លោក​ កែវ សុខង៉ន ថា «សំណាង​អត់​នៅ​ខាង​យើង​សម្រាប់​​​​ក្រុម​នារី​ភ្នំពេញ​ក្រោន ក្នុង​ពាននារី AFC»

ក្រុម​បាល់ទាត់​នារី ភ្នំពេញ​ក្រោន បាន​អស់​ឱកាស​ឡើង​ទៅ​វគ្គ​បន្ត​ហើយ បន្ទាប់​ពី​ស្មើ ១ និង​ចាញ់ ១​ សម្រាប់​ការ​ប្រកួត​សន្សំពិន្ទុ​ក្នុង​ពូល ជុំ​ទី១ ពាន​រង្វាន់​នារីអាស៊ី AFC Women’s Champions League ឆ្នាំ ២០២៥។

ការ​ប្រកួត​ទី១ ក្រុម​នារី ភ្នំពេញ​ក្រោន បាន​ចាញ់ក្រុម​នារី​របស់​ឥណ្ឌា East Bengal ដោយ​លទ្ធផល ០-១ កាល​ពី​ថ្ងៃ​ទី ២៥ ​ខែ​សីហា ឆ្នាំ ២០២៥។ ការ​ប្រកួត​នេះ ក្រុម​តំណាង​កម្ពុជាមាន​ឱកាស​ល្អ​ច្បាស់​ ២ ដង​នៅ​មុខ​ទីរបស់​ក្រុម​នារី​ឥណ្ឌា ប៉ុន្តែ​ធ្វើ​​មិន​បាន​សម្រេច​គ្រាប់​បាល់។ ការ​ប្រកួត​ទី​២ ក្រុម​នារី​ភ្នំពេញ​ក្រោន បាន​ស្មើ ៣-៣ ជា​មួយ ក្រុម​នារី​របស់ហុងកុង Kitchee យប់​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ ២០២៥។ ការ​ប្រកួត​នេះ ​ក្រុម​របស់​ហុងកុង បាន​នាំ​មុខ ០-២ ទៅ​ហើយ ប៉ុន្តែ​ក្រុម​នារី​ភ្នំពេញ​ក្រោន បាន​វាយ​បក​​ដើម្បី​នាំ​មុខ ៣-២។ យ៉ាង​ណា នៅ​ចុង​ម៉ោង​៩០+៤ ក្រុម​នារី​ហុងកុង បាន​តាម​ស្មើ ៣-៣។

ក្រោយ​ចប់​ការ​ប្រកួត លោក កែវ សុខង៉ន អ្នក​ចាត់​ការ​ទូទៅ​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោន  បាន​លើក​ឡើង​ថា ក្រុម​នារី​ភ្នំពេញ​ក្រោន​មាន​ឱកាស​ឈ្នះ​ទាំង​ពីរ​ប្រកួត ប៉ុន្តែ​ហាក់​គ្មាន​សំណាង​សោះ។ ក្រុម​ទាំង​ពីរដែល​ជា​ដៃ​គូ​មិន​មាន​កម្រិត​ខ្លាំង​លើស​ក្រុម​នារី​ភ្នំពេញ​ក្រោន​ប៉ុន្មាន​ឡើយ។

លោក​បាន​ប្រាប់​កូន​ក្រុម​​ដើម្បី​លើក​កម្លាំង​ស្មារតី​ថា ៖«យើង​មាន​ឱកាស​ឈ្នះ​ទាំង​ពីរ​ប្រកួត​ហ្នឹង ប៉ុន្តែ​​សំណាង​អត់​នៅ​ខាង​យើង។ ត្រឡប់​ទៅ​​វិញ​ អ្នក​ដែល​​អត់​មាន​ឱកាស​បង្ហាញ​សមត្ថភាព​ពេល​នេះគឺ​ត្រូវ​ខិត​ខំ​ហ្វឹក​ហាត់​បន្ថែម​ទៀត។ យើង​មិន​ត្រូវ​​ទន់​ខ្សោយ​ យើង​ត្រូវ​ការ​ខ្លាំង។ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ យើង​ត្រូវ​ការ​ពង្រឹង​ខ្លួន​ឯង​ជា​និច្ច។ ពាន​រង្វាន់​នេះ បើ​យើង​ឈ្នះ​ជើង​ឯក​លីគ យើង​នឹង​បាន​លេង​ទៀត»។

«យើង​ជា​ភ្នំពេញ​ក្រោន យើង​មិន​ត្រូវ​បោះ​បង់​ទេ។ ពួក​គេ​យើង​អត់​មាន​អ្វី​ដែល​ត្រូវ​ពិបាក​ចិត្ត​ទេ។ ចាញ់​ការ​ប្រកួត ស្មើ​ការ​ប្រកួត​ថ្ងៃ​នេះ យើង​អត់​មាន​សំណាង​។ ពិបាក​ចិត្ត​ក៏​អត់​ជួយ​អ្វីបាន​ដែរ។ យើង​ត្រូវ​ប្រមូល​ស្មារតី​ឡើង​វិញ​​សម្រាប់​ការ​ប្រកួត​លីគ​។ បើ​យើង​ចង់​លេង​ពាន​អាស៊ី​នេះ​ទៀត យើង​ត្រូវ​ខំ​ប្រឹង យើង​ត្រូវ​ខ្លាំង​ជាង​នេះ។ ក្រុម​គេ​ក៏​មិន​មាន​អ្វី​លើស​យើង​ប៉ុន្មាន​ដែរ។ គ្មាន​នរណា​ម្នាក់​ចង់​ចាញ់​ទេ គ្មាន​នរណា​ម្នាក់​​មាន​កំហុសទេ។ យើង​ខុស​ទាំង​អស់​គ្នា យើង​ចាញ់​ទាំង​អស់​គ្នា ​យើង​ឈ្នះ​ទាំង​អស់​គ្នា។ ទៅ​វិញ​សម្រាក​ ៣ ​ថ្ងៃឲ្យ​ស្រួល​ ឈប់​គិត​ពី​បាល់ទាត់ ហើយយើង​ត្រឡប់​វិញ​ដោយ​ចាប់​ផ្តើម​ជា​ថ្មី»។

ក្រុម​នារី​ភ្នំពេញ​ក្រោន បាន​បញ្ចប់​​​ការ​ប្រកួត​សន្សំពិន្ទុ​ពូល E ហើយ បន្ទាប់​ពី​ឆ្លង​កាត់ ២​ ប្រកួត ប៉ុន្តែ​ក្រុម​នារី​ឥណ្ឌា East Bengal និង Kitchee ត្រូវ​ប្រកួត​លើក​ទី​២ នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា ដើម្បី​រក​ក្រុម​ចំណាត់​ថ្នាក់​លេខ​១​ក្នុង​ពូល​ឡើង​ទៅ​ជុំ​ចុង​ក្រោយ នៅ​ឆ្នាំ ២០២៦៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top