សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា នឹងបញ្ជូនគ្រូបង្វឹក និងអត្ដពលិក សរុប ៧នាក់ ទៅបោះជំរំហ្វឹកហាត់ នៅប្រទេសកូរ៉េខាងត្បូង កន្លះខែមុនការប្រកួតជើងឯកអាស៊ី។ តាមរយៈការហ្វឹកហាត់របស់អត្ដពលិកកម្ពុជា លោក យី សារិន គ្រូជម្រើសជាតិកីឡាសូហ្វតិន្នីសកម្ពុជា មានជំនឿចិត្ត ៧០ភាគរយ លើកូនក្រុមក្នុងការដណ្ដើមមេដាយជើងឯកអាស៊ីនេះ។
ការប្រកួតកីឡាសូហ្វតិន្នីសជើងឯកអាស៊ី The 9th Mungyeong Asian Soft Tennis Championships 2025 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥-២១ កញ្ញា ឆ្នាំ២០២៥ នៅទីក្រុង Mungyeong ប្រទេសកូរ៉េខាងត្បូង។ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានបញ្ជូនកីឡករ ៣រូប និងកីឡាការិនី ៣រូប រួមជាមួយគ្រូបង្វឹក ១រូប ទៅបោះជំរំហ្វឹកហាត់ ទីនោះតែម្តងដើម្បីត្រៀមខ្លួនចូលរួមប្រកួតព្រឹត្តិការណ៍នេះ។ ការបោះជំរំហ្វឹកហាត់ គឺគិតចាប់ពីថ្ងៃទី៣១ សីហា ដល់ថ្ងៃទី១៣ កញ្ញា ឆ្នាំ២០២៥។
យោងទៅលើការផ្សាយរបស់ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ លោក យី សារិន មានជំនឿចិត្ត ៧០ភាគរយ ដែលអត្ដពលិកកម្ពុជា អាចដណ្ដើមបានមេដាយក្នុងព្រឹត្តិការណ៍នេះ។
«ជាកីឡាករ កាលណាយើងចេញទៅប្រកួត យើងតែងតែមានសង្ឃឹម និងឆន្ទៈមុះមុតក្នុងការប្រកួត។ យើង មិនត្រូវបាក់ទឹកចិត្តមុនទេ ក្នុងនោះយើងសង្ឃឹម ៦០-៧០ភាគរយ ដើម្បីប្រឹងប្រែងយកមេដាយ។ ការប្រកួតកីឡាតែងមានចាញ់មានឈ្នះ ប៉ុន្ដែទន្ទឹមនឹងការឈ្នះចាញ់ យើងត្រូវពុះពារឲ្យអស់ នូវកម្លាំងកាយ ដែលយើងមានទាំងប៉ុន្មាន។»។
គួរបញ្ជាក់ផងដែរថា ប្រតិភូ ៧នាក់ ត្រូវទៅបោះជុំរុំហ្វឹកហាត់នៅទីក្រុង Mungyeong មានដូចជា លោក គីម ហ្គាន់ជុង គ្រូបង្វឹក, កីឡាករ ឌឹម សំសុជាភារុណ, សំ ចាន់កាប៊ី, សាយ សុចិត្ត្រា, កីឡារិនី ឃី ម៉េងជួង, ឆាន ឈាវហួយ និងកីឡាការិនី ឃុន ចន្ទរ៉ូសិកា៕
ប្រភព៖ THMEYTHMEY