សហព័ន្ធកីឡាទោចក្រយានកម្ពុជា ប្រកាសទទួលចុះឈ្មោះចាប់ពីពេលនេះតទៅសម្រាប់អ្នកដែលចង់ចូលរួមការប្រកួតប្រណាំងកង់ភ្នំ (Men Mountain Bike Open) ចម្ងាយ ៣០Km ដែលនឹងប្រព្រឹត្តិទៅនៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។
នេះបើតាមសេចក្ដីប្រកាសលើផេកផ្លូវការរបស់សហព័ន្ធកីឡាទោចក្រយាន នៅថ្ងៃនេះបានបញ្ជាក់ថា ដោយទទួលបានការអនុញ្ញាត និងសហការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ ដែលមានក្រសួងទេសចរណ៍ រដ្ឋបាលខេត្តព្រះសីហនុ គណៈកម្មាធិការជាតិអូឡាំពិកកម្ពជា សហព័ន្ធកីឡាទោចក្រយានកម្ពុជា សូមជម្រាបជូនដល់អ្នកស្នេហាកីឡាទោចក្រយានទាំងអស់មេត្តាជ្រាបថា សហព័ន្ធនឹងរៀបចំកីឡាប្រណាំងទោចក្រយាន លើវិញ្ញាសាកង់ភ្នំបុរសទូទៅ (Men Mountain Bike Open) ចម្ងាយផ្លូវ ៣០គីឡូម៉ែត្រ ទីតាំងជួបជុំកីឡាករនៅទីលានឆ្នេរតេជោ ខេត្តព្រះសីហនុ នាវេលាព្រឹកថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ។
ការទទួលចុះឈ្មោះចាប់ពីថ្ងៃផ្សាយជូនដំណឹងនេះរហូតដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ៥:០០ល្ងាច។ បញ្ជាក់:ការចុះឈ្មោះចូលរួមប្រកួតនេះគឺកីឡាករមិនមានការបង់ប្រាក់នោះទេ។ លក្ខខណ្ឌចូលរួម៖
-កីឡាករជាតិ និងអន្តរជាតិ
-កីឡាករត្រូវមានអាយុចាប់ពី ១៥ឆ្នាំឡើងទៅ
-កីឡាករត្រូវមានកង់ភ្នំ មានប៊ូមខាងមុខ, មានសំបក់កង់ចាប់ពី 1.90 ឡើងទៅ និងមានថាសខាងមុខមិនលើសពី 40T ឡើយ។
បញ្ជាក់ដែរថា ប្រសិនបើកីឡាករចាប់អារម្មណ៍ ឬចង់ចុះឈ្មោះចូលរួមព្រឹត្តិការណ៍កីឡាទេសចរណ៍នៅខេត្តព្រះសីហនុនេះអាចទំនាក់ទំនងទៅលេខទូរសព្ទ ឬតេឡេក្រាមនេះ 086 684 015 ។ ក្រៅតែពីការចូលរួមប្រកួតទទួលបានភាពសប្បាយរីករាយហើយនោះអ្នកជាប់ចំណាត់ថ្នាក់ពីលេខ១ ដល់ ៣ នឹងទទួលបានប្រាក់រង្វាន់ចាប់ពី ៨០ម៉ឺនរៀលរហូតដល់ ២លានរៀលទៀតផង៕
ប្រភព៖ KAMPUCHEATHMEY