ពានសម្ដេច ហ៊ុន សែន៖ បើជម្លោះព្រំដែនកម្ពុជា-ថៃ ស្ងប់ស្ងាត់ ការប្រកួតពូល «ង» នឹងបន្ដអំឡុងខែកញ្ញា

ក្នុងពូល«ឃ» នៃពានសម្ដេច ហ៊ុន សែន លើកទី១៩ ក្រុមបាល់ទាត់ឈើតុំ ខេត្តពោធិ៍សាត់ បានយកឈ្នះ មន្ទីរ អ.យ.ក ខេត្តកំពង់ឆ្នាំង លទ្ធផល១-០ នៅកីឡដ្ឋានខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៦ ខែសីហា ខណៈ ក្រុមបាល់ទាត់បាត់ដំបងយូណៃធីត ស្មើ ខេត្តបន្ទាយមានជ័យ លទ្ធផល៣-៣ នៅទីលានសាកលវិទ្យាល័យខេត្តបាត់ដំបង។ ដោយសារតែបញ្ហាព្រំដែនកម្ពុជា-ថៃ ការប្រកួតក្នុងពូល«ង» ដែលជាពូលមានខេត្ត នៃតំបន់ជម្លោះ ត្រូវបន្ដលើកពេល ហើយនឹងត្រូវចាប់ផ្ដើមប្រកួតនៅអំឡុងខែកញ្ញា។

ក្នុងពូល«ឃ» ក្រុមបាល់ទាត់ឈើតុំ ខេត្តពោធិ៍សាត់ ឆ្លងកាត់ ៣ប្រកួត ឈ្នះ២ និងស្មើ១ មាន៧ពិន្ទុ ឈរនៅចំណាត់ថ្នាក់លេខ១ តាមពីក្រោយ បាត់ដំបង់យូណៃធីត មាន៤ពិន្ទុ។ ចំណែកចំណាត់ថ្នាក់លេខ៣ ខេត្តបន្ទាយមានជ័យ មាន២ពិន្ទុ និងលេខ៤ មន្ទីរ អ.យ.ក ខេត្តកំពង់ឆ្នាំង មិនមានពិន្ទុ។ 

ការប្រកួតនាថ្ងៃទី២៦ សីហា សម្រាប់ពូល«ឃ» ក្រុមឈើតុំខេត្ដពោធិ៍សាត់ បានយកឈ្នះលើ ខេត្តកំពង់ឆ្នាំង ១-០ នៅកីឡដ្ឋានខេត្តកំពង់ឆ្នាំង ទន្ទឹមពេល ដែលបាត់ដំបងយូណៃធីត និងបន្ទាយមានជ័យ ចែកគ្នាម្នាក់ ១ពិន្ទុ ដោយស្មើលទ្ធផល៣-៣ នៅទីលានសាកលវិទ្យាល័យខេត្តបាត់ដំបង។

ចំណែកពូល«ង» ពូលនេះ មាន៤ក្រុម ក្លិបបាល់ទាត់ឡាយអ៊ិនឃីង សៀមរាប, ក្លិបបាល់ទាត់អាចារ្យលាក់ ខេត្តកំពង់ធំ, ក្រុមបាល់ទាត់ព្រះវិហារ ស៊ីធី និងខេត្តឧត្តរមានជ័យ។ ពូលនេះ ទើបតែឆ្លងកាត់ បាន១ប្រកួតប៉ុណ្ណោះ។ ឆ្លងកាត់ ១ប្រកួតនោះ ក្រុមតំណាងខេត្តសៀមរាប ឈរនៅលេខ១ មាន៣ពិន្ទុ ស្មើជាមួយក្រុមលេខ២ ខេត្តកំពង់ធំ ចំណែកលេខ៣ ព្រះវិហារ និងឧត្តរមានជ័យ លេខ៤ មិនមានពិន្ទុ ដូចគ្នា។ ដោយសារតែ ខេត្តព្រះវិហារ និងឧត្តរមានជ័យ ជាទីតាំងរកការឈ្លានពានពីសៀម ទើបជំរុញឲ្យអ្នករៀបចំការប្រកួតពានរង្វាន់សម្ដេច ហ៊ុន សែន លើកពេលវេលាប្រកួត ហើយនឹងចាប់ផ្ដើមដំណើរការ នៅអំឡុងខែកញ្ញា។ ដោយឡែក ការបរិចេ្ឆទប្រកួតនឹងចាប់ផ្ដើម នៅថ្ងៃទី៤ កញ្ញា បើស្ថានភាពនៅតែស្ងប់ស្ងាត់។ នៅថ្ងៃទី៤ កញ្ញា ក្រុមអាចារ្យលាក់ ខេត្តកំពង់ធំ ត្រូវស្វាគមន៍ ខេត្តឧត្តរមានជ័យ នៅកីឡដ្ឋានខេត្តកំពង់ធំ ខណៈក្រុមឡាយអ៊ិនឃីង ខេត្តសៀមរាប ទទួលក្រុមបាល់ទាត់ព្រះវិហារស៊ីធី នៅកីឡដ្ឋាន អេស អ យូ។

ចំណែកពូលផ្សេងទៀត ពូល«ក» សមាគមបាល់ទាត់ខេត្តព្រះសីហនុ ឈរនៅចំណាត់ថ្នាក់លេខ១ មាន៤ពិន្ទុ ស្មើគ្នាជាមួយលេខ២ មន្ទីរ អ.យ.ក ខេត្តកំពត។ ចំណែក សមាគមបាល់ទាត់ខេត្តកែប ក្រុមនេះ មិនមានពិន្ទុ នៅចំណាត់ថ្នាកលេខ៣។

ពូល«ខ» ក្លិបបាល់ទាត់ភ្នំពេញហ្គាឡាក់ស៊ី ឈ្នះ ៣ប្រកួត មាន៩ពិន្ទុ នៅចំណាត់ថ្នាក់លេខ១ តាមពីក្រោយដោយសមាគមកីឡាបាល់ទាត់ខេត្តកណ្ដាល មាន៤ពិន្ទុ ស្មើគ្នាជាមួយលេខ៣ មន្ទីរ អ.យ.ក ខេត្តកំពង់ស្ពឺ។ រីឯភ្នំដាមហានគរ ក្រុមតំណាងខេត្តតាកែវនេះ មាន ០ពិន្ទុ នៅចំណាត់ថ្នាក់លេខ៤។

ពូល«គ» សមាគមបាល់ទាត់ខេត្តត្បូងឃ្មុំ ឈ្នះ ៣ប្រកួតជាប់គ្នា មាន៩ពិន្ទុ នៅចំណាត់ថ្នាក់លេខ១ និងលេខ២ មន្ទីរ អ.យ.ក ខេត្តកំពង់ចាម មាន៦ពិន្ទុ។ ចំណាត់ថ្នាក់លេខ៣ ខេត្តស្វាយរៀង មាន៣ពិន្ទុ និងអន្ទីរ អ.យ.ក ខេត្តព្រៃវែង នៅចំណាត់ថ្នាក់លេខ៤ មិនមានពិន្ទុ៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top