(ភ្នំពេញ)៖ អត្តពលិកជាតិ-អន្ដរជាតិសរុបចំនួន ៤,២២៤នាក់ នៅព្រឹកថ្ងៃទី៣១ ខែសីហានេះ បានចូលរួមទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី១០ នៅតំបន់អង្គរ ខេត្តសៀមរាប ដែលប្រព្រឹត្តទៅ ក្រោមអធិបតីភាពលោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)។
លោកទេសរដ្ឋមន្ដ្រី ថោង ខុន បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះអត្តពលិកជាតិ-អន្ដរជាតិទាំងអស់ ដែលបានចូលរួមទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទ១០ នៅព្រឹកព្រលឹមថ្ងៃអាទិត្យនេះ ហើយលោកក៏បានសូមការអភ័យទោស ចំពោះការលើកពេលរៀបចំពីថ្ងៃទី៣ ខែសីហា មកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ នេះផងដែរ។
លោកបណ្ឌិតបន្ដថា «តាមពិតទៅ បទឈប់បាញ់ បានអនុវត្តន៍ ចាប់ពីក្រោយម៉ោង ១២យប់ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ឯថ្ងៃរត់ ម៉ារ៉ាតុង ពីមុនយើង បានកំណត់ នៅថ្ងៃទី៣ សីហា ឆ្នាំ២០២៥ ។ ប៉ុន្តែដោយមានសំណូមពរពីអត្តពលិកជាតិរបស់យើងថា យើងគួរលើកពេលទៅថ្ងៃក្រោយសិន ដោយយើងមិនទាន់អារម្មណ៍ស្ងប់ល្អនៅឡើយ ទោះបីការប្រយុទ្ធគ្នា នៅព្រំដែនទើបត្រូវបានបញ្ឈប់ ក៏ពិតមែន។ តែចំពោះអត្តពលិកអន្តរជាតិមួយចំនួន ប្រមាណជាង ៣៨០នាក់ ដោយពួកគាត់មានសំណូមពរថា ពួកគាត់ បានធ្វើការកក់សំបុត្រយន្តហោះ និងសណ្ឋាគារ នៅខេត្តសៀមរាបរួចរាល់ហើយ គណៈកម្មការរៀបចំក៏បានធ្វើការសម្របសម្រួល បច្ចេកទេស ជូនពួកគាត់ ដើម្បីបានរត់កំសាន្តក្រៅផ្លូវការនៅតំបន់អង្គរនេះកាលពីថ្ងៃ៣ ខែសីហាផងដែរ»។
ក្រឡេកមកចាប់អារម្មណ៍ទិវារត់ផ្លូវការនៅថ្ងៃទី៣១ ខែសីហានេះ លោកទេសរដ្ឋមន្ដ្រី ថោង ខុន មានប្រសាសន៍ថា គណៈកម្មការ រៀបចំទទួលបានអ្នកចូលរួមរត់ប្រណាំងសរុបចំនួន ៤,២២៤នាក់ ក្នុងនោះអត្តពលិកជាតិមានចំនួន ៣,៤៦២នាក់ និងអត្តពលិកអន្តរជាតិចំនួន ៧៦២នាក់ មកពី ៤៧ប្រទេស ដែលប្រទេសចូលរួមច្រើនជាង គេ រួមមាន៖ ចិន, ជប៉ុន, បារាំង, ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។
ប៉ុន្ដែអ្វីដែលពិសេស សម្រាប់ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី១០ ក្រៅពីរក្សានូវគោលបំណងរៀបចំ ដើម្បីចូលរួមជំរុញវិស័យទេសចរណ៍ ក៏ដូចជាជួយដល់ប្រតិបត្តិករទេសចរណ៍ កំឡុងរដូវភ្លៀង ឬរដូវបៃតង់(Green Season) ក៏ដូចជាផ្សារភ្ជាប់នឹងសកម្មភាពសប្បុរសធម៌ ជួយដល់មន្ទីរពេទ្យកុមារ គណៈកម្មការរៀបចំក៏បានផ្សារភ្ជាប់នូវប្រធានបទសំខាន់ៗមួយចំនួន ដូចជា៖ រត់ដើម្បីសន្ដិភាព សាមគ្គីភាព និងភាពសុខសាន្ដរបស់ប្រជាពលរដ្ឋ, រត់ដើម្បីគាំទ្រ និងការពារបេតិកភណ្ឌរបស់មនុស្សជាតិ និងទី៣-រត់ដើម្បីជួយឧបត្ថម្ភគាំទ្រដល់វីរកងទ័ពជួរមុខ និងជនភៀសសឹក ផងដែរ៕
ប្រភព៖ FRESHNEWS