ឌូណេស៊ី បច្ចុប្បន្ន។ ក្លិបនេះទើបបង្កើតឡើងនៅឆ្នាំ ២០២២ ប៉ុណ្ណោះ ប៉ុន្តែពួកគេបានបង្ហាញសក្តានុពលយ៉ាងខ្លាំងក្លា ដោយនៅរដូវកាល ២០២៣-២០២៤, ២០២៤-២០២៥ ពួកគេបានឈ្នះជើងឯកលីគ ឥណ្ឌូណេស៊ី Indonesia Proliga ២ រដូវកាលជាប់គ្នា។ កាលពីពេលថ្មីៗនេះ ពួកគេទើបតែបានឈ្នះមេដាយមាសព្រឹត្តិការណ៍ World Police and Fire Games 2025 នៅ សហរដ្ឋអាមេរិក ទៀតផង។

បើក្រឡេកទៅមើលសមាសភាពកីឡាករវិញ ពួកគេមានកីឡាករល្អៗជាច្រើន ប៉ុន្តែមានសមាជិកក្រុមជម្រើសជាតិ ឥណ្ឌូណេស៊ី ២ នាក់ ដែលគួរឱ្យចាប់អារម្មណ៍បំផុត ដូចជាអ្នកវាយផ្តាច់ Agil Angga Anggara និង អ្នកលើកបាល់ Alfin Daniel Pratama។

គួរឱ្យដឹងថា ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន ប៉ូលិសអន្តរជាតិ នេះ នឹងធ្វើឡើងនៅថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០២៥ ស្អែកនេះ៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top