ក្លិប Nottingham Forest ដែលស្ថិតនៅក្របខណ្ឌ Premier League របស់ អង់គ្លេស កំពុងចាប់អារម្មណ៍ចង់បានគ្រូបង្វឹកសញ្ជាតិ ព័រទុយហ្គាល់ លោក Jose Mourinho ទៅដឹកនាំនៅរដូវកាលនេះ។
ក្លិប Fenerbahce បានប្រកាសបញ្ចប់តំណែងលោក Mourinho ជាផ្លូវការហើយ បន្ទាប់ពីលោកមិនអាចជួយឱ្យក្រុមនៃលីគកំពូល តួកគី ឆ្លងផុតវគ្គជម្រុះបឋម (play-off) នៃពានរង្វាន់ UEFA Champions League ក្រោយចាញ់ក្រុម Benfica ក្នុងលទ្ធផល ១ ទល់នឹង ០។
ក្រោយទទួលដំណឹងពីលោក Mourinho ចាកចេញពី Fenerbahce ពេលនេះក្លិប Nottingham Forest បានកំណត់គោលដៅលើបុរសសញ្ជាតិ ព័រទុយហ្គាល់ រហស្សនាម “Special One” ដើម្បីមកជំនួសគ្រូបង្វឹកបច្ចុប្បន្នរបស់ពួកគេលោក Nuno Espirito។ លោក Espirito ត្រូវបានគេដឹងថា អាចនឹងត្រូវចាកចេញពី Nottingham Forest ឆាប់ៗ បន្ទាប់ពីទំនាក់ទំនងរបស់លោកជាមួយនឹងប្រធានក្លិបលោក Evangelos Marinakis ហាក់មានភាពរកាំរកូស។
ពាក់ព័ន្ធនឹងរឿងនេះ លោក Mick Brown ដែលជាអតីតគ្រូជំនួយ Manchester United និង Sunderland ជឿជាក់ថា លោក Mourinho នឹងទទួលយកសំណើមកដឹកនាំក្លិប Nottingham Forest ព្រោះបុរសសញ្ជាតិ ព័រទុយហ្គាល់ រូបនេះធ្លាប់បានបង្ហើបរួចហើយ ថា លោកគឺមានបំណងចង់ត្រឡប់មកដឹកនាំក្លិបនៅ Premier League វិញ។
គួរឱ្យដឹងថា លោក Mourinho ធ្លាប់មានបទពិសោធដឹកនាំក្លិបនៅ Premier League ចំនួន ៣ រួចមកហើយ រួមមានក្លិប Chelsea, Manchester United និង Tottenham Hotspur៕
ប្រភព៖ KAMPUCHEATHMEY