ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលពានរង្វាន់ International Police Volleyball Tournament ឆ្នាំ ២០២៥ នៅប្រទេស វៀតណាម បានបញ្ចប់វគ្គសន្សំពិន្ទុក្នុងពូលហើយ ខណៈក្រុមបាល់ទះ វិសាខា ស្ថិតក្នុងចំណោមក្រុមទាំង ៤ ដែលទទួលបានកៅអីឡើងទៅកាន់វគ្គពាក់កណ្តាលព្រ័ត្រ។
ក្រុមបាល់ទះ វិសាខា បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងនាមជាក្រុមកំពូលតារាងពូល A ដោយឆ្លងកាត់ ២ ប្រកួតឈ្នះទាំង ២ ប្រកួត។ ក្រុម The Cong-Tan Cang ឈរលេខ ២ ក្នុងពូល ដោយឆ្លងកាត់ ២ ប្រកួតពួកគេឈ្នះ ១ និងចាញ់ ១។
ដោយឡែកពូល B ក្រុមខ្លាំងមកពី ឥណ្ឌូណេស៊ី Jakarta Bhayangkara ស្ថិតនៅកំពូលតារាង ដោយឆ្លងកាត់ ២ ប្រកួត ពួកគេឈ្នះទាំង ២ ប្រកួត។ ចំណែកក្រុម Vietnam People’s Police ស្ថិតនៅលេខ ២ ដោយឆ្លងកាត់ ២ ប្រកួត ពួកគេឈ្នះ ១ និងចាញ់ ១។
យ៉ាងណាមិញ សម្រាប់គូប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក៏បានរកឃើញជាផ្លូវការហើយដែរ ក្នុងនោះក្រុម វិសាខា នឹងត្រូវជួបជាមួយក្រុម Vietnam People’s Police។ រីឯក្រុម Jakarta Bhayangkara នឹងត្រូវជួបក្រុម The Cong-Tan Cang។
គួរបញ្ជាក់ថា ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន ប៉ូលិសអន្តរជាតិ នឹងធ្វើឡើងនៅថ្ងៃទី ២៩ ខែ សីហា នេះ ដោយក្រុម វិសាខា ត្រូវជួបជាមួយក្រុម Vietnam People’s Police ម៉ោង ៤ ល្ងាច។ ចំណែក ១ គូទៀត ក្រុម Jakarta Bhayangkara ត្រូវជួបក្រុម The Cong-Tan Cang នៅម៉ោង ៦ ល្ងាច៕
ប្រភព៖ KAMPUCHEATHMEY