លេចមុខអ្នកគាំទ្រក្រុមកីឡាកម្ពុជាយ៉ាងសកម្មនៅឯប្រទេសវៀតណាមកន្លងទៅថ្មីៗនេះពិសេសការប្រកួតរបស់ក្រុមបាល់ទះវិសាខាក្នុងពានរង្វាន់ International Police Cup ដែលទើបបញ្ចប់ ខណៈអ្នកគាំទ្រម្នាក់នោះគឺជាលោក ណុប វ៉ាន់ថេត ដែលបានទៅសិក្សាវគ្គជំនាញនៅទីនោះរយៈពេល ៣ខែ។
អ្នកគាំទ្រដែលទូរទស្សន៍វៀតណាមបានចាប់យករូបភាពជាច្រើនដងនៅពេលក្រុមបាល់ទះវិសាខាប្រកួតពានរង្វាន់ International Police Cup នោះគឺជាក្រុមលោក ណុប វ៉ាន់ថេត ដែលគេស្គាល់ថាជាមន្ត្រីចៅក្រម អាជ្ញាកណ្ដាល នៃសហព័ន្ធប្រដាល់គុនខ្មែរ-សហព័ន្ធប្រដាល់សកល។
លោក ណុប វ៉ាន់ថេត បានឲ្យដឹងថា នៅពេលនេះលោកកំពុងនៅឯប្រទេសវៀតណានៅឡើយទេ។ លោកទៅវៀតណាមនោះគឺរយៈពេល ៣ខែចាប់ពីខែកក្កដាមកម្ល៉េះក្នុងនាមជាមន្ត្រីកងរាជអាវុធហត្ថ ខេត្តកណ្ដាល ដែលត្រូវសិក្សាជំនាញពិសេសនៅទីនោះ។ ចៃដន្យអំឡុងពេលសិក្សាកន្លងទៅនេះគឺមានក្រុមកីឡាកម្ពុជាទៅប្រកួតនៅទីក្រុមហូជីមិញផងនោះដូចជាក្រុមប្រដាល់គុនខ្មែរមាន គោរមៈ ច័ន្ទរាជ្យ រិន សារ័ត្ន ឡុង ឡា ក៏រូបលោកទៅគាំទ្រផ្ទាល់ដល់សង្វៀនដែរ។
ចំណែកការប្រកួតបាល់ទះពានរង្វាន់ប៉ូលិសវៀតណាមដែលមានវិសាខាតំណាងឲ្យកម្ពុជានោះក៏លោក រួមទាំងសិក្ខាកាមកម្ពុជាជិត ១០០នាក់បានទៅទស្សនា និងលើកទឹកចិត្តដល់កន្លែងប្រកួតផងដែរ។
លោក ណុប វ៉ាន់ថេត បន្ថែមទៀតថា បើទោះជាត្រូវជិះឡានមកឆ្ងាយ និងចំណាយថវិកាមួយចំនួនក្ដីក៏មិនខ្ចិល ឬស្ដាយថវិកានោះដែរគឺចង់មកលើកទឹកចិត្តដល់ក្រុមកម្ពុជាឲ្យប្រកួតកាន់តែល្អ និងមានកម្លាំងចិត្តខ្លាំងជាងមុនទៅទៀត។ ក្រុមកីឡាករកម្ពុជាមានចិត្តរីករាយនៅពេលដែលឃើញមានខ្មែរទៅគាំទ្រដល់កន្លែងប្រកួតបែបនេះជាហេតុធ្វើឲ្យលោកក៏មានចិត្តសប្បាយរីករាយដូចគ្នាដែរ។
បញ្ជាក់ដែរថា ការប្រកួតបាល់ទះពានរង្វាន់ International Police Cup ដែលមានក្រុមវិសាខាបានចូលរួមប្រកួតនៅឯទីក្រុងហូជីមិញ វៀតណាម កន្លងទៅនេះគឺឃើញមានក្រុមអ្នកគាំទ្ររបស់កម្ពុជាជាច្រើនទៅទស្សនាផ្ទាល់ និងបានរាំលើកទង់ជាតិបង្ហាញការគាំទ្រយ៉ាងសកម្ម។ កាំមេរ៉ាថតអំឡុងពេលប្រកួតនោះក៏បានចាប់មុខអ្នកគាំទ្រកម្ពុជាជាច្រើនលើកពិសេសនៅពេលបាល់កម្ពុជាស៊ីម្ដងៗ៕
ប្រភព៖ KAMPUCHEATHMEY



