ខ្សែបម្រើប្រយុទ្ធសញ្ជាតិ ព័រទុយហ្គាល់ កីឡាករ Bruno Fernandes កំពុងគិតគូចង់ចាកចេញពីក្លិបបិសាចក្រហម Manchester United នៅចុងបញ្ចប់រដូវកាល ២០២៥-២០២៦ បន្ទាប់ពីស្នាក់នៅទីនេះអស់រយៈពេល ៥ ឆ្នាំ។
អំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ នាខែ មិថុនា កន្លងទៅ Bruno ត្រូវបានក្លិប Al-Hilal នៃលីគ អារ៉ាប៊ីសាអ៊ូឌីត ដាក់សំណើចង់ទិញផ្តាច់យកគេពី Man United ក្នុងតម្លៃ ១៣៥ លានដុល្លារអាមេរិក និងឱ្យប្រាក់ឈ្នួលខ្ពស់កប់ពពករហូតដល់ទៅ ៩៤.៥ ម៉ឺនដុល្លារអាមេរិក ក្នុងមួយសប្តាហ៍។
ប៉ុន្តែបន្ទាប់ពីធ្វើការពិចារណាយ៉ាងហ្មត់ចត់ ខ្សែបម្រើសញ្ជាតិ ព័រទុយហ្គាល់ វ័យ ៣០ ឆ្នាំបានសម្រេចចិត្តបដិសេធនូវសំណើនេះ ហើយបានយល់ព្រមស្នាក់នៅជាមួយក្រុមបិសាចក្រហមបន្តទៀត។ ទោះបីជាយ៉ាងណា សារព័ត៌មាន Mail បានចុះផ្សាយថ្មីៗនេះថា Bruno នឹងបើកចិត្តទទួលយកគម្រោងថ្មីនៅចុងបញ្ចប់រដូវកាល ២០២៥-២០២៦ ហើយគាត់អាចនឹងពិចារណាផ្លាស់ទៅកាន់ក្លិបនៅ អារ៉ាប៊ីសាអ៊ូឌីត, លីគ MLS របស់សហរដ្ឋអាមេរិក ឬក្រុមលំដាប់កំពូលណាមួយក្នុងតំបន់ អឺរ៉ុប។
គួរឱ្យដឹងថា Bruno ត្រូវបាន Man United ចុះកិច្ចសន្យាយកបាននៅរដូវក្តៅឆ្នាំ ២០២០ ខណៈកិច្ចសន្យារបស់គេ គឺនៅសល់រយៈពេល ២ ឆ្នាំទៀត ពោលគឺដល់ខែ មិថុនា ឆ្នាំ ២០២៧៕
ប្រភព៖ KAMPUCHEATHMEY