Wilson ផ្តួល Allen ដើម្បីឡើងទៅប៉ះ Xiao ដណ្តើមពាន Wuhan Open 2025 ដែលមានទឹកប្រាក់ ១៤ម៉ឺនផោន

(វូហាន)៖ កីឡាករស្នូកឃ័រ Gary Wilson បានបញ្ចប់កីឡាករអៀរឡង់ខាងជើង Mark Allen ត្រឹមវគ្គ ៤នាក់ចុងក្រោយយប់មិញ ដើម្បីឡើងវគ្គផ្តាច់ព្រ័ត្រប៉ះ Xiao Guodong ដែលជាម្ចាស់ការពារតំណែងជើងឯក Wuhan Open កាលឆ្នាំ២០២៤ ជាមួយនឹងកញ្ចប់ទឹកប្រាក់សរុប ១៤០,០០០ផោន។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កីឡាករអង់គ្លេស Wilson ឈរនៅចំណាត់ថ្នាក់លេខ១៨ ពិភពលោក បានវាយបកតាមពីក្រោយ គូប្រជែងលេខ១១ Allen និងបានយកឈ្នះ ៥ហ្វ្រេមជាប់ៗគ្នា ដើម្បីកំណត់ជ័យជម្នះតែម្តង ក្នុងការឡើងទៅប៉ះកីឡាករម្ចាស់ផ្ទះចិន Xiao ឈរលេខ១៤ ពិភពលោក ក្រោយឈ្នះ Mark Williams ៦-៣ ពីក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នា។

Xiao ដែលមកពីតំបន់ Chongqing នៅជិតខេត្ត Hubei នៃទីក្រុង Wuhan បានបើកការនាំមុខដោយពិន្ទុ ៧៥ បន្ទាប់ពី ៤សិតដំបូងស្មើគ្នា នៅមុនពេលកីឡាករវ៉េល Williams ស្ថិតនៅចំណាត់ថ្នាក់លេខ៥ ធ្វើបានលទ្ធផលស្មើ ៣-៣ ទៀត មុនពេលបរាជ័យ ៣សិតចុងក្រោយ។

ក្រោយទទួលបានជ័យជម្នះរួចមក Xiao បានថ្លែងថា «វាពិតជាកិត្តិយសខ្លាំងណាស់ ក្នុងការលេងទល់នឹងកីឡាករនិម្មិតរូបដូចជា Williams នេះ»។

ជំនួបផ្តាច់ព្រ័ត្រ Wuhan Open 2025 រវាង Gary Wilson និង Xiao Guodong នឹងធ្វើឡើងនាល្ងាចថ្ងៃសៅរ៍ ទី៣០ ខែសីហានេះ ដោយមាន ១៩ហ្វ្រេមដ៏អស្ចារ្យចាប់ផ្តើមនាម៉ោង ០៧៖០០នាទី (ម៉ោងក្នុងតំបន់)៕

ប្រភព៖ FRESHNEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top