កំពូលខ្សែប្រយុទ្ធ Lionel Messi ទំនងបង្ហាញខ្លួនលើកចុងក្រោយជាមួយនឹងក្រុមជម្រើសជាតិអាហ្សង់ទីន ក្នុងការប្រកួតវគ្គជម្រុះ FIFA World Cup 2026 ទ្វីបអាម៉េរិកខាងត្បូង (CONMEBOL) ទល់វ៉េណេស៊ុយអេឡា នៅថ្ងៃទី៥ ខែកញ្ញា។
ម្ចាស់ការពារតំណែងជើងឯក អាហ្សង់ទីនដែលបានកក់កៅអីស្វ័យប្រវត្តិ ទៅកាន់ប្រទេសអាម៉េរិក កាណាដា និងម៉ិកស៊ិក រួចហើយ សល់ពីរប្រកួតចុងក្រោយក្នុងវគ្គជម្រុះ។ ប្រធានក្រុមអាហ្សង់ទីន កីឡាករវ័យ ៣៨ឆ្នាំ មានភារកិច្ចដឹកនាំក្រុម ត្រៀមការប្រកួតទល់នឹងក្រុមវ៉េណេស៊ុយអេឡា ស្ថិតក្នុងកីឡដ្ឋាន Monumental នៅទីក្រុង Buenos Aires មុនបន្តទៅជួបអាក្វាទ័រនៅជំនួបចុងក្រោយ នៅថ្ងៃទី៩ ខែកញ្ញា។
ជំនួបទល់នឹងវ៉េណេស៊ុយអេឡា កំពុងផ្ទុះការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រផងដែរ។ ការប្រកួតនោះត្រូវបានគេ ចាត់ទុកថារឿងដ៏ពិសេសមួយសម្រាប់អ្នកគាំទ្រអាហ្សង់ទីន ស្របពេលក្រុមគ្រួសាររបស់ Messi រួមមានឪពុកម្តាយ បងប្អូនប្រពន្ធ និងកូនរបស់គេ នឹងចូលរួមទស្សនាការប្រកួតនោះ។
អតីតខ្សែប្រយុទ្ធក្រុម Barcelona ក៏បានចាត់ទុកការប្រកួតលើទឹកដីអាហ្សង់ទីន វគ្គជម្រុះ World Cup 2026 នឹងជាប្រកួតដ៏ពិសេស និងទំនងជាការបង្ហាញខ្លួនចុងក្រោយរបស់គេសម្រាប់ក្រុមជម្រើសជាតិផង។
«ការប្រកួតទល់នឹងវ៉េណេស៊ុយអេឡានឹងក្លាយជារឿងពិសេសបំផុតសម្រាប់ខ្ញុំ ព្រោះវានឹងក្លាយជាការប្រកួតវគ្គជម្រុះចុងក្រោយរបស់ខ្ញុំ។ ខ្ញុំមិនបានដឹងទៀតឡើយ ថាតើនឹងមានការប្រកួតមិត្តភាព ឬក៏ប្រកួតអ្វីផ្សេងទៀតនៅឡើយ។»។ នេះបើតាមសម្តីរបស់កីឡាករម្ចាស់ពានរង្វាន់ Ballon d’Or ៨សម័យ កាលពីសប្តាហ៍មុន។
យ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ FIFA World Cup 2026 ស្ថិតនៅទឹកដីអាម៉េរិក កាណាដា និងម៉ិកស៊ិក ក៏នឹងអាចក្លាយជាការបង្ហាញខ្លួនលើកចុងក្រោយសម្រាប់ Messi បន្ទាប់ពីជួយអាហ្សង់ទីន ឈ្នះ World Cup ឆ្នាំ ២០២២។
ចំណែកលោក Lionel Scaloni គ្រូបង្វឹកក្រុមជម្រើសជាតិ ក៏ចាត់ទុកការប្រកួតវគ្គជម្រុះ ២លើកចុងក្រោយ ពិសេសការប្រកួតក្នុងទឹកដីកំណើត នឹងជាព្រឹត្តិការណ៍ដ៏ពិសេសបំផុត សម្រាប់ខ្សែប្រយុទ្ធក្លិប Inter Miami។ គ្រូបង្វឹកជម្រើសជាតិអាហ្សង់ទីន លើកឡើងដូច្នេះ៖«វានឹងជាការប្រកួតមួយទាក់ទាញអារម្មណ៍ខ្លាំង ពិសេស និងស្រស់ស្អាតមួយ។ ប្រសិនវាជាការប្រកួតជម្រុះចុងក្រោយសម្រាប់គេមែននោះ យើងត្រូវតែរីករាយជាមួយរឿងនេះ។»។
អាហ្សង់ទីន ជាក្រុមកំពូលតារាង វគ្គជម្រុះ World Cup 2026 ទ្វីបអាម៉េរិកខាងត្បូង ដោយរកបាន ៣៥ពិន្ទុ ពីការប្រកួត ១៦លើក។ អេក្វាទ័រ និងប្រេស៊ីល ជាក្រុមបានកក់កៅអី បន្ទាប់ពីអាហ្សង់ទីន ដោយក្រុមទាំងពី នេះ រកបាន ២៥ពិន្ទុ ដូចគ្នា។
អ៊ុយរូហ្គាយ និងប៉ារ៉ាហ្គាយ បច្ចុប្បន្នមាន ២៤ពិន្ទុ កំពុងបន្តប្រជែងដើម្បីអាចដណ្តើមបានកៅអីស្វ័យប្រវត្តិទៅ World Cup នៅអាម៉េរិក កាណាដា និងម៉ិកស៊ិក។ កូឡុំប៊ី ឈរលេខ ៦ មាន ២២ពិន្ទុ ស្របពេល វ៉េណេស៊ុយអេឡា នៅលេខ ៧ មាន ១៨ពិន្ទុ ហើយសល់ឱកាសប្រជែងកៅអី ដើម្បីបង្ហាញខ្លួនលើកដំបូងរបស់ពួកគេនៅ World Cup 2026។ ក្នុងចំណោម១០ក្រុមពីអាម៉េរិកឡាទីន ក្រុមចំនួន៦កំពូលតារាង បានកៅអីស្វ័យប្រវត្តិ ស្របពេលលេខ៧ បានកៅអី play-off និង៣ក្រុមបាតតារាងហាលអាវ។
អាហ្សង់ទីន នឹងតទល់វ៉េណេស៊ុយអេឡា នៅថ្ងៃទី៥ កញ្ញា ស្ថិតក្នុងទីក្រុង Buenos Aires មុនពេលបន្តទៅជួបអេក្វាទ័រ នៅថ្ងៃទី៩ កញ្ញា។ ថ្ងៃទី៥ កញ្ញា អេក្វាទ័រ ត្រៀម តទល់ប៉ារ៉ាហ្គាយ។ ចំណែក អ៊ុយរូហ្គាយ តទល់ប៉េរូ, កូឡុំប៊ី ស្វាគមន៍បូលីវី ហើយប្រេស៊ីល ប៉ះស៊ីលី ដែលអស់ឱកាសទៅហើយ៕
ប្រភព៖ THMEYTHMEY