ទះកំផ្លៀងកីឡាករចិន៖ លោក ឃឹម សុជាតិ ថាជាកាការពារខ្លួន ខណៈសហព័ន្ធគុនខ្មែរកំពុងស៊ើបអង្កេត

លោក ឃឹម សុជាតិ អាជ្ញាកណ្ដាលកីឡាប្រដាល់គុនខ្មែរ បានទះកំផ្លៀងកីឡាករចិន Qin Jin អំឡុងពេលប្រកួតជាមួយកីឡាករកម្ពុជា ឈុត សេរីវ៉ាន់ថង នៅថ្ងៃទី២៣ សីហា ឆ្នាំ២០២៥។ អាជ្ញាកណ្ដាលរូបនេះ បកស្រាយថា ការទះកំផ្លៀង ក្រោយកីឡាករចិនទះស្មាខ្លួន ជាកាការពារខ្លួន និងក្រើនរំលឹកដល់កីឡាករ ឲ្យស្ដាប់អាជ្ញាកណ្ដាល។ លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ កំពុងសិក្សាលើករណីនេះ។

កីឡាករប្រដាល់គុនខ្មែររហស្សនាម«រាហូមាស» ឈុត សេរីវ៉ាន់ថង បានប្រកួតឈ្នះកីឡាករចិន Qin Jin យ៉ាងត្រដាបត្រដួស លើប្រភេទទម្ងន់ ៦០គីឡូក្រាម ជាលក្ខណៈហ្គង់ចេញម្រាម កាលពីថ្ងៃទី២៩ សីហា ឆ្នាំ២០២៥ នៅសង្វៀនថោន។

កីឡាករទាំង ២ បានវាយសម្រុកគ្នាចុះឡើង ជាពិសេសការវាយដៃប្ដូរគ្នា។ ហ្គង់ចេញម្រាម គឺមានលក្ខណៈវាយធ្ងន់ជាងហ្គង់ ដែលការពារដៃពេញព្រោះ មិនសូវមានប៉ុងការពារច្រើន។ ការវាយប្ដូរដៃគ្នាចុះឡើង ទាំងកីឡាករចិន និងកីឡាករកម្ពុជារូបនេះ សុទ្ធតែចូលចំផ្ទៃមុខរៀងៗខ្លួន។ ត្រឹមតែទឹកទី១ ឈុត សេរីវ៉ាន់ថង មិនបានស្ទាប់ស្ទង់ដៃគូឡើយ ខណៈកីឡករ Qin Jin ក៏វាយសម្រុកមិនចាញ់ វ៉ាន់ថង ប៉ុន្មានដែរ។ ចុងទឹកទី១ Qin Jin បានវាយ កីឡាករកម្ពុជា ឲ្យទ្រុតទៅសង្វៀន ហើយត្រូវបានលោក ឃឹម សុជាតិ ដែលជាអាជ្ញាកណ្ដាល បានចូលទៅឃាត់ ប៉ុន្ដែត្រូវបានកីឡាករចិនរូបនេះ យកដៃទះស្មាអាជ្ញាកណ្ដាលមួយទំហឹង ហើយលោក ឃឹម សុជាតិ ក៏ប្រតិកម្មភ្លាមៗ ដោយទះ Qin Jin មួយកំផ្លៀង។ ប៉ុន្ដែការទះនោះ មិនធ្ងន់ឡើយ ដោយលោក ឃឹម សុជាតិ ចង់ព្រមានកីឡាករចិនរូបនេះ ឲ្យស្ដាប់អាជ្ញាកណ្ដាល។

ខណៈនៅសល់តែ២៩វិនាទី ចប់ទឹកទី១ លោក ឃឹម សុជាតិ បានយកម៉េក្រូនិយាយបកស្រាយភ្លាមៗថា នេះ គឺជាលើកទី១ ដែលកីឡាករវាយអាជ្ញាកណ្ដាល និងជាលើកទី១ ផងដែរ សម្រាប់លោក ឃឹម សុជាតិ ជួបនៅរឿងបែបនេះ។ 

«នេះ គឺជាលើកទី១ ហើយ ដែលកីឡាករវាយអាជ្ញាកណ្ដាល។ គាត់បានទះខ្នងខ្ញុំមួយទំហឹង។ ហេតុអី? ខ្ញុំ គ្រាន់តែស្រែកថាឈប់ គាត់បែជាទះខ្នងខ្ញុំ។ នេះ គឺជារឿងពិតរបស់ខ្ញុំ»។ អាជ្ញាកណ្ដាលគុនខ្មែររូបនេះ បាននិយាយដូច្នេះ។

ក្រោយចប់ការបកស្រាយរបស់លោក ឃឹម សុជាតិ ការប្រកួត ក៏បន្ដទៀត ដោយចាប់ពីវិនាទី២៩ នៃទឹកទី១។ កីឡាករទាំង២ នៅតែបន្ដការប្រកួតវាយសម្រុកចុះឡើងដូចដើម។ កីឡាករចិនរូបនេះ ហាក់បីដូចជាមានប្រៀបខ្លាំងចំពោះការវាយដៃប្ដូរចុះឡើងជាមួយ ឈុត សេរីវ៉ាន់ថង។ នៅទឹកទី២ វ៉ាន់ថង បានវាយចូលមុខ Qin Jing ច្រើនជាង ដែលធ្វើឲ្យកីឡាករចិនរូបនេះ ទន់ និងបន្ថយការសម្រុកលើ ឈុត សេរីវ៉ាន់ថង។​ 

លុះចូលដល់ទឹកទី៣ ឈុត សេរីវ៉ាន់ថង ហាក់បីដូចជាចាប់ក្បាច់វាយជាមួយ Qin Jin បានដោយព្យាយាម ប្រើជើង និងក្បាច់រាហូចាប់ច័ន្ទ។ ចប់ការប្រកួត កីឡាករកម្ពុជារូបនេះ ឈ្នះកីឡាករចិន ដោយពិន្ទុ ទាំងត្រដាបត្រដួស។

តាមច្បាប់របស់សហព័ន្ធ កីឡាករ ដែលឈានដល់ការវាយអាជ្ញាកណ្ដាល គឺត្រូវបញ្ឈប់តែម្ដង។ នេះជាការះអាងរបស់ លោក ឃឹម សុជាតិ។ លោកបន្ថែមថា៖« កម្មវិធីប្រដាល់មួយនេះ គឺត្រូវដេញគាត់ចោល ហើយលើកដៃម្ខាងទៀតឲ្យឈ្នះតែម្ដង។ ទី១ គឺគាត់អត់គោរពលក្ខខន្ដិកៈរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ។ ចំណុចទី២ គឺគាត់ហ៊ានល្មើសលក្ខខន្ដិកៈ ដូចជាដួលហាមថែម តែគាត់យើងទៅឃាត់ គាត់បែជាមកវាយអាជ្ញាកណ្ដាល។ គាត់វាយនេះ គាត់ចង់ឲ្យខ្ញុំ រាប់ទៅលើកីឡាករម្ខាង។ ប៉ុន្ដែសួរកីឡាករម្ខាងនោះ ខ្ញុំត្រូវរាប់ឬអត់? ខ្ញុំ ថាមិនត្រូវរាប់ទេ ព្រោះគាត់ងើបលឿន។ ហើយមកទឹកទី២វិញ ខ្ញុំត្រូវរាប់កីឡាករចិនដែរ ប៉ុន្ដែខ្ញុំអត់រាប់ទេ ព្រោះខ្ញុំចង់ឲ្យដាក់ ៣ទឹកនេះឲ្យដៃ បើយើងរាប់ទៅ។ ខ្ញុំចង់ដាក់ឲ្យដាច់ទៅ ទាំងសងខាងនេះ អ្នកណាក៏ដោយ បើសន្លប់ ក៏សន្លប់ទៅ។ ខ្ញុំមិនកាន់ជើងខាងណាទេ»។

លោក ឃឹម សុជាតិ បានផ្ដល់បទសម្ភាសបន្ទាប់ពីចប់ការប្រកួតនោះថា រូបលោកទះនេះ គឺគ្រាន់តែប្រើសិទ្ធិការពារខ្លួន 

«ខ្ញុំ មានសិទ្ធិការពារខ្លួនខ្ញុំ មិនមែនសហព័ន្ធចារមកមិនត្រូវធ្វើបែបនេះទេ។ អាជ្ញាកណ្ដាល ក៏គេត្រូវការមានការជួយដែរ មិនថាបរទេស ឲ្យតែមានការប្រទូស្ដរ៉ាយពីកីឡាករ គឺយើងជួយគ្នាហើយ។ ខ្ញុំ លឿនប៉ុណ្ណឹងដែរ ខ្ញុំមិចនឹងឲ្យកីឡាករ មកវាយខ្ញុំទទេៗមិច។ កន្លែងគាត់ត្រូវមួយកំផ្លៀង គាត់រៀងក្ដោបដែរ។»។ នេះ បើតាមការបញ្ជាក់ពីអាជ្ញាកណ្ដាល ឃឹម សុជាតិ។

ក្នុងករណីនេះដែរ លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗ តាមទូរសព្ទថា អាជ្ញាកណ្ដាលមិនមានសិទ្ធិក្នុងការវាយកីឡាករ ឬប្រើហឹង្សាទៅលើកីឡាករឡើយ។ ប្រធានរូបនេះ ចាត់ទុកថា លោក ឃឹម សុជាតិ បានបង្ករកំហុសមួយ ហើយសហព័ន្ធ ក៏កំពុងសិក្សាលើករណីនេះ ថាតើគួរតែដាក់ពិន័យ ឬមួយក៏លើកលែង ព្រោះជាករណីការពារខ្លួន និងមិនបានបង្កើតជាការបញ្ហាធំដុំសម្រាប់កម្មវិធីប្រកួត។

«បើតាមច្បាប់អាជ្ញាកណ្ដាលមិនមានសិទ្ធិវាយកីឡាករទេ។ នេះ ក៏ជាកំហុសរបស់គាត់មួយដែរ។ យើងកំពុងតែពិនិត្យមើលថាតើ យើងគ្រាន់តែអប់រំ ណែនាំ ហើយលើកលែងក្នុងការដាក់ពិន័យលើរូបគាត់។ យើង ឃើញស្ថានភាពកីឡាករចិននោះ គាត់បង្ករកំហុសទៅលើគាត់មុន ប៉ុន្ដែវាជាការខុស ដែលអាជ្ញាកណ្ដាល បង្ករហឹង្សាទៅលើកីឡាករ។ នៅក្នុងតួនាទីភារកិច្ចរបស់អាជ្ញាកណ្ដាល គឺមិនមានសិទ្ធិលើការប្រើហឹង្សាលើកីឡាករទេ។»។ លោក ខូវ ឆាយ បានបញ្ជាក់ប្រាប់បែបនេះ៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top