(វ៉ាស៊ីនតោន)៖ កីឡាករវាយកូនបាល់ទោលលំដាប់លេខ១ ពិភពលោក Jannik Sinner បានបន្តឆ្លងចូលជុំទី៣ នៃកម្មវិធី US Open 2025 នៅសហរដ្ឋអាមេរិក អមដោយកំណត់ត្រាជ័យជម្នះកើនដល់ ២៣ប្រកួតជាប់ៗគ្នាទៀតផង។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
កីឡាករវ័យក្មេងរបស់អ៉ីតាលីរូបនេះ ពុំដែលចាញ់ការប្រកួតណាមួយឡើយ សម្រាប់ ២ប្រកួតបើកឆាកនៃកម្មវិធីស្ថិតក្នុងក្របខណ្ឌ Grand Slam មួយនេះ។
Sinner ដែលបានយកឈ្នះ Vit Kopriva ក្នុងជុំទី១ មកនោះ បានបន្តទម្លាក់គូប្រជែង Alexei Popyrin ឈរនៅចំណាត់ថ្នាក់ទី៣៦ ពិភពលោកដោយស្រួលថែមទៀត តាមរយៈប្រើពេលជាង ២ម៉ោង ដោយពិន្ទុ ៦-៣ ៦-២ និង ៦-២ នៅឯទីលាន Arthur Ashe ស្ថិតក្នុងរដ្ឋ New York។
ទោះជាយ៉ាងណា ម្ចាស់ការពារតំណែងជើងឯក US Open រូបនេះ នៅតែពុំទាន់ពេញចិត្តចំពោះលទ្ធផលទាំងស្រុងនេះទេ និងថា នៅមានចំណុចបន្ថែមទៀតដែលត្រូវអភិវឌ្ឍន៍។ លោកថា «ខ្ញុំមានអារម្មណ៍ថា ពួកយើងលេងមិនទាន់អស្ចារ្យ គ្រាន់តែខ្ញុំធ្វើបានល្អជាងដៃគូប្រកួត ជាពិសេសនៅត្រង់សិតទី២។ ជាការពិត ខ្ញុំពិតជារីករាយចំពោះជ័យជម្នះនេះ។ កាលពីមុនខ្ញុំតែងតែមានបំណងអភិវឌ្ឍន៍ខ្លួនជានិច្ច និងក្រោយមក នៅពេលចប់ការប្រកួត មានអារម្មណ៍ថា ស្រួលទៅវិញ»៕
ប្រភព៖ FRESHNEWS