លោក ថោង ខុន ថា អត្តពលិក ជឿ​ជាក់ ​គាំទ្រចំណាត់​ការ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា

ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងអន្តរជាតិ ចក្រភពអង្គរ លើកទី១០ បានប្រព្រឹត្តទៅដោយរលូនកាលពីថ្ងៃអាទិត្យ ទី៣១ ខែសីហា ឆ្នាំ ២០២៥ នៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដែលមានអ្នកចូលរួមជាតិ និងអន្តរជាតិជាង ៤០០០នាក់។

លោកទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានលើកឡើងថា ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងអន្តរជាតិ ចក្រភពអង្គរ លើកទី១០ បានដំណើការទៅដោយរលូន និងជោគជ័យ ដោយសារប្រទេសជាតិមានសុខសន្តិភាព។

លោក​មាន​ប្រសាសន៍​ថា ៖«​អារម្មណ៍​​​ស្ងប់​​ហើយ​ តែ​​នៅ​មិន​ទាន់​សុខ​ស្រួល​ទេ ដោយសារ​បញ្ហា​ជា​ច្រើន​ត្រូវ​ដោះ​ស្រាយ​បន្ត​ទៀត ប៉ុន្តែ​ប្រជា​ពល​រដ្ឋ បង​ប្អូន​អត្តពលិក​ជឿ​ជាក់​​រដ្ឋាភិបាល។ គាំទ្រ​ចំណាត់​ការ​របស់​រដ្ឋាភិបាល។ អ្វី​ៗ​​​​កំពុង​ត្រូវ​បាន​​ដោះ​ស្រាយ​ជា​បណ្តើរៗ​ដែល​គោរព​ទៅ​តាម​ច្បាប់​អន្តរជាតិ។ ចំណុច​នេះសំខាន់​ណាស់ ខ្ញុំ​សូម​គោរព​អរគុណចំពោះ​ស្មារតី​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​អស់​»។

លោក ថោង ខុន បាន​បន្ត​ថា ៖«កម្ពុជា​ទាំង​មូល​មាន​សុខសន្តិភាព ជា​ពិសេស​នៅ​តំបន់​ដែល​យើង​រត់​គឺ​មាន​សុវត្ថិភាព​ពេញ​លេញ ដូច្នេះ​យើង​ឃើញ​ថា អត្តពលិក​ជាតិ​ក៏​កើន អត្តពលិក​អន្តរជាតិ​ក៏​កើន។ អ្វី​ដែល​​មាន​មោទនភាព​ដោយសារ​វិញ្ញាសា​ចម្ងាយ ៤២​គីឡូម៉ែត្រ មាន​អត្តពលិក​ជាង ៥០០​នាក់ ក្នុង​នោះ​មាន​​ខ្មែរ​ ៣៧០​នាក់។ ចម្ងាយ​៤២​គីឡូម៉ែត្រពិបាក​រត់​ណាស់ តែ​យើង​ឃើញ​លទ្ធផល​ហើយ​គឺ​កីឡាករ​ខ្មែរ​​យក​បាន​ទាំង​លេខ​១ លេខ​២ និង​លេខ​៣។ ការ​ចូល​រួម​សកម្មភាព​ក្នុង​វិស័យ​កីឡា​​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ល្អ។ នេះ​ដោយសារការ​ដឹក​នាំ​របស់​រាជរដ្ឋាភិបាល។ អ្វី​ដែល​សំខាន់​គឺ​​ប្រទេស​យើង​មាន​សុខ​សន្តិភាព។ បញ្ហា​នៅ​ព្រំ​ដែន​ប៉ះ​ពាល់​សតិ​អារម្មណ៍​របស់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ច្រើន ប៉ុន្តែ​យើង​ជឿ​ជាក់​លើ​ការដឹក​នាំរបស់​​ថ្នាក់​ដឹក​នាំ»។

តាម​ផែន​ការគ្រោង​ទុក ព្រឹត្តិការណ៍​រត់​ម៉ារ៉ាតុង​អន្តរជាតិចក្រភព​ខ្មែរ​អង្គរ លើក​ទី​១០ ត្រូវ​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ ទី​៣ ខែ​សីហា ប៉ុន្តែ​ដោយសារ​មាន​ជម្លោះ​ដែន​ខ្មែរ-ថៃ ទើប​ត្រូវ​បាន​លើក​ពេល​មក​នៅ​ថ្ងៃ​ទី​៣១​ ខែ​សីហា ឆ្នាំ ២០២៥។ ទោះ​បី​ជា​យ៉ាង​ណា កីឡាករ កីឡាការិនី​បរទេស​ដែល​បាន​ចុះ​ឈ្មោះ​​ជាង​៣០០​នាក់ នៅ​តែ​បាន​​ធ្វើ​ដំណើរ​មក​កម្ពុជា​កាល​ពី​ដើម​ខែ​សីហា បើ​ទោះ​បី​ជា​កម្មវិធី​ត្រូវ​បាន​លើក​ពេល។

លោក ថោង ខុន បាន​បញ្ជាក់​ថា កីឡាករ កីឡាការិនី​អន្តរជាតិ​មួយ​ចំនួន​​បាន​ធ្វើ​ដំណើរ​មក​កម្ពុជា ដោយសារ​ពួក​គាត់​កក់​សំបុត្រ​យន្តហោះ​ និង​សណ្ឋាគារ​រួច​ហើយ ​បើ​ទោះ​បី​ជា​លើក​ពេល​ក៏​ដោយ។ ពួក​គាត់​មក​ទស្សនា​ប្រាសាទអង្គរ។ ​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​ ក្រុម​ការងារ​ក៏​បាន​រៀបចំ​ឲ្យ​​ពួក​គាត់​បាន​រត់​កម្សាន្ត​ក្រៅ​ផ្លូវ​ការ​ចំនួន ៣៨០​នាក់​នៅ​ខេត្ត​សៀមរាប។ ចាប់​តាំង​ពី​ពេល​នោះ​មកគឺ​រយៈ​ពេល​ជិត​​មួយ​ខែ​ហើយ​ដែល​បាន​ពន្យារ​ពេល ប៉ុន្តែ​​​​នៅ​តែ​នាំ​​មនុស្ស​ច្រើន​មក​ចូល​រួម​​រត់​ម៉ារ៉ាតុង​អន្តរជាតិ​ចក្រភព​អង្គរ លើក​ទី​១០ នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០២៥។

ទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ចក្រភពអង្គរ ​នេះ​រៀប​ចំ​ឡើង​​ដើម្បី​ទី១. រត់ដើម្បីសន្ដិភាព សាមគ្គីភាព និងភាពសុខសាន្ដរបស់ប្រជាពលរដ្ឋ ទី២-រត់ដើម្បីគាំទ្រ និងការពារបេតិកភណ្ឌរបស់មនុស្សជាតិ និងទី៣-រត់ដើម្បីជួយឧបត្ថម្ភគាំទ្រដល់វីរកងទ័ពជួរមុខ និងជនភៀសសឹក។ អ្នកចូលរួម​ចំនួន ៤២២៤ នាក់ ក្នុងនោះអត្តពលិកជាតិមានចំនួន ៣៤៦២នាក់ និងអត្តពលិកអន្តរជាតិ ចំនួន ៧៦២នាក់ មកពី ៤៧ប្រទេស លើ​​​វិញ្ញាសា​ចម្ងាយ ៤២គីឡូម៉ែត្រ, ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ និង ៣គីឡូម៉ែត្រ៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top