អតីត​យុវជន​បឹងកេត មឿនលីម​ សុបញ្ញា ក្លាយ​ជា​កីឡាករ​ជឺជីតស៊ូ​ដ៏​ឆ្នើម

កីឡាករ មឿនលីម សុបញ្ញា មានបំណងក្លាយជាកីឡាករបាល់ទាត់អាជីព ប៉ុន្តែចុងក្រោយបានក្លាយជាកីឡាករជឺជីតស៊ូតជម្រើសជាតិកម្ពុជាដ៏ជោគជ័យលើឆាកអន្តរជាតិ។

ពីក្មេងស្រឡាញ់បាល់ទាត់ ដល់ធំក្លាយជាកីឡាករជឺជីតស៊ូ

សុបញ្ញា បានរៀបរាបថា ខ្លួនមានកំណើតនៅរាជធានីភ្នំពេញ ប៉ុន្តែឪពុកម្តាយជាអ្នកខេត្តកំពង់ចាម។ កាលពីតូច រូបគេចូលចិត្តបាល់ទាត់ទាំងមើលតាមទូរទស្សន៍ ទៅមើលផ្ទាល់នៅពហុកីឡដ្ឋានជាតិអូឡាំពិក និងលេងបាល់ទាត់។ ចំណង់ចំណូលចិត្តលើបាល់ទាត់បានបើកផ្លូវឲ្យខ្លួនទទួលបានឱកាសហ្វឹកហាត់ត្រឹមត្រូវនៅក្នុងក្រុមយុវជនអាយុ១៥ឆ្នាំរបស់ក្លិបបឹងកេត។

កីឡាករ​បាន​ប្រាប់​ថា ៖«​កាល​ពី​ក្មេង​ ខ្ញុំ​​ហាត់​បាល់ទាត់ រហូត​បាន​ជាប់​ក្រុម​យុវជន​បឹងកេត អាយុ ១៥​ឆ្នាំ។ នៅ​ពេល​នោះ ប៉ា​​របស់​ខ្លួន​មិន​សូវ​ពេញ​ចិត្ត​​កីឡា​​បាល់ទាត់​ទេ ដោយសារ​​​កីឡា​នេះ​ហានិភ័យ​ខ្ពស់ ​គាត់​ឲ្យ​ខ្ញុំ​ឈប់​ពី​បាល់ទាត់។ ខ្ញុំ​ស្រឡាញ់​​បាល់ទាត់​ណាស់។ ខ្ញុំ​ចូល​ចិត្ត​លេង ហើយ​មើល​តាម​ទូរទស្សន៍​រហូត។ ពេល​ខ្ញុំ​បាន​ចូល​ហ្វឹក​ហាត់​នៅ​ក្រុម​យុវជន​បឹងកេត គេ​សរសើរ​ខ្ញុំ​ថា មាន​បច្ចេកទេស​ល្អ​ ធ្វើ​ឲ្យ​ខ្ញុំ​កាន់​តែ​មាន​ទឹក​ចិត្ត​ប្រឹង​ប្រែង តែ​ប៉ា​របស់​ខ្ញុំ​អត់​ចង់​​ឲ្យ​ចាប់​អាជីព​បាល់ទាត់។ គាត់​ឲ្យ​ខ្ញុំ​បោះ​បង់​ចោល​បាល់ទាត់ ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ចិត្ត សោក​ស្តាយ​យ៉ាង​ខ្លាំង»។

ទោះ​បី​ជា​ដើរ​ចេញ​ពី​កីឡា​បាល់ទាត់ ក៏​យុវជន​រូប​នេះ​មិន​ឃ្លាត​ទៅ​ណា​ឆ្ងាយ​ពី​កីឡា​ឡើយ។ នៅ​ដើម​ឆ្នាំ ២០២២ មឿនលីម​ សុបញ្ញា ​បាន​ចាប់​អារម្មណ៍​នឹង​កីឡា​ជឺជីតស៊ូ។ កីឡាករ​បាន​ប្រាប់​ថា ពេល​ខ្លួន​មើល​ការ​ប្រកួត​កីឡា​គុន​ចម្រុះ រូប​គេ​បាន​ចាប់​អារម្មណ៍​ពី​ក្បាច់​ប្លែក​ៗ​ដូច​ជា​ក្បាច់​ឃ្លេ ចំបាប់ និង​ជឺជីតស៊ូ​ជា​ដើម។ ពេល​នោះ រូប​គេ​​ស្គាល់​ក្លិប​ជឺជីតស៊ូមួយ​ឈ្មោះ «គិរី»​ ហើយ​​ក៏​បាន​​ទៅសុំ​​ហ្វឹក​ហាត់។

សុបញ្ញា បាន​បន្ត​រៀប​រាប់​ថា ៖«ពេល​ខ្ញុំ​​​ហាត់​​កីឡា​ជឺជីតស៊ូ​​ដំបូង គឺ​ពិបាក​ដែរ​​​ ពី​ព្រោះ​កីឡា​នេះ​មាន​ក្បាច់ បច្ចេកទេស​​ច្រើន ខុស​ប្លែក​ពី​កីឡា​បាល់ទាត់។ បញ្ហា​លំបាក​ជាង​គេ​គឺ​ខ្ញុំ​បាន​​ហាត់​កីឡា​បាល់ទាត់​តាំង​ពី​​តូច ដល់​មក​ហាត់​កីឡា​ជឺជីតស៊ូ​​គឺ​ប្លែក»។ ការ​ហ្វឹក​ហាត់​កីឡា​ជឺជីតស៊ូ​ពី​ដំបូង​ៗ​មិន​បាន​ប្រាប់​ឪពុក​ម្តាយ​ឲ្យ​ដឹង​ឡើយ​ ដោយសារ​ពួក​គាត់​មិន​ចង់​ឲ្យ​ចាប់​អាជីព​កីឡា។ ​ទាល់​តែ​រូប​គេ​ចូល​រួម​ប្រកួត​កីឡា​ជឺជីតស៊ូ​ថ្នាក់​ជាតិ ចុង​ឆ្នាំ ២០២២ ទើប​ទទួល​បាន​ការគាំទ្រលើក​ទឹក​ចិត្ត​ពី​ឪពុក បន្ទាប់​ពី​រូប​គេ​បាន​ឈ្នះ​មេដាយ​ប្រាក់​ថ្នាក់​ជាតិ។

កីឡាករ​បាន​និយាយ​ថា ៖«​ប៉ា​របស់​ខ្ញុំ​ឲ្យ​រៀន​ គណនេយ្យ និង​ហិរញ្ញវត្ថុ ពី​ព្រោះ​គាត់​ធ្វើ​ការងារ​ផ្នែក​នេះ។ គាត់​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​ការ​ផ្នែក​នេះ​ដែរ។ គាត់​អត់​ចង់​ឲ្យ​ចាប់​អាជីព​កីឡា​ទេ»។

កីឡាករ មឿនលីម សុបញ្ញា ត្រូវ​បាន​កោះ​ហៅ​ចូល​ជម្រើស​ជាតិ​ជឺជីតស៊ូ​កម្ពុជា និង​ទទួល​បាន​ឱកាស​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ជា​ច្រើន​លើក ក្រោយ​ហ្វឹក​ហាត់​ និង​បាន​ចូល​រួម​ប្រកួត​ថ្នាក់​ជាតិ។ រូប​គេ​មិន​បាន​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម ឆ្នាំ ២០២៣ ដែល​ប្រទេស​កម្ពុជា ធ្វើ​ជា​ម្ចាស់​ផ្ទះ​លើក​ដំបូង​ទេ។ ទោះ​បី​ជា​យ៉ាង​ណា ចាប់​ពី​ឆ្នាំ ២០២៣ រហូត​ដល់​ឆ្នាំ ២០២៥ រូប​គេ​បាន​ចេញ​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ជា​ច្រើន​ទាំង​កម្រិត​អាស៊ាន អាស៊ី និង​តំបន់។ ជាក់​ស្តែង​ កីឡា​ទ្វីប​អាស៊ី Asian Games ឆ្នាំ ២០២៣ នៅ​ប្រទេស​ចិន។ ការ​ប្រកួត​កីឡា​ជឺជីតស៊ូជើង​ឯក​អាស៊ាន ការប្រកួត​កីឡាជឺជីតស៊ូ​ជើង​ឯក​អាស៊ី​ថ្នាក់​តំបន់ ​ឆ្នាំ ២០២៤ និង ២០២៥។

កាល​ពី​​ដើម ឆ្នាំ ២០២៥ មឿនលីម សុបញ្ញា បាន​ចេញ​ទៅ​ហ្វឹក​ហាត់​នៅ​សហរដ្ឋ​អាមេរិក​រយៈ​ពេល ៣ ខែ​។ នៅ​ទី​នោះ រូប​គេ​ក៏​បាន​ចូល​រួម​ប្រកួត​ក្នុង​កម្មវិធី​មួយ​ចំនួន​ដោយ​បាន​ឈ្នះ​មេដាយ​មាស​​ ២​​គ្រឿង​ ថែម​ទៀត​ផង។

គិត​ត្រឹម​ខែ​​កក្កដា​ ឆ្នាំ ២០២៥ កីឡាករ មឿនលីម សុបញ្ញា បាន​ឈ្នះ​មេដាយ​​​អន្តរជាតិ​​មិន​ក្រោម ២០ គ្រឿង​ឡើយ​ ទាំង​ការ​ប្រកួត​តំណាង​ឲ្យ​ក្លិប និង​តំណាង​ជាតិ​។ ​នៅ​ឆ្នាំ ២០២៥ រូប​គេ​បានឈ្នះ​មេដាយ​មាស ៤ និង​ប្រាក់​ ២ ​ពី​​ព្រឹត្តិការណ៍​អន្តរជាតិ​ផ្សេង​ដូច​ជា​ SEA Ju-Jitsu Championship, Asian Ju-Jitsu Championship និង​ការ​ប្រកួត​នៅ​សហរដ្ឋ​អាមេរិក Nationals Jiu-Jitsu Open។

​​ឆ្នាំ ២០២៤ រូប​គេ​បាន​ឈ្នះ​មេដាយ​មាស ៨​ ប្រាក់ ១​ និង​សំរិទ្ធ​ ១ ពី​ព្រឹត្តិការណ៍​អន្តរជាតិ​​នានា​ដូច​ជា​ ASIAN Regional Championship Southeast Asia, AFG OPEN International និង Ju-Jitsu Thailand Championship ព្រម​ទាំង​​ព្រឹត្តិការណ៍​អន្តរជាតិ​មួយ​ចំនួន​ទៀត​ដែល​​រូប​គេ​ចាំ​មិន​អស់។

កីឡាករ​បាន​លើក​ឡើង​ថា ៖«គោល​ដៅ​សំខាន់​របស់​ខ្ញុំ​គឺ​ចង់​ឈ្នះ​មេដាយ​មាស​ក្នុង​ព្រឹត្តិការណ៍​ធំ​ផ្លូវ​ការ​​គឺ​កីឡា​ស៊ីហ្គេម កីឡា​ទ្វីប​អាស៊ី និង​មេដាយ​មាស​ពិភព​លោក​ជូន​ជាតិ»។

កីឡា​​ផ្តល់​ឲ្យ​ស្មារតី​រឹង​មាំ

កាល​ពីកុមារភាព មឿនលីម សុបញ្ញា មិន​សូវ​មែន​ចេះ​និយាយ​ច្រើន ឬ​ប្រាស្រ័យ​ទំនាក់​ល្អ​ជា​មួយ​​អ្នក​ដទៃ​​ឡើយ​ ប៉ុន្តែ​ការ​​ចាប់​អាជីព​កីឡា​បាន​ផ្តល់​ឲ្យ​រូប​គេ​មាន​សុខភាព​ល្អ​ ស្មារតី​ល្អ និងទំនាក់​ទំនង​ល្អ​ជា​មួយ​អ្នក​ដទៃ។

កីឡាករ​បានលើក​ឡើង​ថា ៖«បច្ចុប្បន្ន​ ​​ខ្ញុំ​ជឿ​ជាក់​លើ​ខ្លួន​ឯង និង​ចេះ​គោរព​មនុស្ស​ជុំ​វិញ​ខ្លួន​​ល្អ។ កាល​ពី​មុន ខ្ញុំ​អៀន​ច្រើន មិន​​ចង់​និយាយ ខ្លាច ខ្មាស​អៀន​ពេល​និយាយ​ជា​មួយ​ដទៃ»។

សព្វ​ថ្ងៃ កីឡាករ មឿនលីម​ សុបញ្ញា ជា​និស្សិត​ជំនាញ«គណនេយ្យ និងហិរញ្ញវត្ថុ»​នៅ​សាលា CamEd ក្នុង​រាជ​ធានី​ភ្នំពេញ។ កីឡាករ​សូម​អរគុណ​ដល់​អ្នក​មាន​គុណ និង​ក្រុ​ម​គ្រួសារ​ដែល​ជួយ​ទំនុក​បម្រុង​ គាំទ្រ និង​លើក​ទឹក​ចិត្ត​រូប​គេ​។ ជា​មួយ​គ្នា​នេះ រូប​គេ​ក៏​សូម​អរគុណ​ដល់លោកគ្រូ​ Jasper Paas និង​គ្រូ​នៅ​សាលា​​​ដែល​បាន​ឧបត្ថម្ភ​លើក​ទឹក​ចិត្ត ព្រម​ទាំង​ថវិកា​សម្រាប់​ការ​ហ្វឹក​ហាត់រហូត​មក​៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top