បើកឆាករដូវកាលថ្មីទើបបាន ៣ប្រកួត ខ្សែបម្រើតម្លៃជាង ៣០លាន Cherki ត្រូវអវត្តមានពី Man City ២ខែ

(មេនឆេស្ទើ)៖ ខ្សែបម្រើ Ryan Cherki ដែលក្លិប Manchester City ទិញពី Lyon ក្នុងតម្លៃ ៣០.៤លានផោននារដូវក្តៅនេះ ត្រូវបង្ខំចិត្តខកខានប្រកួតដល់ទៅ ២ខែ ដោយសារមានរបួស។ នេះបើយោងតាមការបញ្ជាក់ពីលោក Pep Guardiola ដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC។

កីឡាករវ័យ ២២ឆ្នាំរូបនេះ ក៏រកបាន ១គ្រាប់ផងដែរក្នុងជ័យជម្នះ ៤ទល់នឹង០ របស់មេឃខៀវ City ពេលបំបាក់ម្ចាស់ផ្ទះ Wolves នៅថ្ងៃបើកឆាក Premier League 2025-26 មុនមកចាញ់ Spurs ក្នុងប្រកួតទី២។

ខ្សែបម្រើអន្តរជាតិបារាំង Cherki បានអវត្តមានពេល City បរាជ័យជាលើកទី២ ក្នុងលីគអង់គ្លេស Premier League រដូវកាលនេះ នៅក្នុងផ្ទះរបស់ Brighton ដោយលទ្ធផល ២-១ កាលពីថ្ងៃអាទិត្យ ដែលញាំងឱ្យអតីតជើងឯកលីគ ៤សម័យកាលជាប់ៗគ្នាមួយនេះ ធ្លាក់ទៅលេខរៀងទី១៣ បណ្តោះអាសន្នផងដែរ ដ្បិតទើបរកបាន ៣ពិន្ទុ ក្នុងចំណោម ៣ប្រកួតកន្លងមក។

ជាមួយគ្នានោះដែរ ខ្សែប្រយុទ្ធចំណូលថ្មី Hugo Ekitike របស់ Liverpool នឹងជំនួសកៅអីរបស់ Cherki នៃក្រុមលោក Didier Deschamps នៅជម្រើសជាតិមាន់គកបារាំងទៀត ក្នុងការប្រកួតជម្រុះ World Cup 2026 ប្រចាំតំបន់អឺរ៉ុបនាខែកញ្ញា ឆ្នាំ២០២៥ នេះ៕

ប្រភព៖ FRESHNEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top