វិសាខា និងដៃគូថ្មី គ្រោងបង្កើតពានកម្រិតយុវជន ដើម្បីជំរុញការអភិវឌ្ឍធនធានបន្ដវេន

(ភ្នំពេញ)៖ ក្លិបបាល់ទាត់ វិសាខា គ្រោងសហការជាមួយដៃគូថ្មីរបស់ខ្លួន ក្នុងការរៀបចំពានកម្រិតយុវជននាពេលខាងមុខ ដើម្បីរួមចំណែកក្នុងការជំរុញការអភិវឌ្ឍធនធានថ្នាលបន្ដវេនប្រកបដោយសក្ដានុពល សម្រាប់វិស័យកីឡាបាល់ទាត់កម្ពុជា នាថ្ងៃអនាគត។

នេះបើតាមការលើកឡើងរបស់កញ្ញា អ៊ូ បញ្ញាសុកិត្យា អគ្គនាយិកាក្លិបវិសាខា ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការរយៈពេល ១ឆ្នាំ (២០២៥-២០២៦) ជាមួយក្រុមហ៊ុនភេសជ្ជៈ Yeo’s កាលពីល្ងាចថ្ងៃទី២៩ ខែសីហាកន្លងទៅ នៅកីឡដ្ឋានព្រីនស៍។

អគ្គនាយិកាក្លិបខាងលើ បានបញ្ជាក់ថា ដោយសារឈរលើចក្ខុវិស័យដូចគ្នា កិច្ចសហការនេះ អាចនឹងបន្ដលើសពី ១ឆ្នាំ ជាមួយផែនការជាច្រើន ដែលភាគីទាំងពីរ នឹងពិភាក្សាគ្នារៀបចំនូវកម្មវិធីផ្សេងៗ ដែលលើសពីបាល់ទាត់ គួបផ្សំជាមួយការត្រៀមនាំមកនូវអ្វីដែលថ្មីសម្រាប់ផ្ដល់ភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រ ក្នុងនោះក៏មានផែនការឈានទៅរកការបង្កើតពានកម្រិតយុវជនផងដែរ។

កញ្ញាបន្ដថា ពីមុនវិសាខាមានតែយុវជន U16 និង U18 តែឥលូវក្លិបងាកមកមើលកុមារ និងក្មេងៗជំទង់ ជាក់ស្ដែងក្លិបបានបង្កើតសាលាបាល់ទាត់ ដើម្បីផ្ដល់ឱកាសដល់ពួកគេ ។ ទន្ទឹមជាមួយនឹងកិច្ចសហការជាមួយដៃគូថ្មីខាងលើ ភាគីទាំងពីរ មានទិសដៅស្របគ្នា ដូច្នេះភាគរយខ្ពស់ ដែលក្លិប និងដៃគូអាចរៀបចំពានរង្វាន់កម្រិតយុវជននាថ្ងៃអនាគត ដើម្បីផ្ដល់ឱកាសដល់កុមារ និងក្មេងៗ ដែលស្រលាញ់វិស័យកីឡានេះ បានចូលរួម និងបង្ហាញសមត្ថភាពរបស់ខ្លួន ។

ទន្ទឹមជាមួយគ្នា លោកស្រី ហេង សុទ្ធាវី អគ្គនាយិកាក្រុមហ៊ុនឯកជនខាងលើ បានសម្ដែងក្ដីរីករាយ ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់កម្ពុជា ហើយលោកស្រីសង្ឃឹមថា ភាគីទាំងពីរ នឹងអាចបន្ដភាពជាដៃគូដ៏រឹងមាំ និងយូរអង្វែងបន្ថែមទៀត ដើម្បីរួមចំណែកគាំទ្រ និងអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់ ជាមួយក្លិបវិសាខា ស្របតាមចក្ខុវិស័យរបស់ក្រុមហ៊ុន នៅក្នុងឆ្នាំ២០២៥-២៦ ដែលផ្ដោតលើការរួមចំណែកក្នុងវិស័យអប់រំ និងវិស័យកីឡាផងដែរ៕

ប្រភព៖ FRESHNEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top