កូនសិស្សលោក ពេជ្រ សុផាន់ គឺកីឡាករ ពេជ្រ អាទិទេព ដាក់ក្ដីសង្ឃឹមរហូត ៦០% ក្រសោបយកប្រាក់លានពីកម្មវិធីអ្នកចម្បាំងអូដ្ឋស្អែកនេះនៅសង្វៀនបាយ័ន ខណៈបេក្ខភាព ៣នាក់ទៀតមានខ្មែរ ១ បរទេស ២ ។
លើកឡើងក្នុងកិច្ចសម្ភាស ពេជ្រ អាទិទេព ថាខ្លួនជឿជាក់លើសមត្ថភាព និងការហ្វឹកហាត់របស់ខ្លួនឯងនាពេលកន្លងទៅនេះ។ ដូច្នេះសម្រាប់ការប្រកួតនៅថ្ងៃស្អែកនេះរូបគេមានជំនឿចិត្តរហូតដល់ ៦០% នឹងដណ្ដើមប្រាក់លានបាន។
អាទិទេព លើកឡើងទៀតថា បេក្ខភាពបរទេស ២រូបទៀតនោះគឺមិនដែលធ្លាប់ជួបប្រកួតពីមុននោះទេ។ ប៉ុន្តែបើកីឡាករកម្ពុជា ផៃ លីហេង គឺធ្លាប់ជួបគ្នា ១ដងរួចហើយ។ កូនសិស្សគ្រូឆ្នើមរូបនេះបន្ថែមទៀតបើខ្លួនបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រ និង ផៃ លីហេង បានឡើងទៅដែរគឺដឹងតែល្អមើល ព្រោះជាឱកាសដែលដៃគូចាស់អាចសងសឹកមកលើខ្លួនបន្ទាប់ពីធ្លាប់ចាញ់ពីមុនមក។
បញ្ជាក់ដែរថា កម្មវិធីអ្នកចម្បាំងអូដ្ឋរបស់សង្វៀនបាយ័នស្អែកនេះនឹងមានការប្រកួតម៉ារ៉ាតុងដណ្ដើមប្រាក់លានក្នុងនោះមានបេក្ខភាពកម្ពុជា ២រូប និងបរទេស ២រូប។ កម្ពុជាគឺមានកីឡាករ ពេជ្រ អាទិទេព និងកីឡាករ ផៃ លីហេង ចំណែកបរទេសមានកីឡាករ Leando Douglas និងកីឡាករ Petchnongua Nagagym។ រង់ចាំមើលបេក្ខភាពទាំង៤នាក់នេះនរណានឹងដណ្ដើមបានប្រាក់លានស្អែកនេះ៕
ប្រភព៖ KAMPUCHEATHMEY